បុរស​ខ្លាំង​ហ្វីលីពីន «​នឹងមិន​និយាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​កិច្ចប្រជុំ​អាស៊ាន​អាប់អួរ​ឡើយ​» និពន្ធដោយ : ថ្មីៗ       August-19-2016, 10:19 pm         294

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរស​ខ្លាំង​ហ្វីលីពីន «​នឹងមិន​និយាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​កិច្ចប្រជុំ​អាស៊ាន​អាប់អួរ​ឡើយ​»​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​ផ្លូវការ​ជា​លើកដំបូង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ក្រុង​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ ដែល​ឡាវ​គឺជា​ប្រធាន​នៃ​កិច្ចប្រជុំ​នោះ​។ នាឱកាស​ដ៏​ល្អ​នេះ លោក​ប្រធានាធិបតី​ដែលជា​បុរស​ខ្លាំង​ហ្វីលីពីន​រូបនេះ នឹងមិន​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​បញ្ហា​តានតឹង​រវាង​ហ្វីលីពីន និង​ចិន ដាក់​ជា​របៀបវារៈ​ធំ​ក្នុង​ប្រជុំ​ដើម្បី​ឲ្យ​មិត្ត​អាស៊ាន និង​មេដឹកនាំ​កំពូល​ផ្សេងៗ​ជួយ​ដោះស្រាយ​ឡើយ​។

​លោក​ប្រធានាធិបតី Rodrigo Duterte នៅ​ថ្ងៃទី​១៧ ខែសីហា​កន្លងទៅ បាន​បញ្ជាក់ថា លោក នឹងមិន​នាំយក​បញ្ហា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្រុង​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​ខាងមុខនេះ​។ លោក ថា លោក មិន​ចង់​បង្កើត​បរិយាកាស​នៅ​ទីនោះ​ត្រូវ​អាប់អួរ​នោះទេ​។

​លោក Duterte បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​យ៉ាង​ដូច្នេះ​ថា «​ទេ​, ខ្ញុំ នឹង​ដោះស្រាយ​បញ្ហា​តែ​តាមរយៈ​មួយ​ទល់​មួយ​(​ជាមួយ​ចិន​) តែប៉ុណ្ណោះ​...​ហើយ យើង​អាចបង្កើត​បរិយាកាស​មួយ​ដែលជា​កន្លែង​ដែល​យើង​អាច​អង្គុយ និង​និយាយ​គ្នា​ដោយផ្ទាល់​បាន​។​» នេះ​បើ​យោងតាម​សារព័ត៌មាន GMA News Online ដែល​ចុះផ្សាយ​ដែរ​ថា លោក​ប្រធានាធិបតី​រូបនោះ ក៏​មិន​ចង់​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ចិន​លើ​បញ្ហា​អធិបតេយ្យ​នោះទេ​។

​សូម​ជម្រាប​ផងដែរ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន ដែល​ត្រូវបាន​ធ្វើឡើង​ក្នុងប្រទេស​សមាជិក​អាស៊ាន​វិលជុំ គឺជា​វេទិកា​ដើម្បី​ប្រមូលផ្តុំ​មេ​ដឹក​កំពូល​ក្នុង​តំបន់​ដើម្បី​ជជែក​លើ​បញ្ហា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។ ហើយ​វា ក៏​ជា​វេទិកា​ដែល​ត្រូវបាន​ប្រទេស​ពាក់ព័ន្ធ​ដែលមាន​វិវាទ​នឹង​គ្នា​ប្រែក្លាយ​ឲ្យ​ទៅជា​សមរភូមិ​ការទូត​ផងដែរ​។ ជាពិសេស​នោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​បញ្ហា​ក្នុង​តំបន់​មួយ​ដ៏​ក្តៅ តែងតែ​ត្រូវបាន​ជជែក និង​កែប្រែ​កិច្ចប្រជុំ​ឲ្យ​តានតឹង​ស្ទើរតែ​រៀងរាល់ឆ្នាំ​។

​សូម​រម្លឹក​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ កាលពី​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន​ដោយ​បកស្រាយ​ថា​សកម្មភាព និង​ការទាមទារ​របស់​ចិន​មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​នោះទេ​។ ហើយ​សាលក្រម​នេះ បានធ្វើ​ឲ្យ​មេដឹកនាំ​ក្នុង​តំបន់​ដាក់​សម្ពាធ​ការទូត​ខ្លាំង​ទៅលើ​ចិន ខណៈ​ចិន​ប្រកាន់​ជំហរ​ដាច់​មិន​អនុវត្តតាម​សាលក្រម​នោះឡើយ​។

​យ៉ាងណាក៏ដោយ ការប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte នឹង​ជួយ​ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង​វៀងចន្ទន៍​នាពេលខាងមុខ​ដ៏​ខ្លី​នេះ មាន​ភាព​ធូរស្រាល​ជាថ្មី​ម្តងទៀត​។ កាលពី​ចុងខែ​កក្កដា​កន្លងទៅ មតិ​ក្នុង​តំបន់ និង​អន្តរជាតិ មានការ​ព្រួយបារម្ភ​ម្តង​រួចទៅហើយ ដោយ​គេ​ខ្លាចក្រែង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន ដ្បិត​សមាជិក​អាស៊ាន​មាន​ជំហរ​ផ្សេងៗ​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ តែ​ចុងក្រោយ អាស៊ាន អាច​សម្របសម្រួល និង​បានចេញ​សេចក្តីថ្លែងការណ៍​រួម​ជា​ឯកច្ឆន្ទ​ដោយ​មិន​ដាក់​បញ្ហា​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​។ នេះ ក៏​អាច​និយាយបានថា​អវត្តមាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​កិច្ចប្រជុំ នឹងធ្វើ​កិច្ចប្រជុំ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​មា​ត្រី​ភាព​រវាង​បណ្តា​មេដឹកនាំ​៕