ឈ្មួញ​យួន​អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ខេត្តឧត្ដរមានជ័យ ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង យ៉ាង​រលូន​

ថ្មីៗ​កន្លងទៅនេះ​ករណី​ឈ្មួញ​យួន​ឈ្មោះ​យាយ​ម៉ា​យ ដែល​ល្បី​ខាង​ប្រមូល​ទិញ​ឈើ​គ្រញូង​ក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​បើករថយន្ត​របស់ខ្លួន​បំ​បុក​រថយន្ត​អ្នកសារព័ត៌មាន​ដែល​ឃ្លាំមើល​សកម្មភាព​ដឹកឈើ​គ្រញូង​ខុសច្បាប់ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ដោយហេតុថា​យាយ​ម៉ា​យ ជា​ជនជាតិ​យួន​សោះ​បែរ​ជាមាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុង​ការប្រមូលទិញ​ឈើ​គ្រញូង​តាម​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង តាម​អំពើ​ចិត្ត​។ ទាក់ទង​បញ្ហា​នេះ​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន ជាពិសេស​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តឧត្ដរមានជ័យ ទើប​យាយ​ម៉ា​យ ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់​នៅលើ​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ឈ្មោះ​យាយ​ម៉ា​យ និង​បក្ខពួក​ឈ្មោះ ហេង បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​តាម​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ជាច្រើន​គ្រឿង​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង​។ ឈើ​គ្រញូង​ដែល​យាយ​ម៉ា​យ និង​ឈ្មោះ ហេង ប្រមូល​ទិញ​បាន​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ គឺ​ដឹកជញ្ជូន​ឆ្លងកាត់​ក្រុង​សំរោង ឆ្ពោះ​មក​ខេត្តបន្ទាយមានជ័យ ឡើងលើ​ផ្លូវជាតិ​លេខ​៥​ឆ្លងកាត់​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ហើយ​ឆ្លងស្ពាន​ព្រែក​ក្ដាម​ចូលទៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ចូលទៅ​ខេត្តស្វាយរៀង ដើម្បី​ចេញ​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​នេះ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​យួន​ឈ្មោះ​យាយ​ម៉ា​យ បាន​ឲ្យ​ដឹងថា ពេលខ្លះ​យាយ​ម៉ា​យ ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​រាជធានី​ភ្នំពេញ ហើយ​លើកដាក់​រថយន្តក្រុង​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង​ដូចគ្នា​។

តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​មិន​ឃុបឃិត​បើកដៃ​ទេនោះ គឺ​រថយន្ត​ដឹកឈើ​គ្រញូង​របស់​យាយ​ម៉ា​យ អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​នៅតាម​ដងផ្លូវ​ពី​ខេត្តឧត្ដរមានជ័យ រហូតដល់​ខេត្តស្វាយរៀង មាន​សមត្ថកិច្ច​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង​។ ឈើ​គ្រញូង​របស់​យាយ​ម៉ា​យ ភាគច្រើន​ដឹក​តាម​រថយន្ត​កាមរី​ប៉ា​ឡែ​ន ហើយ​ឈ្មួញ​រូបនេះ​ចេះ​បែងចែក​ផលប្រយោជន៍​សម្រាប់​សម​ត្ថ​កិច្ច​នៅតាម​ដងផ្លូវ ក៏ដូចជា​ចេះ​រត់ការ​បើកផ្លូវ​ទើប​អាច​គេច​ផុតពី​ការបង្ក្រាប ហើយ​បាន​ទៅដល់​គោលដៅ​យ៉ាង​ស្រួលៗ​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ផងដែរ​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ករណី​ឈ្មួញ​យួន​អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ខេត្តឧត្ដរមានជ័យ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​៕

1-182ឈ្មួញយួនឈ្មោះ យាយម៉ាយ 2-2-640x404 - Copy - Copy Osmach06-1 148a5a0c4a8ba8d4e99ec290c0ee567518530c8a