“ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម​ប្រមាណ​១៦​ម៉ឺន​នាក់ ស្រប​ច្បាប់​តែ​ជាង​៣​ម៉ឺន​នាក់”

មន្ត្រី​ជាន់ខ្ពស់​នៃ​​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ឲ្យ​អាស៊ីសេរី​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​វ័តអាប់ (WhatsApp) នៅ​រសៀល​ថ្ងៃ​ទី​១៩ សីហា ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម​រស់​នៅ​ស្រុក​ខ្មែរសរុបប្រមាណ​១៦ម៉ឺននាក់ មាន​អ្នក​រស់​នៅ​ស្រប​ច្បាប់​តែ​ជាង​៣​ម៉ឺន​នាក់។

ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​នាយ​ឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​បង្ហាញ​របាយការណ៍​ជំរឿន​ជន​អន្តោប្រវេសន៍​នៅ​ឆ្នាំ​២០១៦ ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​ជំហាន​ដំបូង ស្ដីពី​ការ​អនុវត្ត​បន្ត​ការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ក្នុង​ប្រទេស​កម្ពុជា នា​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៩ សីហា។

របាយការណ៍​ដែល​ចុះ​ជំរឿន​ជាង​១​ឆ្នាំ​កន្លះ ចាប់​ខែ​មីនា ២០១៥ ដល់​ខែ​សីហា ២០១៦ បង្ហាញ​ថា មាន​ជន​អន្តោប្រវេសន៍​រស់​ក្នុង​ប្រទេស​កម្ពុជា​សរុប​ជាង​១៦ម៉ឺន​នាក់ (១៦០.៨៧២) ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ជាង​៩៥​ភាគរយ ឬ​ស្មើ​នឹង​ប្រមាណ ១៦ម៉ឺន​នាក់។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បញ្ជាក់​ថា តួលេខ​សរុប​នេះ គឺ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ជំរឿន​បាន​តែ​ប្រហែល​ជា​៨៥​ភាគរយ នៃ​ជន​អន្តោប្រវេសន៍​សរុប ពីព្រោះ​តែ​មាន​ជនអន្តោប្រវេសន៍​ខ្លះ​គេចវេស​មិន​មក​ស្រង់​ស្ថិតិ​ឡើងវិញ ហើយ​មួយ​ចំនួន​ទៀត​ធ្វើដំណើរ​ទៅមក ដើម្បី​រកស៊ី​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​​ប្រទេស​វៀតណាម។

បន្ថែម​ពី​នេះ​លោក សុខ ផល បញ្ជាក់​ដល់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​នោះ​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​សរុប គឺ​មាន​ការ​បែង​ចែក​ជនអន្តោប្រវេសន៍​ជា​ពីរ​ប្រភេទ ប្រភេទ​ទី​១​ជា​ជន​អន្តោប្រវេសន៍​ដែល​សេសសល់​ឯកសារ ​ពី​ជំនាន់​សង្គមរាស្ត្រនិយម​ប្រមាណ​៧​ម៉ឺន​នាក់ ប្រភេទ​ទី២ ជា​ជន​អន្តោប្រវេសន៍​ដែល​កាន់​កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា ជិត​១០​ម៉ឺន​នាក់​ទៀត។

ចំពោះ​ជនអន្តោប្រវេសន៍​ទាំង​ពីរ​ប្រភេទ​នេះ លោក សុខ ផល បន្ត​ថា អាជ្ញាធរ​នឹង​បដិសេធ​ចោល​នូវ​លិខិត​រដ្ឋបាល​របស់​ពួកគេ​ទាំង​ស្រុង ទោះ​បី​ជា​ពួកគេ​កាន់​អត្តសញ្ញាណ​ប័ណ្ឌខ្មែរ​ក្ដី តែ​ទុក​លទ្ធភាព​ឲ្យ​ពួកគេ បំពេញ​បែប​បទ​សុំ​ធ្វើ​ជា​ជន​អន្តោប្រវេសន៍​ជា​ថ្មី ឬ​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ខ្មែរ​តាម​ច្បាប់​កំណត់​ដោយ​ស្ម័គ្រចិត្ត។ ប៉ុន្តែ​បើ​ជនអន្តោប្រវេសន៍​ថ្មី​ចូល​មក​ដោយ​ខុស​ច្បាប់ នោះ​នឹង​ចាប់​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។