ក្រសួង​សាធារណការ​ត្រៀម​ចាត់វិធានការ​ក្តៅ ចាប់ពី​ថ្ងៃ​ទី​០៩​កញ្ញា​នេះ​ទៅ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​ថ្ងៃ​ទី​១៦​សីហា​២០១៦ បាន​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ស្មារតី​អង្គប្រជុំ​ពិភាក្សា​លើ​វិធានការ​ទប់ស្កាត់​យានយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស និង​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​គោលដៅ​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ និង​ទប់ស្កាត់​ការ​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ ស្ពាន​នោះ  ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ជូនដំណឹង​ដល់​ម្ចាស់​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា  ចាប់ពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​តទៅ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​យានយន្ត​ទាំងឡាយ​ណា​ដែល​បាន​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។

សេចក្តីជូនដំណឹង​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា សូម​ឲ្យ​ម្ចាស់​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់​យក​យានយន្ត​របស់​ខ្លួន​ទៅ​កែតម្រូវ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​អំពី​ទំហំ​រថយន្ត រថយន្ត​សណ្តោង​រ៉ឺ​ម៉ក និង​ទំហំ​ទ្រុង​រថយន្ត​ដឹក​ទំនិញ​ដែល​បាន​កំណត់​ដូច​ជា -​ប្រវែង​ទទឹង​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​២,៥០​ម៉ែត្រ លើកលែងតែ​យាន​យ​ន្តុ​បក​រណ៍ ដែល​មិន​ត្រូវ​ឲ្យ​លើស​ពី​៣​ម៉ែត្រ​។ -​ប្រវែង​កម្ពស់​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​៤,២០​ម៉ែត្រ ប្រវែង​បណ្តោយ​អតិបរមា​នៃ​រថយន្ត​នីមួយ​ៗ​មិន​ត្រូវ​ឲ្យ​លើស​ពី​១២,២០​ម៉ែត្រ​។

-​ប្រវែង​បណ្តោយ​អតិបរមា​នៃ​រថយន្ត​នីមួយ​ៗ​ដែល​មាន​សណ្តោង​សឺ​ម៉ី​រ៉ឺ​ម៉ក មិន​ត្រូវ​ឲ្យ​លើស​ពី​១៦​ម៉ែត្រ​។ -​ប្រវែង​បណ្តោយ​អតិបរមា​នៃ​រថយន្ត​នីមួយ​ៗ​ដែល​មាន​សណ្តោង​រ៉ឺ​ម៉ក មិន​ត្រូវ​ឲ្យ​លើស​ពី​១៨​ម៉ែត្រ​។ -​កម្ពស់​អតិបរមា​នៃ​ទ្រុង​ធម្មតា មិន​ត្រូវ​ឲ្យ​លើស​ពី​០,៥០​ម៉ែត្រ គិត​ពី​ដំបូល​យាន និង​ទទឹង​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​ទទឹង​កាប៊ី​ន​។ -​កម្ពស់​អតិបរមា​នៃ​ទ្រុង​ជា​ប្រអប់​បិទ​ជិត​មិន​ត្រូវ​ឲ្យ​លើស​ពី​០,៨០​ម៉ែត្រ គិត​ពី​ដំបូល​យាន និង​ទទឹង​ទ្រុង​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​ទទឹង​កាប៊ី​ន​។

សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​សម្ដែង​នូវ​សេចក្តី​សង្ឃឹម និង​ជឿជាក់​លើ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់​របស់​ម្ចាស់​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ និង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ ៕