ក្រសួង​អប់រំ​បញ្ជូន​ហិប​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប​ដល់​គោលដៅ​ទូទាំង​ប្រទេស

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដឹក​ហិប​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ដល់​រាជធានី-​ខេត្ត ទាំង ២៥​រួច​ហើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ​យុវជន និង​កីឡា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឲ្យ​ដឹង​ថា ហិប​វិញ្ញាសា​ទាំង​អស់​នោះ​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​សាលា​រាជធានី-​ខេត្ត ដោយ​មាន​ការ​ចូល​រួម​ឃ្លាំមើល​ពី​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​នៃ​អង្គភាព​ប្រឆាំង​អំពើ​រលួយ។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ដោយ​មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ១៥៧ ចែក​ចេញ​ជា ៣.៧៨១​បន្ទប់ និង​មាន​បេក្ខជន​ចូល​រួម​សរុប​ជិត ៩​ម៉ឺន ៤​ពាន់( ៩៣.៧៥២) នាក់ (ស្រី ៤៥.២៣៧​នាក់)។

ក្រសួង​អប់រំ​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​បេក្ខជន​ លេខ​តុ លេខ​បន្ទប់ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង ក្រសួង​នឹង​បិទ​ផ្សព្វផ្សាយ​តាម​មណ្ឌល​ប្រឡង​ ចាប់​ពី​ម៉ោង ​៩​ព្រឹក ​ថ្ងៃ​ទី​២១ ខែ​សីហា។

លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រកាស​នៅ​រសៀល​​ថ្ងៃ​ទី​១៣ ខែ​​កញ្ញា ឆ្នាំ​២០១៦ ចំពោះ​មណ្ឌល​ប្រឡង​ក្នុង​​រាជធានី​ភ្នំពេញ និង​ខេត្ត​​កណ្ដាល។ រី​ឯ​បណ្ដា​ខេត្ត​ផ្សេង​​ទៀត​ នឹង​ប្រកាស​​នៅ​​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​​កញ្ញា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។