កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-19-2016, 5:43 pm         370

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​​ស្រប​ពេលដែល​កម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​មិនទាន់​ថមថយ កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​ដោយ​បាញ់​គ្រាប់​ពិត នៅក្បែរ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ទាំងពីរ​។ សមយុទ្ធ​នេះ ត្រូវគេ​មើលឃើញថា ជាការ​បង្ហាញ​កម្លាំងរ​បស់​ក្រុង​សេ​អ៊ូ​ល ដើម្បី​តបត​នឹង​សកម្មភាព​បង្កហេតុ​ម្ដង​ជា​ពីរដង​របស​ក្រុង​ព្យុងយ៉ាង​។​

​ទាហាន​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃទី​១៨ ខែសីហា ថា ខ្លួន​បានធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​មិន​ធ្លាប់មាន​នៅក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង ក្នុង​គោលដៅ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ប្រឆាំងនឹង​សកម្មភាព​ព្រហើន​ណាមួយ​នៅពេល​ខាងមុខ​។ សមយុទ្ធ​ដែល​បាញ់​គ្រាប់​ពិត​នេះ ធ្វើឡើង មុន​ខួប​មួយឆ្នាំ​នៃ​ហេតុការណ៍​បាញ់កាំភ្លើង​ធំ​ទៅវិញទៅមក​រវាង​កូរ៉េ​ទាំងពីរ កាលពី​ឆ្នាំមុន​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បញ្ជាក់ថា កាំភ្លើង​ធំ​ជាង​៣០០​គ្រឿង មកពី​កងពល​ចំនួន​៤៩ បាន​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​។ ជាមួយគ្នានេះ កាំភ្លើង​ធំ​ធុន K-9 និង​K-55 ក៏បាន​ចូលរួម​ក្នុង​ការបាញ់​នេះដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ក្នុងពេល​សមយុទ្ធ​ខាងលើ មាន​យាន​អាកាស​ហោះ​លើ​អាកាស ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​កម្ទេច​រប​ស់កាំ​ភ្លើង​ធំ​ភ្លាមៗ​លើ​ទីតាំង​សត្រូវ ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ទាហាន​នៅ​ខាងក្រោម ធ្វើការ​វាយតម្លៃថា បន្ត​វាយប្រហារ​ដើម្បី​កម្ទេច​សមត្ថភាព​វាយបក​របស់​សត្រូវ ឬ​យ៉ាងណា​។ ការធ្វើ​ដូចនេះ គឺ​ដើម្បី​ប្រាកដថា មូលដ្ឋាន​ទាំងឡាយ​របស់​សត្រូវ ត្រូវបាន​កម្ទេច និង​មិនអាច​តបត​បានទេ​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Yonhap វរសេនីយ៍ Lee Bang-hyung ទទួលបន្ទុក​កងពល​កាំភ្លើង​ធំ​របស់​កូរ៉េខាងត្បូង និយាយថា​៖ «​ប្រសិនបើ​កូរ៉េខាងជើង​បង្កហេតុ​ម្ដងទៀត យើង​នឹង​វាយបក​ខ្លាំង ដែល​កូរ៉េខាងជើង​មិនអាច​ងើបមុខ​បាន​។​»    

​សូម​រម្លឹកថា កាលពី​ខែសីហា ឆ្នាំ​២០១៥ កូរ៉េ​ទាំង​ពីរបាន​បាញ់កាំភ្លើង​ធំ​ដាក់គ្នា​ទៅវិញទៅមក នៅក្រោយ​ការបាញ់​របស់​កងកម្លាំង​ភ្លើង​ធំ​កូរ៉េខាងជើង មកលើ​តំបន់​គ្មាន​កងទ័ព ដែល​បែងចែក​កូរ៉េ​ទាំងពីរ​។ មូលហេតុ​នាំ​ដល់​ការបាញ់​ដាក់គ្នា​នេះ គឺ​ដោយសារតែ​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង ដែល​វាយប្រហារ​ដោយ​គ្រាប់មីន និង​បណ្ដាល​ឲ្យ​ទាហាន​កូរ៉េខាងត្បូង​ពីរ​នាក់​របួស​។

​ឆ្លើយតប​នឹង​ការវាយប្រហារ​គ្រាប់មីន កូរ៉េខាងត្បូង​ក៏បាន​ដំឡើង​ប្រព័ន្ធ​ឧ​គ្ឃោ​សន​សព្ទ​ដាក់​កូរ៉េខាងជើង ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹង​យ៉ាងខ្លាំង ដែល​នាំ​ដល់​ការបាញ់​កាំភ្លើង​ធំ​ដាក់គ្នា​ទៀតផង​។ យ៉ាងណាក្ដី កូរ៉េ​ខាង​ទាំងពីរ បាន​យល់ព្រម​កាត់បន្ថយ​ភាព​តានតឹង បន្ទាប់ពី​កូរ៉េខាងត្បូង សន្យា​បញ្ឈប់​យុទ្ធនា​ការដំឡើង​ប្រព័ន្ធ​សំឡេង ហើយ​ត្រលប់​មកវិញ កូរ៉េខាងជើង សុខចិត្ត​បង្ហាញ​ការសោកស្ដាយ​របស់ខ្លួន ជុំវិញ​ការវាយប្រហារ​គ្រាប់មីន​៕