តួឯក​ប្រុស​សុំទោស​តួឯក​ស្រី ​​ក្នុងឈុត​​​ស្នេហា

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ​ផលិតកម្ម​មហាហង្ស​មិន​ទាន់​មានឱកាស​ផ្សាយ​រឿង​ភាគ​របស់​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ទេ ។ ពេល​នេះ​បាន​សម្រិតសម្រាំង​ស្នាដៃ​យ៉ាង​ពិសេស​សម្រាប់​ចាក់​ផ្សាយ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៦ ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ថត​រឿង «​ព្យុះ​ជីវិត​ចិត្ត​អ្នកលេង​»​ជា​ភាពយន្ត​ភាគ​មានការ​ចូលរួម​ពី​ផលិតករ និង​តារា​សម្តែង​ជា​ច្រើន​ដួង ។

អ្នក​នាង​ភិន សុ​ដា​លី​ស នាយក​ប្រតិបត្តិ​ប្រចាំ​ផលិតកម្ម​មហាហង្សឱ្យ​ដឹង​ថា​រឿង «​ព្យុះ​ជីវិត​ចិត្ត​អ្នកលេង​» របស់​ផលិតកម្ម​មហា ហង្ស​កសាង​ឡើង​នេះ​ ជា​ស្នាដៃ​ដំបូង​ដែល​សម្រេច​យក​ទៅ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ជា​ស្ថានីយទូរទស្សន៍​ល្បី​មួយ​ក្នុង​ចំណោម​ទូរទស្សន៍​នានា ។ រឿង​នេះ​មាន​ចំនួន​ជិត​៥០​ភាគ​ប្រជុំ​ដោយ​តារា​ពូកែ​សម្តែង​រហូត​ដល់​ទៅ​ជិត​៥០​នាក់​ឯណោះ ដែល​ជា​តួលេខ​មិន​ធ្លាប់​មាន ។

វណ្ណ​កម្ម​ថ្មី​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន​នេះ​ភិន សុ​ដា​លី​ស ឱ្យ​ដឹង​ថា ជា​រឿង​ផ្តោត​លើ​បុរស​មាន​ចរិត​ជា​ស្រី ឯ​ស្រី​មាន​អត្ត​ចរិត​ប្រុស​ចូល​ចិត្ត​ធ្វើខ្លួន ប្លែក​ៗ​នៅ​ស្រុកស្រែ ។ ពួក​គេ​មិន​ជឿ​ខ្លួនឯង​ថា​មានឱកាស​ក្លាយជា​តារា​ល្បី​។ នៅ​ពេល​អ្នកជំនាញ​មើល​ដឹង​ថា​អាច​សម្តែង​បាន​ពួក​គេ​នៅ​តែ​មិន​ជឿ ។ ចំពោះ​បុរស​វិញ​យល់​ថា ខ្លួន​ជា​ខ្ទើយ​ថតកុន​មិនកើត ចេះ​តែ​ផាត់មុខ ធ្វើ​សក់​នៅ​ស្រុក ស្រែ ឯ​ស្រី​វិញ​ធ្លាប់តែ​ស្ទូងស្រូវ​ប៉ុណ្ណោះ​បើ​ឲ្យ​មក​ថតកុន​សូ​ញ​សាញ ។ ពាក់កណ្តាល​រឿង​បុរស​នារី​ខ្ទើយ​ទាំងនោះ​នឹង​ក្លាយជា​មនុស្ស​ធម្មតា​វិញ​ក្រោយ​ជួប​ឧប្បហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ។

ខ្សែភាពយន្ត​រឿង «​ព្យុះ​ជីវិត​ចិត្ត​អ្នកលេង​» ចំណាយ​ដើមទុន​ច្រើន​គួរសម ហើយ​មិន​ចម្លង​ពី​បរទេស​ទេ ដោយ​ខាង​ក្រុមការងារ​ចងក្រង​ឡើង​តាំងពី​២​ឆ្នាំ​មុន​ម្ល៉េះ ។ រឿង​នេះ​មិន​បំផុស​ឲ្យ​មាន​បុរស​ខ្ទើយ​ស្រី​ខ្ទើយ​ទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ ។ លោ​កឡុក សុភាព ជា​អ្នកដឹកនាំ​រឿង​ឲ្យ​ដឹង​ថា សម្រាប់​តួ​សម្តែង​មិន​ពិបាក​ទេ ព្រោះ​សុទ្ធតែ​ជា​អ្នក​ធ្លាប់​សម្តែង​យូរ​មក​ហើយ ។ អ្វី​ដែល​ពិបាក​គឺ​ឲ្យ​មនុស្ស​ប្រុស​ធម្មតា​សម្តែង​ជា​ខ្ទើយ​ឲ្យ​សម គឺ​អាច​ចំណាយពេល​យូរ ។ រឿង​នេះ​និយាយ​ពី​ការ​កាច់​កុង​គ្នា ប្រជែង​គ្នា​ដោយ​រក​គន្លឹះ​បែប​ណា​ឲ្យ​បាន​ដំណើរការ​ល្អ ។

