លោក​អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​មកកាន់​អាស៊ី​ជា​លើកចុងក្រោយ​នៅ​ខែកញ្ញា​ និពន្ធដោយ : ថ្មីៗ       August-19-2016, 8:59 pm         400

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក​អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​មកកាន់​អាស៊ី​ជា​លើកចុងក្រោយ​នៅ​ខែកញ្ញា​​ចាប់ពី​ថ្ងៃ​២ ដល់​ថ្ងៃ ៩ កញ្ញា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ជា​លើក​ទី​១១​។ តែ​លោក​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស ២០ (G20) ជា​លើកចុងក្រោយ​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន ហើយ​លោក​ក៏​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​ទៅ​ទស្សនកិច្ច​នៅ​ឡាវ​។ លោក អូ​បា​ម៉ា នឹងចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក​ផងដែរ​។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​លើកចុងក្រោយ ក្នុងនាម​ជា​ប្រធានាធិបតី មកកាន់​តំបន់​អាស៊ី​ចាប់ពី​ថ្ងៃ ២ កញ្ញា​ដល់​ថ្ងៃទី ៩​កញ្ញា​ខាងមុខនេះ​។ តាមពិតទៅ ដំណើរ​ទស្សនកិច្ច​នេះ​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១១ ហើយ  ហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​តំបន់​អាស៊ី​ជាថ្មី ក៏​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ ក្រោម​ក្របខណ្ឌ​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​អាស៊ី​របស់លោក​ដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​សេត​វិមាន​ចុះ​ថ្ងៃ ព្រហស្បតិ៍​ទី ១៨ សីហា  លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស ២០ នៅ​ក្រុង​Hangzhou ប្រទេស​ចិន និង ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ផងដែរ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្របខណ្ឌ​អាស៊ាន​។

 គេ​រំពឹងថា ក្នុង​កិច្ចប្រជុំ​ប្រទេស ២០ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​លើកឡើង​ពី​តម្រូវការ​ក្នុងការ​បន្ត​កសាង​និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​ទៅមុខ​ដោយ​និរន្តរភាព តុល្យភាព និង​រឹងមាំ​ក្រោម​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស ២០​នេះដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តទៀតថា « លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹង​លើកឡើង​ពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ក្រុម​ប្រទេស​២០ ក្នុងការ​លើកកម្ពស់​កា​រ​បង្កើន​ប្រយោជន៍​សេដ្ឋកិច្ច​ឲ្យ​កាន់តែច្រើន និង​មាន​សមភាព​សម្រាប់​ភាគី​ទាំងអស់​»​។

​ក្រៅពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស ២០ ជា​លើកចុងក្រោយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹងមាន​កិច្ចពិភាក្សា​ទ្វេភាគី​ស៊ីជម្រៅ​មួយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ផងដែរ​។ មេដឹកនាំ​ទាំងពីរ​នាក់​នឹង​ជជែក​ពី​បញ្ហា​ជាច្រើន​ដែល​រួមមាន​ទាំង​បញ្ហា​ពិភពលោក បញ្ហា​តំបន់ និង​បញ្ហា​ទ្វេភាគី​រវាង​ចិន​និង​អាមេរិក​ថែម​ទៀតផង​។

​បន្ទាប់ពី​ចាកចេញ​ពី​កិច្ចប្រជុំ​នៅ​ប្រទេស​ចិន ប្រមុខរដ្ឋ​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បន្ត​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ ហើយ​លោក​ក៏​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅកាន់​ប្រទេស​ឡាវ​ដែរ​។ ជា​ទម្លាប់ ប្រធានាធិបតី​អាមេរិក​រូបនេះ​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ឡាវ Bounnhang Vorachith ដោយ​កិច្ចពិភាក្សា​នឹង​ផ្តោត​សំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច នយោបាយ និង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។  ហើយ​លោក អូ​បា​ម៉ា ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក​-​អាស៊ាន ក៏ដូចជា​ជួប​សំណេះសំណាល​ជាមួយ​បណ្តា​ក្រុមយុវជន​ដែលជា​សមាជិក​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍ (YSEALI )​ថែម​ទៀតផង​៕