សមាគមខ្មែរក្រោមសាទរអាជ្ញាធរមិនចាប់បញ្ជូនខ្មែរក្រោមទៅវៀតណាម

អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា សាទរចំពោះអាជ្ញាធរខ្មែរដែលមិនចាប់បញ្ជូនពលរដ្ឋខ្មែរក្រោមទៅកាន់ប្រទេសវៀតណាម វិញដូចពលរដ្ឋវៀតណាម ខុសច្បាប់ដទៃទៀត។

អាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ សីហា បានចាប់ខ្លួនជនអន្តោប្រវេសន៍សរុបចំនួន ២១នាក់ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ១៥នាក់ និងខ្មែរក្រោមចំនួន ៦នាក់។ ពួកគេត្រូវបានអាជ្ញាធរបញ្ជូនមកភ្នំពេញកាលពីថ្ងៃទី១៧ សីហា ដើម្បីឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិនិត្យ និងសាកសួរ មុននឹងសម្រេចពីភាពស្របច្បាប់របស់ពួកគេ។

នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ លោក សឺន យឿង ឲ្យដឹងនៅថ្ងៃទី១៨ សីហា ថា ពលរដ្ឋខ្មែរក្រោមទាំង ៦នាក់នោះ ត្រូវបានអាជ្ញាធរដោះលែងវិញហើយកាលពីល្ងាចថ្ងៃទី១៧ សីហា។ លោកថា ពួកគេបានវិលត្រឡប់ទៅកាន់ខេត្តសៀមរាប រួចហើយ៖ ««គេដោះលែង គឺគាត់មានអត្តសញ្ញាណប័ណ្ណនៅប្រទេសវៀតណាម គេបញ្ជាក់ខាងក្រោយថា ខ្មែរច្បាស់ហើយ ហើយមានមួយចំនួនទៀតគាត់មានលិខិតស្នាម ដូចជាបញ្ជីជាតិ ប័ណ្ណគ្រួសារនៅហ្នឹងដូចខ្មែរអ៊ីចឹង ប៉ូលិសត្រូវមានការដោះលែង»។

អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា តែងអំពាវនាវឲ្យអាជ្ញាធរខ្មែរកុំចាប់បញ្ជូនពលរដ្ឋខ្មែរក្រោមត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញ។ អង្គការខ្មែរក្រោមអះអាងថា ពលរដ្ឋខ្មែរក្រោមក៏ជាខ្មែរដែរ ដូច្នេះពួកគេគួរត្រូវបានអនុញ្ញាតឲ្យរស់នៅលើទឹកដីកម្ពុជា ដូចពលរដ្ឋខ្មែរដទៃទៀត៕

ប្រភព៖ RFA


Related Posts