រដ្ឋាភិបាលថាជនអន្តោប្រវេសន៍វៀតណាមប្រើប្រាស់ឯកសារដ្ឋបាលមិនប្រក្រតីមានជាង៩ម៉ឺននាក់

រដ្ឋាភិបាលកម្ពុជាបានរកឃើញថាជនបរទេសអន្តោប្រវេសន៍វៀតណាម រស់នៅកម្ពុជា ដែលកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី និងស្នាក់នៅយូរគ្មានឯកសារ មានជាង៩ម៉ឺននាក់ ខណៈគណបក្សប្រឆាំងជំរុញឲ្យបញ្ជាក់ពីអ្នកដែលមានលិខិតស្របច្បាប់ ដើម្បីធានាភាពត្រឹមត្រូវនៃការចុះឈ្មោះបោះឆ្នោតថ្មី។

ថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូង ស្ដីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា នៅថ្ងៃសុក្រទី១៩ នេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានមានប្រសាសន៍ថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជា មានចំនួនប្រមាណជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ គឺ ៩៩.៤៩ភាគរយ។

លោក សុខ ផល ឲ្យដឹងថា ជនជាតិវៀតណាមចំនួន ៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ បណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ បណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត។

លោកបន្ថែមថា ជនបរទេសស្នាក់នៅយូរគ្មានឯកសារ ដែលជាជនជាតិវៀតណាម មានចំនួន ១៤ ២៤៦នាក់ ទោះបីជាពួកគេបានចូលមកស្នាក់នៅយូរ។ លោកថា ពួកគេមួយចំនួន នៅតែមិនរវីរវល់ស្វែងរកឯកសារ ហើយមួយចំនួនទៀត អះអាងថា មានឯកសារតែបាត់បង់ដោយប្រការផ្សេងៗ។

ទោះជាយ៉ាងណា លោក សុខ ផល ស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យ លើកជនអន្តោប្រវេសន៍ទាំងអស់ ដែលប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី និងមិនមានឯកសារសោះនោះ និងត្រូវបញ្ជូនពួកគេទៅស្រុកកំណើតវិញ និងធ្វើការទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីនោះ ទៅចុះឈ្មោះបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ “…ការងារបន្ដ ក្រសួងមួយដឹកនាំ ដោយក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងស្នើបដិសេធឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី កាន់កាប់ដោយជនបរទេសអន្ដោប្រវេសន៍ ឲ្យដំណើរការបានឆាប់ ដើម្បីកុំឲ្យពួកគេមានអត្ដសញ្ញាណបណ្ណ ទៅចុះឈ្មោះបោះឆ្នោតបាន នាពេលខាងមុខ…”។

នៅក្នុងសេចក្ដីប្រកាសប្រព័ត៌មានចុះថ្ងៃទី១៨ ខែសីហា របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនេះ នឹងស្នើទៅក្រសួងយុត្តិធម៌ ដើម្បីសុំបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម។

លិខិតដដែលសរសេរបន្តថា គណបក្សសង្គ្រោះជាតិ នឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវ និងចាត់វិធានការចំពោះការផ្ដល់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសនីតិវិធីច្បាប់ និងដើម្បីចូលរួមចំណែកក្នុងការជំរុញឲ្យដំណើរការបោះឆ្នោតនាពេលខាងមុន កាន់តែប្រសើរ។

ការស្នើនេះ ស្របពេលដែល មន្ត្រីជាន់ខ្ពស់ គ.ជ.ប មួយរូបកាលពីថ្ងៃទី១២ ខែសីហា បានមានប្រសាសន៍ថា ជនបរទេស ដែលមានសញ្ជាតិខ្មែរ មានអត្តសញ្ញាណបណ្ណខ្មែរ គឺអាចចុះឈ្មោះ និងបោះឆ្នោតបាន ទោះបីមិនចេះភាសាខ្មែរក៏ដោយ។

បើតាម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៦ ចំនួនជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា មានការកើនឡើងជាលំដាប់។ លោកថា ជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង និងខេត្តព្រៃវែង៕

ប្រភព៖ VOD


Related Posts