ឱក សុគន្ធកញ្ញា តំណាងឲ្យកម្ពុជា ទៅចូលរួមមហោស្រព តន្ត្រី នៅប្រទេសចិន

ភ្នំពេញៈ តារាចម្រៀង ស្រីល្បីឈ្មោះប្រចាំ ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានកម្ពុជាផ្តល់សិទ្ធ ឲ្យតំណាងកម្ពុជា ទៅចូលរួមច្រៀង នៅក្នុងកម្មវិធី មហោស្រពតន្ត្រី នៅប្រទេសចិន នៅពាក់កណ្តាល ខែតុលាខាងមុខនេះ ។

បើតាមប្រភពពី Facebook របស់លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍កម្ពុជា បានសរសេរបង្ហោះជាសាធារណ បសនអោយដឹងថា "តារាចម្រៀងដ៏ល្បី ពេញនិយមរបស់កម្ពុជាមួយរូប គឺកញ្ញា ឱក សុគន្ធកញ្ញា នឹងចូលរួមក្នុងមហោស្រពតន្រ្តី - ចម្រៀង មិត្តភាព រវាង ចិន និង អាស៊ាន ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦ នៅក្រុង Hai Kou ខេត្ត ហៃ ណាន សាធារណរដ្ឋប្រជាមានិតចិន រៀបចំដោយវិទ្យុអន្តរជាតិចិន CRI" ។ នៅក្នុងសារនោះ បានបញ្ជាក់ថា "ការទៅចូលរួមក្នុងមហោស្រពតន្ត្រី នៅប្រទេសចិននេះជាឆ្នាំទី ២ ហើយ ដែលតារាចម្រៀងល្បីរបស់កម្ពុជា ចូលរួមក្នុងមហោស្រពនេះនៅឆ្នាំ ២០១៥ គឺ យុវអ្នកចម្រៀង ម៉ា សុបញ្ញា បានចូលរួម ហើយលើកទី២នេះគឺជា កញ្ញា ឱក សុគន្ធកញ្ញា ហើយមហោស្រពនេះ មានវត្តមាន អ្នកចម្រៀងល្បីៗពី អាស៊ានទាំង ១០ ប្រទេស និង អ្នកចម្រៀងល្បីៗរបស់ ចិន នឹងចូលរួមក្នុងព្រឹត្តិការណ៏នេះ"។

ដោយឡែក កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា " រូបកញ្ញា នឹងសម្រាំងបទចម្រៀងថ្មី ដើម្បីយកទៅបង្ហាញ ក្នុងមហោស្រពដ៏សំខាន់មួយនេះ"៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីចុងខែកក្កដា កន្លងទៅនេះ កញ្ញាឱក សុគន្ធកញ្ញា ត្រូវបានទទួលការកោតសរសើរ ជាបន្តបន្ទាប់ពីសំណាក់ទស្សនិកជន ក្រោយពីមានស្ត្រីម្នាក់ ដែលជាម្ចាស់តូបលក់ ធុរ៉េន នៅខេត្តកំពត បានទូរស័ព្ទចូលរួមកម្មវិធីវិទ្យុមួយ ហើយអះអាងថា តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បានបើក រថយន្ត បុកតូបលក់ធុរ៉េនរបស់គាត់ ហើយមិនបានរត់គេច ហើយបែរជាបង្ហាញ ការទទួលខុសត្រូវនិងលើកដៃសំពះ សុំទោស គាត់ ថែមទៀតនោះ។ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា សុគន្ធកញ្ញា ចេញមុខអះអាងថានាង មិនបានជួប ហេតុ ការណ៍ បែបនោះទេ ដោយគិតថាអ៊ុស្រី ច្រឡំមនុស្ស ។

នៅក្នុងនោះ តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរបង្ហោះនៅលើ Facebook ថា «មានសារព័ត៌មាន ជា ច្រើន បានចុះផ្សាយពីមីងម្នាក់ ដែលគាត់គឺជាអ្នកលក់ធុរ៉េន នៅខេត្តកំពត ថាមានរថយន្តមួយប៉ះតូបលក់ធុរ៉េនរបស់គាត់ ហើយគាត់បានសរសើរ នូវការទទួលខុសត្រូវរបស់អ្នក ដែលបានប៉ះតូបរបស់គាត់ ហើយក្នុងនោះគាត់បាននិយាយថា អ្នកដែលបានប៉ះនោះ គឺជារូបនាងខ្ញុំ ។ ខ្ញុំពិតជារំភើបចំពោះការសរសើរនិងទឹកចិត្តរបស់មីង.. ក៏ប៉ុន្តែខ្ញុំគិតថា អ្នកមីងប្រ ហែល ជាច្រឡំមនុស្សហើយ ពីព្រោះខ្ញុំពិតជាមិនបានជួបនូវហេតុការណ៍បែបនេះទេ » ។

នៅក្នុងសារនោះ តារាចម្រៀងរូបនេះ បានអះអាងថា នៅថ្ងៃកើតហេតុដែលអ្នកមីង បាននិយាយនោះថា «ជាក់ ស្តែង នៅ ថ្ងៃ អាទិត្យនោះ នាងខ្ញុំជាប់ច្រៀងកម្មវិធីមួយ នៅកោះពេជ្រផងដែរ ទោះជាយ៉ាងណា ខ្ញុំសូមផ្ញើរនូវការស្រលាញ់ និងទឹក ចិត្តដ៏ល្អរបស់មីង ជូនមនុស្សដែលបានប៉ះតូបលក់ធុរ៉េនរបស់មីង ពីព្រោះគាត់ជាមនុស្សល្អ ខ្ញុំសូមកោតសរសើរនូវ ការ ទទួល ខុសត្រូវរបស់គាត់។ ពិតជាគំរូដ៏ល្អសម្រាប់ប្រជាជនគ្រប់រូប ធ្វើអំពើល្អ ពិតជាទទួលបានវិញនូវអំពើល្អដូចគ្នា » ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload