ប្លន់​ម៉ូតូ​រំលង​អធ្រាត្រ​តាម​ប្រមាញ់​ចាប់​បាន​3​នាក់

ប្លន់​ម៉ូតូ​រំលង​អធ្រាត្រ​តាម​ប្រមាញ់​ចាប់​បាន​3​នាក់



រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ពី​បទ​ប្លន់​បាន​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្សពួក​៦​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ សីហា នៅ​តាម​ផ្លូវ​បេតុង​វត្ត​ព្រៃ​ស្ពឺ ស្ថិត​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទោះបីជា​បែប​ណា​អំពើ​ប្លន់​នោះ​ត្រូវ​បាន​នគរបាល​តាម​ប្រមាញ់​ដណ្ដើម​យក​បាន​វិញ តែ​ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ ចំណែក​នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​ភ្លាម​ៗ​ដែរ ។ លុះដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ សីហា កម្លាំង​នគរបាល​ខាងលើ​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន ១-​ឈ្មោះ សុខ រិ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ ដា វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជន​ម្នាក់​នេះ​គឺ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​៣-​ឈ្មោះ ឃុ​ត ផៃ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ត្រូវជា​សង្សារ​របស់​ជនសង្ស័យ​ឈ្មោះ ដា វីត ហើយ​ទាំង​៣​នាក់​នេះ មាន​ទីលំនៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​បក្សពួក​ចំនួន​៤​នាក់​ទៀត​កំពុង​បន្ត​រត់គេច​ខ្លួន​នៅឡើយ តែ​សម្រាប់​អត្តសញ្ញាណ​សមត្ថកិច្ច​បាន​កំណត់​ជា​មុខសញ្ញា​អស់​ទៅ ហើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ស្ត្រី​ឈ្មោះ ឃុ​ត ផៃ នោះ​ក៏​បាន​ជួយ​វាយ​ដណ្ដើម​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ដែរ ដូច្នេះ​ក្រោយ​ការ​សាកសួរ​ត្រួស​ៗ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​សុទ្ធតែ​ជា​ជន​ដៃដល់​នៅ​ក្នុង​សកម្មភាព​ប្លន់​នោះ ។
ដោយឡែក​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ៅ ខួច អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ដូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​មក​លេង​បងប្អូន​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឆ្លៀតពេល​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លិប​មី​ត​ណាយ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ។ លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​បាន​ក្រុម​ចោរប្លន់​ខាងលើ ប្រដាប់​ដោយ​ដំបង ខ្សែក្រវាត់ ដុំ​ថ្ម ដេញ​តាម​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1CT-0635 កាំ​បន្ទះ រួច​បាន​ជិះ​គេចខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​មាន​សភាពការណ៍​ខាងលើ​កើតឡើង កម្លាំង​នគរបាល ដែល​កំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ បាន​ចេញ​អន្តរាគមន៍ ដណ្ដើម​យក​បាន​ម៉ូតូ​នោះ​មក​វិញ ប៉ុន្តែ​ក្រុម​ចោរ​រហ័ស​ជាង​ប៉ូលិស​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​។ ទោះបីជា​បែប​ណា នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​ក្រុម​ចោរ​ដោយសារ​តែ​បាន​រត់គេច​ខ្លួន​ចូល​ក្នុងភូមិ ។ លុះដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នគរបាល​ក៏​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​រង់ចាំ​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​តាម​ចាប់ខ្លួន​បក្សពួក​ដែល​កំពុង​រត់គេច​ខ្លួន ៕