អគ្គិសនី​កម្ពុជា​រក​ឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​គីឡូ​ភ្លើង​ពលរដ្ឋ​កើន​ឡើង​ខុសប្រក្រតី​

ខេត្តសៀមរាប៖ អាជ្ញាធរអគ្គិសនីកម្ពុជាបានរកឃើញ ពីមូលហេតុដែលនាំឱ្យ គីឡូភ្លើងរបស់ប្រជាពលរដ្ឋ នៅស្រុកក្រឡាញ់ ខេត្តសៀមរាបកើនឡើង ខុសប្រក្រតីហើយ គឺបណ្តាលមកពីបុគ្គលិក របស់ក្រុមហ៊ុនអគ្គិសនីវឌ្ឍនៈអិនធីអង្គរ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ឯកជននៅទីនោះ កត់ត្រាលេខអំណានមិនបានត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
អគ្គិសនី​កម្ពុជា​រក​ឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​គីឡូ​ភ្លើង​ពលរដ្ឋ​កើន​ឡើង​ខុសប្រក្រតី​
លោក លី ឃួង ប្រធានការិយាល័យត្រួតពិនិត្យបរិធាន នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងកាល ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ថា ក្រោយពីប្រជាពលរដ្ឋរស់នៅក្នុង ឃុំកំពុងថ្កូវស្រុកក្រឡាញ់ ខេត្តសៀមរាប បានតវ៉ានៅក្នុងវេទិកាសាធារណៈ អំពីគីឡូភ្លើងរបស់ពួកគាត់មានការកើនឡើង ខុសប្រក្រតីនោះ ពោលគឺមានការកើនឡើងពី១០០គីឡូ ទៅ៧០០ឬ៨០០គីឡូ ហើយផ្ទះខ្លះកើន ដល់ទៅជាង៦ពាន់គីឡូក៏មានដែរ ដែលបញ្ហានេះខាងអាជ្ញាធរអគ្គិសនីកម្ពុជា បានចាត់តាំងមន្ត្រីជំនាញ មួយក្រុមដើម្បីចុះមកស្រាវជ្រាវ។

លោកបញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវទៅគេបានរកឃើញថា គីឡូភ្លើងរបស់ប្រជាពលរដ្ឋ ដែលបានកើនឡើងខុសប្រក្រតី នោះគឺមានដំណើរការធម្មតាមិនមានការលួចកែ ខុសពីសំណៅ ដើមនោះទេ រីឯខ្សែភ្លើងតភ្ជាប់ចរន្តចូលទៅក្នុងផ្ទះប្រជាពលរដ្ឋក៏ មិនបានឆ្លងដែរ ប៉ុន្តែបញ្ហាដែលធ្វើឱ្យ ទិន្នន័យប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារកើនឡើងខុសប្រក្រតីនោះ គឺបណ្ដាលមកពីបុគ្គលិក របស់ក្រុមហ៊ុនអគ្គិសនីខាងលើ កត់ត្រាលេខអំណាននោះមិនបានត្រឹមត្រូវ។

លោក លុច ផ តំណាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី វឌ្ឍនៈអិនធីអង្គរ ដែលជាក្រុមហ៊ុនម៉ៅការផ្គត់ផ្គង់ អគ្គិសនី នៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបនោះ ក៏បានទទួលស្គាល់ថាការ ដែលគីឡូភ្លើង របស់ប្រជាពលរដ្ឋកើនឡើងខុសប្រក្រតីនេះ គឺពិតណាស់ថាបណ្តាល មកពីបុគ្គលិក ជាអ្នកកត់ត្រាលេខអំណានពីមុន បានកត់ចំនួនគីឡួមិនឱ្យគ្រប់តាមការប្រើប្រាស់ជាក់ស្តែង។

ហើយនៅពេលដាក់បុគ្គលិកថ្មី ទៅកត់ត្រាឃើញថា មានការកើនឡើងនៃការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ហួសហេតុ។ ពាក់ព័ន្ធរឿងរ៉ាវនេះ គ្រប់ក្រុមការងារដែលពាក់ព័ន្ធទាំងអស់ កំពុងបង្កើននូវកិច្ចប្រជុំដើម្បីរកវិធីដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត៕

ប្រភព៖ kqube

  • អគ្គិសនី​កម្ពុជា​រក​ឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​គីឡូ​ភ្លើង​ពលរដ្ឋ​កើន​ឡើង​ខុសប្រក្រតី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: