លុយ​ដែល​បាន​មក​ដោយ​មិន​ធ្វើការ​គឺជា​លុយ​ឈឺចាប់​បំផុត

នៅ​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ ឪពុក​ម្តាយ​តែងតែ​មានការ​ផ្គត់ផ្គង់​កូនចៅ​​ចំពោះ​លុយកាក់​ សម្រាប់​ការ​រស់នៅ​របស់​ពួក​គេ​ ។ ដោយ​មាន​​ការ​ផ្គត់ផ្គង់​ពី​ឪពុក​ម្តាយ កូន​ៗ​ខ្លះ​ក៏​មិន​ប្រឹងប្រែង​រក​ការងារ​ធ្វើ​ ដើម្បី​ចិញ្ចឹម​ខ្លួនឯង​។

សម្រាប់​មនុស្ស​ចេះ​ដឹង លុយ​ដែល​បាន​ដោយ​មិន​ធ្វើ​ការងារ​អ្វី​នោះ​ ត្រូវ​បាន​គេ​ចាត់ទុកជា​លុយ​ប្រកបដោយ​ការ​ឈឺចាប់ ​ឬ​ប្រៀប​ដូច​ជា​ថ្នាំ​ញៀន? តើ​ហេតុ​អ្វី​បានជា​គេ​ថា ​វា​ជា​លុយ​គួរ​ឱ្យ​ឈឺចាប់ ហើយ​វា​ប្រៀប​ដូច​ជា​ថ្នាំ​ញៀន?

នៅ​ពេល​មនុស្ស​​ពិសេស​យុវជន​ និង​យុវតី​ បាន​ទទួល​លុយ​ដោយ​មិនបាច់​ធ្វើ​ការងារ​នោះ ពួក​គេ​មិន​ស្គាល់​អំពី​ការ​លំបាក​នៃ​ការ​រក​លុយ​ឡើយ​ ។ ម្ល៉ោះហើយ ពួក​គេ​ក៏​មិន​ស្គាល់​អំពី​តម្លៃ​នៃ​លុយ​ហើយ​ចាយ​លុយ​យ៉ាង​ខ្ជះខ្ជាយ ​។ ពេល​ដែល​អស់​លុយ​ចាយ​វាយ ពួក​គេ ​ក៏​នឹកឃើញ​ត្រឹមតែ​សុំ​ពី​ឪពុក​ម្តាយ​ ។ ពួក​គេ​ញៀន​នឹង​ការ​សុំ​លុយ​ទៅ​ហើយ ដោយ​មិន​គិត​អំពី​អនាគត​កាលដែល​ត្រូវ​រស់​ដោយ​ខ្លួនឯង​ ។

ដូច្នេះ ​វា​ចាំបាច់​ដែល​មានការ​អប់រំ​មនុស្ស​ឱ្យ​​ស្គាល់​ថា​ គ្មាន​អ្វី​ដែល​មិន​ត្រូវ​បង់លុយ​នោះ​ទេ «No free lunch» ​។ ដូច្នេះ​ មនុស្ស​គ្រប់​​គ្នា ​ត្រូវ​ចេះ​រក​លុយ​ដោយ​ខ្លួនឯង​ ហើយ​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​លើ​អ្នក​ផ្សេង ​ឬ​ក៏​អាណាព្យាបាល​ទេ​ ។

ការ​អប់រំ​មនុស្សឱ្យ​រឹង​ប៉ឹង​ដោយ​ខ្លួនឯង ​គឺជា​ភាព​ចាំបាច់​ ដើម្បី​ពួក​គេ​អាច​រស់នៅ​ដោយ​ឯករាជ្យ​ និង​ប្រកបដោយ​និរន្ត​ភាព ​។

ចូរ​​កុំអោយឱ្យ​ត្រី​ដល់​ពួក​គេ​ ប៉ុន្តែ​ប្រាប់​ពួក​គេ​អំពី​បឹង​ ដែល​មាន​ត្រី​ និង​របៀប​រក​ត្រី​ ។