បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង មាន​ជាប់​ពាក់ព័ន្ធនឹង​មន្ត្រី​បរិស្ថាន​

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ព្រៃឈើ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ក៏ដូចជា​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នោះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​និង​ជនល្មើស​ចូល​កាប់​ឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ទើប​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​គ្មាន​ទីបញ្ចប់​។ ដូច្នេះ​លោក សាយ សំ​អាល់ ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ និង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់ ព្រោះ​បទល្មើស​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។

សកម្មជន​ការពារ​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​ក្នុងស្រុក​ភ្នំក្រវាញ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ស្រុក​ថ្មបាំង និង​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ដូច​រៀបរាប់​ខាងលើ​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយមាន​ការបែងចែក​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាពិសេស​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវគេ​កាប់​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តតាកែវ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​គោយន្ត រទេះគោ​ក្របី និង​រថយន្ត​ដឹកឈើ​ចេញពី​ព្រៃ​យ៉ាង​អនាធិបតេយ្យ ហើយ​គ្មាន​មន្ត្រី​បរិស្ថាន ឬ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល និង​កងរាជអាវុធហត្ថ ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​អះអាងថា​ពុំមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​កើតឡើង​នោះ គួរ​ទៅពិនិត្យ​ជាក់ស្ដែង​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខ្លះ​ផង​។ ដោយហេតុថា បច្ចុប្បន្ន​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​លាតសន្ធឹង​លើ​ផ្ទៃ​ដៃ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ កំពុង​កើតឡើង​យ៉ាង​មហន្តរាយ ដោយ​មន្ត្រី​បរិស្ថាន ឬ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​។ ជាពិសេស​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផងដែរ ទើប​ពួកគេ​នាំគ្នា​សម្ងំស្ងៀម​ក្នុងខណៈដែល​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

452015100657say_sam_alលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 15f2a35e-d349-40b5-9ae1-b8dbfd8a9c1a