កញ្ញា​ម៉ុ​ន ផល​ចរិយា ដែល​សម្តែង​ជា​តួឯក​ស្រី​លើក​ដំបូង​ឲ្យ​ផលិតកម្ម​មហាហង្ស​សម្តែង​ក្តី​រីករាយ​ដែល​បាន​ផលិតកម្ម​ផ្តល់​តំណែង​ឲ្យ​នាង​ជា​តួឯក​លើក​ដំបូង និង​ជា​លើក​ទី​១​ដែល​នាង​បាន​ធ្វើការ​ជាមួយ​មហាហង្ស​។​ដូចនេះ​រាល់​ខ្លឹមសារ​សាច់​រឿង​ដែល​អ្នកដឹកនាំ​រឿង​ផ្តល់​ជូន នាង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​លើ​ទំព័រ​សិល្បៈ ។ មិនតែប៉ុណ្ណោះ​ចរិយា​ចង់​ឲ្យ​មហាជន​ចាប់អារម្មណ៍​គ្រា​ដែល​ខ្សែភាពយន្ត​នាង​ចូលរួម​សម្តែង​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ។

លោក​ហេង នរៈ​កក្កដា ជា​តួឯក​ប្រុស​និយាយ​ថា «​ខ្ញុំ​រីករាយ​ដែល​បាន​ប៉ះ​គ្នា​ជាមួយ​កញ្ញា​ចរិយា ដែល​ជាតា​រា​ស្រី​កំពុង​មានកេរ្តិ៍ ឈ្មោះ​លូតលាស់​ឡើង ។ រឿង​នេះ​មាន​ឈុត​ស្នេហា​ច្រើន​ដូច្នេះ​ខ្ញុំ​សូម​អភ័យទោស​ជា​មុន​ដល់​តួឯក​ស្រី​ប្រសិនបើ​លើសលស់​អ្វី​នោះ​ពេល​សម្តែង​។  ខ្ញុំ​នឹង​ព្យាយាម​និយាយ​លេង​នៅ​ខាងក្រៅ​ជាមួយ​តួ​ស្រី​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​ស្និទ្ធស្នាល​គ្នា​ស្រួល​ថត​ទៅ​មាន​សភាព​ស៊ីសង្វាក់​គ្នា​ល្អ​» ។

តួ​សម្តែង​ក្នុង​រឿង «​ព្យុះ​ជីវិត​ចិត្ត​អ្នកលេង​» មាន​លោក​ហេង នរៈ​កក្កដា​, កញ្ញា​ម៉ុ​ន ផល​ចរិយា​, លោក​ច​ន អេ​ឡិច​ដា​ហ្វី​, កញ្ញា​លម មួយ​ហ្គេ​ច​, លោក​យឹ​ម សម្បត្តិ​, កញ្ញា​ម៉ៅ គី​ម​ធីតា​, លោក​លឹ​ម រ​ដ្ឋា​, កញ្ញា​ណា សា​ឌី​, លោក​ថម មី​, កញ្ញា​សឿ​ន ផា​ន់​ផា​ភួង​, កញ្ញា​ញឹ​ម ចាន់​ថន​, លោក​ភឹ​ម តារា​វិបុល​, អ្នក​នាង​និ​ន សុធា​រ៉ា​, លោក​ជា សំណាង​, លោក​ហេង ស៊ី​មន និង កញ្ញា​ហូរ ដា​ណេ​ជាដើម ។ រឿង នេះ​និពន្ធ​ដោយ​លោក​អិ​ុ​ន សុ​ភិន និង​ថត​ដោយ​លោក​ខុ​ង វិបុល ៕