ភាព​ដែល​អាច​រស់​បាន​​នៅ​​​ក្នុង​​រាជធានី​​ភ្នំពេញ​​នៅ​​អន់ថយ​​នៅ​ឡើយ​

យោងតាមការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្ដីពីភាពដែលអាច រស់នៅបាន(Global livability Ranking) ដែលចេញកាលពីម្សិលមិញដោយក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគ ស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានឱ្យដឹងថា អំពើពុករលួយដ៏រាលដាល ការគាំពារសុខភាពអន់ខ្សោយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្តធ្វើឱ្យរាជធានីភ្នំពេញស្ថិតក្នុងចំណោមក្រុងធំៗលើពិភពលោក ដែលមានស្ថានភាពរស់នៅពុំល្អប្រសើរ។ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខរៀងទី១២៧ក្នុងចំណោមរដ្ឋធានី និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន១៤០ ដែលត្រូវបានដាក់ចំណាត់ដោយផ្អែកលើភាពដែលអាចទទួលបាន និងគុណភាពនៃការគាំពារសុខភាពសាធារណៈនិងឯកជន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ បរិស្ថាន និងស្ថិរភាព។ លោក Miguel Chanco ដែលជាប្រធានក្រុមអ្នកវិភាគរបស់ក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវ និងវិភាគស្ថានការណ៍ពិភពលោកប្រចាំអាស៊ានបានលើកឡើងថា លំដាប់ថ្នាក់របស់រាជធានីភ្នំពេញនៅក្នុងសន្ទស្សន៍នេះនៅតែដដែល ដោយសារមានការវិវឌ្ឍទៅមុខតិចតួចលើគ្រប់វិស័យ ដោយអំពើពុករលួយបន្តធ្វើឱ្យមានគុណវិបត្តិធ្ងន់ធ្ងរ។ កាលពីឆ្នាំមុនរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី១២៦។ ប្រធាន ក្រុមអ្នកវិភាគរូបនេះបានលើកឡើងតាមរយៈអុីម៉េលថា “ក្រៅពីការគាំពារសុខភាព ចំណុចខ្សោយមួយក្នុងចំណោមចំណុចខ្សោយធំៗ គឺស្ថិតនៅក្នុងផ្នែកវប្បធម៌ និងបរិស្ថាននៃការសិក្សារបស់យើង។ នៅក្នុងផ្នែកនេះ រាជធានីនេះស្ថិតក្នុងស្ថានភាពអន់ខ្លាំងណាស់ ពេលនិយាយអំពីកម្រិតនៃអំពើពុករលួយដែលជាចំណុចមួយក្នុងចំណោម ចំណុចធំៗដែលទាញទម្លាក់ពិន្ទុ”។ លោកបានមានប្រសាសន៍ថា ក្រុមអ្នកសេដ្ឋកិច្ចរបស់លោកបានចាត់ចំណាត់ថ្នាក់ផ្នែកស្ថិរភាព ដែលជាកម្រិតនៃការគំរាមកំហែងផ្នែកជម្លោះយោធា និងចលាចលសង្គមថាជាចំណុចដ៏ខ្លាំងរបស់រាជធានីភ្នំពេញ”ដែលមិន ចាំបាច់ត្រូវនិយាយអ្វីច្រើននោះទេដោយសារវាមានចំណុចខ្សោយក្នុង ផ្នែកផ្សេងៗទៀត”។ […]

The post ភាព​ដែល​អាច​រស់​បាន​​នៅ​​​ក្នុង​​រាជធានី​​ភ្នំពេញ​​នៅ​​អន់ថយ​​នៅ​ឡើយ​ appeared first on The Cambodia Daily.