លោក​​​ រង្ស៊ី​​​ មិន​​​ចូល​​​ខ្លួន​​​បំភ្លឺ​​​​​​​​​ក្នុង​​​ករណី​​​បរិហារកេរ្តិ៍​​​ទាក់​​​ទង​​​នឹង ​​​កែម ឡី​​​

មន្ត្រីនិយាយថា ព្រះរាជអាជ្ញានិយាយថា គេនឹងដំណើរការរឿងក្តីបរិហារកេរ្តិ៍និងញុះញង់ប្រឆាំងលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួនឯង បន្ទាប់ពីលោកខកខានមិនបានចូលខ្លួនបំភ្លឺនៅឯតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រឿងក្តីនេះកើតឡើងចេញពីសារមួយបង្ហោះតាមហ្វេសប៊ុកដោយលោក រង្ស៊ី ដែលចោទរដ្ឋាភិបាលថាបានរៀបចំឃាតកម្មនាថ្ងៃទី១០ខែកក្កដាលើ កែម ឡី អ្នកវិភាគនយោបាយ។ លោក រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីការកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយសាររឿងក្តីបរិហារកេរ្តិ៍ពីលើកមុន ត្រូវតុលាការចោទប្រកាន់ជាមួយអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាបក្សប្រឆាំង ដែលរងការចោទថាបានអះអាងស្រដៀងគ្នាទាក់ទងនឹងមរណភាព កែម ឡី ក្នុងការសំណេះសំណាលមួយ។ អ្នកស្រី ឡានី បានបដិសេធការចោទនោះ ដោយអះអាងថា វីដេអូនៃសំដីអ្នកស្រីត្រូវគេកាត់ត ចំណែកឯលោក រង្ស៊ី បានលើកឡើងម្តងទៀតអំពីការអះអាងរបស់លោក។ លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងបាននិយាយកាលពីថ្ងៃសុក្រថា ព្រះរាជអាជ្ញាបន្តចំណាត់ការប្រឆាំងលោក រង្ស៊ី ទោះជាលោកអវត្តមានក៏ដោយ។ លោក សុផាណា បាននិយាយថា “ជនជាប់សង្ស័យមិនបានចូលខ្លួន ដូច្នេះយើងបានសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះ ដោយពិនិត្យលើពាក្យបណ្តឹងនិងភ័ស្តុតាង ដែលមានផលប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ”។ លោក រង្ស៊ី បាននិយាយក្នុងសារអ៊ីមែលថា ប្រសិនបើលោកត្រូវចោទប្រកាន់ ហើយរឿងក្តីនេះត្រូវបើកសវនាការ លោកនឹងសុំបង្ហាញខ្លួនតាមវីដេអូ។ លោកបាននិយាយថា “គួរឲ្យអស់សំណើចណាស់ចំពោះចៅក្រមដែលកាត់ទោសខ្ញុំ ដោយមិនចង់ស្តាប់ខ្ញុំនិយាយជាមុនសិន”៕ © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post លោក​​​ រង្ស៊ី​​​ មិន​​​ចូល​​​ខ្លួន​​​បំភ្លឺ​​​​​​​​​ក្នុង​​​ករណី​​​បរិហារកេរ្តិ៍​​​ទាក់​​​ទង​​​នឹង ​​​កែម ឡី​​​ appeared first on The Cambodia Daily.