កម្ពុជា​បានត្រឹមតែ​ផ្ញើ​កំណត់​ទូត ​ពេលដែលភាគី​យួន​នៅតែ​បំពាន​លើ​បូរណភាព​ទឹកដី​តាម​ព្រំដែន​

ចាប់តាំងពី​អំឡុង​ចុងខែ​កក្កដា ឆ្នាំ​២០១៦​រហូតមក ទាហាន​យួន​បាន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​ថ្មី​ចំនួន​២​តាម​តំបន់​ព្រំដែន​នៃ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​អាជ្ញាធរ​យួន​បាន​ស្នើសុំ​សាងសង់​ស្នាក់ការ​ថ្មី​នៅ​ស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាយ ទល់មុខ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ បន្ថែមទៀត​ដែល​បញ្ហា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា ភាគី​យួន​នៅតែ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​នៅតែ​តំបន់​ព្រំដែន​ក្នុង​ក្រុង​បាវិត ក៏​ភាគី​យួន​ចូលមក​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ឯកតោភាគី​រំលោភ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។

កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​កំណត់​ទូត​ថ្មី​លើក​ទី​២៣ ស្នើសុំ​ឲ្យ​យួន​ឈប់​សាងសង់​ប៉ុស្ដិ៍​យាម​និង​ឈប់​បើកដៃ​ឲ្យ​ពលរដ្ឋ​យួន​រំលោភ​លើ​តំបន់ហាមឃាត់​ជាប់​ព្រំដែន​។ កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​ជំរុញ​ឲ្យ​ភាគី​យួន​អនុវត្តន៍​តាម​សំណើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​នោះទេ ព្រោះ​កន្លងមក​រដ្ឋាភិបាល​ក​ម្ពុ​ជា​មិនបាន​ចាត់វិធានការ​ជាក់ស្ដែង​នៅតាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​អំពើ​រំលោភ​ឈ្លានពាន​ពី​សំណាក់​ភាគី​យួន​នោះឡើយ​។ ហេតុនេះហើយ​ទើប​យួន​នៅតែ​បន្ត​ចូលមក​សង់​ប៉ុស្ដិ៍​ឈរជើង ក៏ដូចជា​ជីក​ស្រះ​ទឹក​និង​ធ្វើ​ផ្លូវ​តាម​ព្រំដែន​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ ចំណែក​អាជ្ញាធរ​ខ្មែរ​បានត្រឹមតែ​ធ្វើ​របាយការណ៍​មក​ថ្នាក់លើ​ប៉ុណ្ណោះ​។

នៅក្នុង​កំណត់​ទូត​៤​ទំព័រ​ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ក្រសួងការបរទេស​ក​ម្ពុ​ជា បានស្នើ​ឲ្យ​រដ្ឋាភិបាល​យួន​បញ្ឈប់​សកម្មភាព​សាងសង់​ជាបន្ទាន់ ដើម្បី​រក្សា​បរិស្ថាន​នៅក្នុង​តំបន់​នោះ​ឲ្យ​បាន​ដូចដើម​វិញ​។ កំណត់​ទូត​របស់​កម្ពុជា​បាន​រំលឹកថា ភាគី​យួន​ត្រូវ​ចាត់វិធានការ​រារាំង​កុំ​ឲ្យ​ប្រជាជន​ខ្លួន​ចូលមក​ដាំ​ដុះ​ឬ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​កំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​។ លើស​នេះ​ទៅទៀត​នៅក្នុង​កំណត់​ទូត​លើក​ទី​២៣​របស់​កម្ពុជា បាន​រំលឹក​ឲ្យ​ភាគី​យួន​ត្រូវគោរព​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុ​ម្មុយ​និ​ស​យួន កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ហូជីមិញ​។

​អ្នកតាមដាន​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បាន​លើកឡើងថា កំណត់​ទូត​របស់​កម្ពុជា​ផ្ញើ​ទៅ​រដ្ឋាភិបាល​យួន គឺ​មិនបាន​ទទួលលទ្ធផល​អ្វី​ជា​វិជ្ជមាន​នោះទេ ព្រោះ​កន្លងមក​ភាគី​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ច្រើនលើក​មកហើយ​ពុំមាន​លទ្ធផល​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ភាគី​យួន​នៅតែ​ធ្វើ​សកម្មភាព​សាងសង់​ប៉ុស្ដិ៍​យាម សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន និង​ចូលមក​ជីក​ស្រះ​ក្នុង​តំបន់ស តាម​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ជាក់ស្ដែង​បញ្ហា​ទាំងនេះ​កំពុង​កើតឡើង​តាម​តំបន់​ព្រំដែន​នៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី និង​តាម​តំបន់​ព្រំដែន​នៃ​ក្រុង​បាវិត ខេត្តស្វាយរៀង​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ភាគី​យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

19467e38-8941-40a6-98fb-f464573f4bd8 fc8d0279-e4df-4231-aa3e-bb7b818e43e3 e348eca9-ebe9-4731-9eaa-8fca6bdd801c