លោក សម រង្ស៊ី បញ្ជាក់ថា បំណង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រួស​ត្រាយផ្លូវ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ​បានបញ្ជាក់​ថា​បំណង​របស់លោក កឹម សុខា​និង​រូបលោក ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ត្រួសត្រាយ​បើកផ្លូវ​ឲ្យ​យុវជន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គាល់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​លើទឹក​ដី​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ​មាន​បញ្ហា​ច្រើនណាស់​ដែល​ត្រូវតែ​ដោះស្រាយ​ដោយមាន​ប្រសិទ្ធភាព និង​មាន​ភាព​ស្អាតស្អំ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទម្លុះទម្លាយ​រាល់​ឧបសគ្គ ដែល​របប​ផ្តាច់ការ​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង បានដាក់​បាំង​ផ្លូវ​ប្រជារាស្ត្រ​ខ្មែរ មិន​ឲ្យ​យើង​ធ្វើដំណើរ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​នាំមក​នូវ​យុត្តិធម៌ និង​ភាពរុងរឿង ព្រមទាំង​រំដោះ​ប្រទេសជាតិ​យើង​ពី​ក្រញាំ​បរទេស​ឈ្លានពាន​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា រូបលោក​និង​លោក កឹម សុខា ទាំងពីរ​នាក់​មិនមាន​បំណង​ក្រាញ​អំណាច ផ្ទេរអំណាច ទៅ​ឲ្យ​កូន​យើង​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​យើង​កាន់អំណាច​ត​ពូជ​នោះទេ​។ បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​យើង គឺ​គ្រាន់តែ​បើកផ្លូវ ឬ​បើកទ្វារ​មួយ​យ៉ាង​ពិបាក ដើម្បី​ឲ្យ​យុវជន​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​អាចឈាន​ចូលដល់​យុគសម័យ​ថ្មី​មួយ ដែលជា​ការបញ្ចប់​ជា​ស្ថាពរ នូវ​របប​ខ្មែរក្រហម​រណប​ចិន និង​ខ្មែរក្រហម​រណប​យួន​ដែល​ចេញ​មកពី​ប្រភព​តែមួយ​គឺ​កុ​ម្មុយ​និ​ស្ត​ផ្តាច់ការ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ តស៊ូ​រហូតដល់​សព្វថ្ងៃ​នេះ​មិនមែន​សម្រាប់តែ​ការសម្រេច​ជោគជ័យ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​នោះទេ តែ​ក៏​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​មនុស្ស និង​យុវជន​ជំនាន់​ក្រោយ​ផងដែរ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ក្នុង​កាលៈទេសៈ​ក្នុងពេល​បច្ចុប្បន្ន វា​ចាំបាច់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​យុវជន​បានឃើញ​ពី​សកម្មភាព និង​ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​នោះ​គឺ​បើទោះជា​បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​រៀបចំ​យន្តការ​ផ្ទេរអំណាច​ឲ្យ​យុវជន ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ក្រាញ​អំណាច​ឡើយ​៕

14079482_1170240436366021_3484433433688178747_n