រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​មាន​វិធានការ​លើ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​នៅ​តំបន់ភ្នំ​គូលែន​

បទល្មើស​កាប់​ឈើ​នៅលើ​ខ្នងភ្នំ​គូលែន នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន ត្រូវបាន​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាច្រើន​នាក់​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បើកដៃ​ឲ្យ​ជនល្មើស​ចូល​កាប់​ឈើ​និង​អារឈើ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​ថ្មីៗ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ភ្នំ​គូលែន​ចំនួន​៩​នាក់ បានដាក់​ពាក្យបណ្ដឹង​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​អនុប្រធាន​មន្ទីរ​បរិស្ថាន​ម្នាក់ និង​នាយករង​ឧទ្យាន​ជាតិ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ធំៗ​៦​ដើម​នៅលើ​ខ្នងភ្នំ​គូលែន​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ខិលខូច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៩​នាក់​បាន​ប្ដឹង​លោក ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ឈ្មោះ សួស្ដិ៍ សាខា​ន់ នាយករង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន ពីបទ​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​។ បណ្ដឹង​នោះបាន​ដាក់ចូល​មន្ទីរ​ប​រិ​ស្ថាន​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ក្រោយពេល​មន្ត្រី​ទាំង​២​នាក់​នោះ​ឃុបឃិត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​៦​ដើម​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​រលូន​។ ដូច្នេះ​លោក ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ និង​ឈ្មោះ សួស្ដិ៍ សាខា​ន់ មិនអាច​ដោះសា​បិទបាំង​ការពិត​បានទេ ព្រោះ​ក្នុង​ពាក្យបណ្ដឹង​បាន​លាតត្រដាង​យ៉ាងច្បាស់​អំពី​រឿង​ហេតុដែល​កើតឡើង​។ ចំណែក​ក្រុម​ឈ្មួញ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ ក៏​គួរ​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់​ផងដែរ ព្រោះ​ពួកគេ​បំផ្លាញ​ធនធានធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​យ៉ាង​គឃ្លើន​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​នៅ​តំបន់ភ្នំ​គូលែន ក៏​អាចមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ផងដែរ ដោយហេតុ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ភួង ឌី​ណា ទេនោះ​គឺ​លោក ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ និង​ឈ្មោះ សួស្ដិ៍ សាខា​ន់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ លើស​នេះ​ទៅទៀត​កន្លងមក​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន កើតឡើង​ឥតឈប់ឈរ​ហើយ​មិនដែល​ឃើញ​លោក ភួង លី​ណា ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ មន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​កាប់​ឈើ​នៅក្នុង​ឧទ្យាន​ជាតិ ព្រោះ​លោក ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ និង​ឈ្មោះ សួស្ដិ៍ សាខា​ន់ អាចធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក ភួង លី​ណា ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​ស្ងៀមស្ងាត់​៕

9dd118ec-71e3-4821-bcf5-50d8cd37e86a fc5cdfb6-19e8-4008-94c2-f7605ef2c5da 08678804-5da9-4215-aae4-2ef75d99077f