សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ

ឧត្ត​មាន​ជ័យ ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​កំពុង​ចូល​ទៅ​សម្ងំ​ក្នុង​តំបន់​បរិស្ថាន​ដែន​ជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព មាន​សកម្មភាព​បង្កប់​ឈើ​ក្នុង​រថយន្ត ត្រូវ​បាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហ​ការណ៍​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត ធ្វើការ​បង្ក្រាប​កាល​ពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​បរិស្ថាន ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

លោក គួ​ន រ៉ា​ឌី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​បង្ក្រាប​រថយន្ត​យី​ឌុ​ប ដែល​ចូល​ទៅ​សម្ងំ​ក្នុង​តំបន់​បរិស្ថាន ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព​នេះ លោក​បាន​ទទួល​ព័ត​មាន​ពី​បណ្តាញ​រាយការណ៍​មក​ថា រថយន្ត​យី​ឌុ​ប​តែងតែ​ចូល​ដឹកឈើ​ជា​ញឹកញាប់ បើ​មាន​ឳ​កាស​ដឹកឈើ​ចេញ​ស្មើ​ទ្រុង បើ​គ្មាន​ឳ​កាស​គ្រាន់តែ​បង្កប់​ឈើ​ក្នុង​កន្លែង​កែ​ច្នៃ​រថយន្ត​បាន​ចំនួន​៤​ម៉ែត្រគូប​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន លោក​បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត ចុះ​ប​ង្រា​ប​បាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង  អត់​ស្លាក​លេខ​បង្កប់​ឈើ​លេខ​ពីរ​យក​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​ដើម្បី​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​ខាងលើ​បាន​រកស៊ី​បទល្មើស​ឈើ​នៅ​ក្នុង​តំបន់​បរិស្ថាន​គូ​លេ​ន​ព្រហ្ម​ទេព​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្រោម​ការ​បើកភ្លើង​ខៀវ​របស់​លោក ខេ​ង សុ​ជាតិ ដែល​ជា​ប្រធាន​តំបន់​គ្រប់គ្រង​ចាប់តាំងពី​ព្រៃឈើ​ស្រោង និង​សត្វ​គ្រប់​ប្រភេទ​រហូត​ដល់​បាត់បង់​គ្មាន​សល់​អ្វី​ទាំងអស់ បើ​មួយ​យប់​ៗ​រទេះគោ និង​រថយន្ដ​ឈ្មួញ​ដឹកឈើ​ព្រមទាំង​អ្នក​បរបាញ់​សត្វ​តែ​ប៉ុណ្ណោះ គេ​បាន​សង្ស័យ​ថា​លោក ខេ​ង សុ​ជាតិ នាយក​ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព កំពុង​តែ​សើម​មាត់​ជា​យូ​ឆ្នាំ​មក​ហើយ​៕