អូស្ត្រាលី រិះគន់​វៀតណាម​ដែល​ហាម​ប្រជាជន​ខ្លួន​ទៅ​គោរព​វិញ្ញ​ណ​ក្ខ័​ន្ធ​ទាហាន​នៅ Long Tan និពន្ធដោយ : សៅ ផលនិស្ស័យ       August-19-2016, 9:39 pm         460

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អូស្ត្រាលី រិះគន់​វៀតណាម​ដែល​ហាម​ប្រជាជន​ខ្លួន​ទៅ​គោរព​វិញ្ញ​ណ​ក្ខ័​ន្ធ​ទាហាន​នៅ Long Tan​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បានបង្ហាញ​ការខកចិត្ត​ខ្លាំង និង​រិះគន់ថា​រដ្ឋាភិបាល​វៀត​ណា​ម​ធ្វើ​សកម្ម​ភាពមិន​សម​ហេតុផល ដោយ​មិន​គោរព​ការសន្យា​ដែល​អនុញ្ញាត​ឲ្យ​អតីតយុទ្ធជន​អូស្ត្រាលី​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​សមរភូមិ​សង្គ្រាម Long Tan​។ ដើមឡើយ​វៀតណាម​អនុញ្ញាត​ឲ្យ​ប្រជាជន​អូស្ត្រាលី​ខ្លះ​ចូល​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​យុទ្ធជន​ដែល​ពលី តែ​ដល់​ថ្ងៃ​ពុធ​ទី ១៧ សីហា វៀតណាម​ប្រែ​ក្រឡាស់សម្តី​តែម្តង​។ 

​លោក Malcolm Turnbull បាន​រិះគន់​រដ្ឋាភិបាល​វៀតណាម​ដែល​មិន​គោរព​ពាក្យសន្យា​ដោយ​មិន​អនុញ្ញាត​ឲ្យ​អតីតយុទ្ធជន​អូស្ត្រាលី​ចូលទៅ​កន្លែង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ទាហាន​អូស្ត្រាលី​ដែល​ពលី​ជីវិត​ក្នុង​សង្គ្រាម​វៀតណាម​។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​នេះ​បាន​ហៅ ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ថា​ជាស​កម្ម​ភាពមិន​សម​ហេតុផល ហើយ​លោក​បង្ហាញ​ការខកចិត្ត​ខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​ពាក្យសម្តី​ម្តង​ជា​ពីរដង​។​

​លោក Turnbull បាន​ថ្លែង​ដោយ​ខកចិត្ត​ប្រាប់​វិទ្យុ Fairfax ថា​៖« យើង​ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​អតីតយុទ្ធជន​អូស្ត្រាលី និង​ក្រុមគ្រួសារ​ពួកគេ​មិនអាច​ចូលទៅ​កាន់​កន្លែង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ Long Tam បាន​ទាំងអស់គ្នា​។ យើង​ពិតជា​យល់ថា វា​ជា​បញ្ហា​រសើប​នៅ​វៀតណាម ហើយ​យើង​ក៏​គោរព​សិទ្ធិ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​ក្នុងការ​កំណត់ថា​តើ​ពិធី​ប្រភេទ​ណា​អាច​ប្រារព្ធ​បាន​ក្នុងប្រទេស​វៀតណាម​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ការ​ការសន្យា​ភ្លាមៗ​បែបនេះ​ពិតជា​រឿង​ដែល​មិន​សមរម្យ​ទាល់តែសោះ​»​។​

​ជារួម ខួប​លើក​ទី ៥០​នៃ​សមរភូមិ Long Tan តាមពិតទៅ​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ១៨ ខែសីហា ហើយ​ភាគី​ទាំងពីរ​បាន​ជជែក​គ្នា​ច្រើនដង​ហើយ​ទម្រាំ​មានការ​អនុញ្ញាត​ឲ្យ​មានការ​ប្រារព្ធ​ពិធី​ជា​ផ្លូវការ​នេះ​។  ក្រោយមក វៀតណាម​បាន​ផ្តល់ដំណឹង​ដល់​អូស្ត្រាលី​ថា ខ្លួន​ចង់​បញ្ឈប់​ការគោរព​វិញ្ញាណ​ក្ខ័​ន្ធ​យុទ្ធជន​ពលី​មាន​អូស្ត្រាលី​និង​ណូ​វែ​ល​សេ​ឡង់​នេះ ដោយសារ​វា​ជា​រឿងចម្រូងចម្រាស​។ បើ​មាន​អ្នកចូលរួម​ច្រើនពេក វា​អាចធ្វើ​ឲ្យ​មាន​ការតវ៉ា​និង​ប្រតិកម្ម​តប​ពី​ប្រជាជន​នៅ​មូលដ្ឋាន​ផង​។

​ដូច្នេះហើយ នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc និង​លោក Turnbull ត្រូវ​ចរចា​គ្នា​ម្តងទៀត ហើយ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រារព្ធ​ពិធី​ដោយ​គ្មាន​ការចាក់​តន្ត្រី គ្មាន​ថ្លែង​សុន្ទរកថា​ឬ​សកម្មភាព​ផ្សេង​ទៀតឡើយ​។  ហើយ​អ្នកចូលរួម​ដាក់​ផ្កា​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អាចធ្វើ​ឡើងជា​ក្រុម​តូចៗ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​។​

​ប៉ុន្តែ​ស្រាប់តែ​ដល់​ថ្ងៃ​រៀបចំ​ពិធី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ ម្សិលមិញ ស្រាប់តែ​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​អូស្ត្រាលី​ដែលជា​អតីតយុទ្ធជន​ទាំង ១៥០០​នាក់​ចូល​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីតាំង Long Tan ឡើយ​។ មានតែ​ប្រជាជន​មួយចំនួន​តូច​ប៉ុណ្ណោះ​អាច​ចូលទៅ​បាន ហើយ​ពួកគេ​មាន​ពេល ប្រហែល ១​នាទី​ប៉ុណ្ណោះ​ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​។​

​សូមបញ្ជាក់ថា ថ្ងៃ ១៨ សីហា ឆ្នាំ ១៩៦៦ ជា​ថ្ងៃ​ប្រយុទ្ធ​ធំ​បំផុត​មួយ​រវាង​កងទ័ព​វៀតណាម និង​កងទ័ព​អូស្ត្រាលី​នៅ​ចម្ការកៅស៊ូ Long Tan នេះ​។ ទាហាន​អូស្ត្រាលី​ប្រហែល​១០៥​នាក់ និង​ទាហាន​ណូ​វែ​ល​សេ​ឡង់​បីនាក់​ផង​នោះបាន​ច្បាំង​ជាមួយ​ទាហាន​វៀតណាម​និង​កងទ័ព​វៀត​កុង​ប្រហែល​១៥០០​នាក់​។ ហើយ​ចុងក្រោយ អូស្ត្រាលី​ស្លាប់​ទាហាន ១៨​នាក់ ខណៈដែល​វៀតណាម​ស្លាប់​ទាហាន យ៉ាងហោចណាស់ ២៤៥​នាក់​ផង​៕