មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង

បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បានកើត​ឡើងជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាពិសេស​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​ដីព្រៃ​ស្រោង​រាប់ពាន់​ហិកតា​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុង​ប្រឈម​នឹង​ការប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​យ៉ាង​មហន្តរាយ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ផងដែរ​ចំពោះ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ព្រោះ​ពួកគេ​កំពុង​ប្រើប្រាស់​តួនាទី​ដើម្បី​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។

ថ្មីៗ​នេះ​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រាសាទ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បទល្មើស​កាប់​ព្រៃ​សហគមន៍​ទន្ទ្រាន​យក​ដី​តាម​អំពើ​ចិត្ត ហើយ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រាសាទ បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​អាវុធហត្ថ​២​នាក់​បានចេញ​មុខការ​ពារ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ ដូច្នេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រី​អ​អ្គ​ការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រី​អាវុធហត្ថ​យក​តួនាទី​និង​អំណាច​របស់ខ្លួន​ទៅ​កាង​ឈ្មួញ​កាត់​រាន​ដីព្រៃ​ទន្ទ្រាន​យក​ដី គឺជា​អំពើ​ខុសច្បាប់ ដូច្នេះ​អភិបាលខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​បំផុត​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រាសាទ បាននាំគ្នា​ចុះ​ល្បាត​ក្នុងព្រៃ ហើយ​ប្រទះឃើញ​មន្ត្រី​អាវុធហត្ថ​២​នាក់​បាន​យក​តួនាទី​ការពារ​ក្រុម​ជនល្មើស​កាប់​ព្រៃ​សហគមន៍​ទន្ទ្រាន​យក​ដី​នៅ​ចំណុច​ទួល​អូរ​អណ្ដើក​ជាប់​ផ្លូវ​ទៅ​ឃុំ​ចម្ការលើ​។ ប្រជា​សហគមន៍​បានឃើញ​កម្មករ​មួយក្រុម​ខ្លះ​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​ខ្លះទៀត​ប្រើ​កាំបិត​ពូថៅ​កាប់​រាន​ព្រៃ​សហគមន៍​អស់​ប្រហែល​ជាង​៣​ហិកតា ហើយ​ពួកគាត់​មិន​ហ៊ាន​ទប់ស្កាត់​ទេ ព្រោះ​មន្ត្រី​អាវុធហត្ថ​២​នាក់​នោះ​ឈរ​យាម​ការពារ​ក្រុម​ជនល្មើស​យ៉ាង​គឃ្លើន​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រាសាទ បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាបន្ទាន់ ព្រោះ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​៕

17132055175_17e598296f_oលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ 9024ee62-52f3-44ab-b38a-7a54457c5831