​លោក អេង ឆៃអ៊ាង បានលើកឡើង​អំពី​ភាពល្អប្រសើរ​ជាង​មុន ចំពោះ​ការចុះឈ្មោះ​បោះឆ្នោត​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ចុង​សប្តាហ៍​នេះ​បានលើកឡើង​អំពី​ភាពល្អប្រសើរ​ជាង​មុន ចំពោះ​ការចុះឈ្មោះ​បោះឆ្នោត​។ ការបញ្ជាក់​របស់លោក អេង ឆៃអ៊ាង ត្រូវគេ​សង្កេតឃើញថា​កើតឡើង​ស្រប​ពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​ធ្វើ​យុទ្ធនា​ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ពិសេស​ពលករ​នៅក្រៅ​ប្រទេស ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​    ​ថ្លែង​នៅក្នុង​វេទិកា​នយោបាយ​ប្រធានបទ​ដំណើរការ​បោះឆ្នោត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​អំពី​ភាពល្អប្រសើរ​ជាង​មុន ចំពោះ​ការចុះឈ្មោះ​បោះឆ្នោត មាន​៣​ចំណុច​គឺ​៖ ទី​១-​ការប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ទី​២-​ការឃ្លាំមើល​ពី​អន្ដរជាតិ​និង​ទី​៣-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​

​ចំណែក លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ ក៏បាន​បញ្ជាក់ដែរថា សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ប្រជាពលរដ្ឋ​ខ្មែរ អាច​ការពារ​មាតុភូមិ​យើង ពី​ការគំរាមកំហែង​ពី​ខាងក្រៅ ការពារ​របប​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ ការពារ​យុ​តិ្ត​ធម៌​សង្គម ទប់ស្កាត់​អំពើពុករលួយ បែងចែក​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ជាដើម​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ការដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺជា​កាតព្វកិច្ច​ស្នេហា​ជាតិ ហើយក៏​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ច្ស​ច អេ​ដ​ហ្គា  ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប កាលពីពេល​ថ្មីៗ ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឆ្នាំ​២០១៦ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាមួយ​សហភាព​អឺរ៉ុប បាន​ថ្លែងថា បើទោះជា​សហភាព​អឺរ៉ុប​ផ្តល់ជំនួយ​និង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ក៏ដោយ ក៏​សហភាព​អឺរ៉ុប​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ទៅលើ​ការប្រើប្រាស់​ច្បាប់​ក្នុង​រូបភាព​គំរាមកំហែង​ទៅលើ​អ្នកនយោបាយ​គណបក្សជំទាស់ និង​មន្ត្រី​សង្គម​ស៊ីវិល ក្នុងនោះ​ក៏មាន​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក នី ចរិយា ជាដើម​៕

13612161_821121801323117_3708636915619850542_n