ធ្វើ​កម្មករ​នៅ​ម៉ា​ឡេ​ស៊ី​បាត់​ដំណឹង​ស្មានថា​ស្លាប់ ១០​ឆ្នាំ​ក្រោយ​ឃើញ​នៅ​ជាមួយ​ប៉ូលិស​ខេត្តរតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ដែល​ចេញ​ទៅ​ ធ្វើការ​ជា​កម្មករ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​បាន​បាត់​ខ្លួន​ជាង​១០​ឆ្នាំ ដែល​ក្រុម​គ្រួសារ​ស្មានថា​ ស្លាប់​បាត់​ទៅ​ហើយ ព្រោះ​គ្មាន​ដំណឹង​សូន្យឈឹង ស្រាប់តែ​បាន​ជួប​ខណៈ​ សម្ងំ​រស់​យ៉ាង​សុខសាន្ត​ នៅ​ក្នុង​បរិវេណ​អង្គភាព ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៅ​វិញ ។

បុរស​នេះ​ឈ្មោះ នឿ​ម កឿ​ម អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ដុប​ត្នោត ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ មក​ទទួលយក​ទៅ​ស្រុក​កំណើត​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៩ សីហា នៅ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​ ខេត្ត​ដែល​មាន​បងស្រី​ឈ្មោះ នឿ​ម លៃ អាយុ​៤៨​ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ នឿ​ម នី អាយុ​៣២​ឆ្នាំ ជា​អ្នក​មក​ទទួល​ដោយ​ផ្ទាល់ ។

តាម​ការ​រៀបរាប់​ពី​សាច់ញាតិ​ថា បុរស​នោះ​បាន​បាត់​ខ្លួន​តាំងពី​ ចេញ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី តាំងពី​១០​ឆ្នាំ​មុន មិន​ចាំ​ថ្ងៃខែ​នឹក​ស្មានថា ស្លាប់​បាត់​ទៅ​ហើយ និង​បាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ ជូន​រួច​អស់ហើយ​ដែរ ក៏​ស្រាប់តែ​ទទួល​ដំណឹង​ រៀបរាប់​ពី​ភិនភាគ​អ្នក​បាត់​ខ្លួន​នេះ ទើប​ឡើង​មក​ទំនាក់ទំនង​ សមត្ថកិច្ច​ក៏​ស្គាល់​ច្បាស់​ថា ត្រូវជា​បងប្អូន​បង្កើត​ពិតប្រាកដ​មែន ។

នៅ​ក្នុង​ហេតុការណ៍​ ស្មាន​មិន​ដល់​នេះ គេ​ឃើញ​សាច់ញាតិ​បងប្អូន​ទាំង​៣​នាក់ ពេល​ជួប​គ្នា​គ្រាន់តែ​ ក្រឡេក​ឃើញ​ភ្លាម ក៏​ស្ទុះ​ឱប​គ្នា​ដោយ​ក្ដី​នឹក រលឹក​ក្នុង​ចិត្ត​ត្រេកអរ​រំភើប​មិន​នឹក​ស្មានថា បាន​ជួប​គ្នា​វិញ​ពេល​នេះ​ទេ និយាយ​ស្ដី​លែង​ចេញ បាន​ត្រឹមតែ​បង្ហូរទឹកភ្នែក​ដាក់​គ្នា​ប៉ុណ្ណោះ សូ​ម្បី​តែ​សម្ដី​មួយ​ម៉ាត់​អំពី​ការ​ សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​រកគ្នា ក៏​និយាយ​មិន​ចេញ ដែរ ។

សម្រាប់​ពេល​បច្ចុប្បន្ន​ ជា​សម័យកាល មាត់ទិព្វ ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ទៅ​ហើយ ហេតុ​អ្វី​ក៏​បានជា​បែក​គ្នា​ ដល់​ទៅ​ជាង​១០​ឆ្នាំ ស្មានថា​ស្លាប់​បែប​នេះ​ទៅ​វិញ ។ រឿងរ៉ាវ​នេះ វា​គួរតែ​កើតឡើង​ នៅ​ក្នុង​សម័យ​សង្គ្រាម​ កាលពី​ជាង​៣៩​ឆ្នាំ​មុន មិន​គួរ​កើត​មាន​ក្នុង​សម័យ​ទំនើប​នេះ​សោះ ។

នៅ​ក្នុង​រឿងរ៉ាវ​បុរស​វង្វេង​ រក​ស្រុក​កំណើត​និង​ផ្ទះ​ មិនឃើញ​នោះ ខាង​សមត្ថកិច្ច​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា បុរស​នេះ​ត្រូវ​បាន​បញ្ជូន​ មក​ពី​ប្រទេស​វៀតណាម​ តាំងពី​អំឡុង​ឆ្នាំ​២០០២ ជំនាន់​អតីត​លោក យឿ​ង បា​លូ​ង ជា​ស្នងការ​នគរបាល​ខេត្ត ។

ដោយសារ​បុរស​នោះ ប្រហែលជា​ទៅ​ធ្វើ​ជា​កម្មករ​ នេសាទ​កណ្ដាល​សមុទ្រ ហើយ​ទទួល​រង​ខ្យល់ព្យុះ​វង្វេង អណ្ដែត​ចូល​ដល់​ សមុទ្រ​វៀតណាម ក៏​ត្រូវ​កងទ័ព​វៀតណាម​ប្រទះ​ឃើញ​ជួយ​សង្គ្រោះ​ជីវិត​ រួច​បញ្ជូន​មក​កម្ពុជា តាម​រយៈ​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្តរតនគិរី ។

ប៉ុន្តែ​ខណៈ​ពេល​នេះ បុរស​នេះ​មាន​សតិ​ មិន​គ្រប់​ជា​មនុស្ស​វង្វេងស្មារតី សួរនាំ​រក​ស្រុក​កំណើត​ក៏​មិនដឹង​ដែរ ទើប​សម្រេច​ឱ្យ​ស្នាក់​នៅ​ក្នុង​ បរិវេណ​ស្នងការដ្ឋាន ដោយ​មាន​នគរបាល​ជួយ​ផ្គត់ផ្គង់​ រាល់​ការ​ហូប​ចុក​រហូត​មក ។ ហើយ​មាន​ពេល​ខ្លះ​ ជួយ​សម្រួល​ឱ្យធ្វើ​ការងារ​រើស​ ស្វាយចន្ទី​ឱ្យ​គ្រួសារ នគរបាល គ្រាន់​បាន​កម្រៃ​ចិញ្ចឹមជីវិត ហើយ​ក៏​ចេះ​តែ​រស់នៅ​ក្រោម​ការ​ មើលថែ​របស់​ស្នងការដ្ឋាន​ នគរបាល​ខេត្ត រហូត​មក ។

សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​នោះ​មានសំនៀង​ ជា​ភាសា​អ្នក​សៀមរាប ហើយ​ក៏​បាន​ចាត់ចែង​បញ្ជូន​ទៅ​សៀមរាប​ ដើម្បី​ស្វែងរក​បងប្អូន​ដែរ ប៉ុន្តែ​បុរស​នោះ​ប្រកែក​មិន​ហ៊ាន​ទៅ​ណា​ទេ សុខចិត្ត​រស់នៅ​ក្នុង​អង្គភាព​ ស្នងការដ្ឋាន​ខេត្តរតនគិរី​វិញ ។

ប៉ុន្តែ​សំណាងល្អ ក្នុង​ពេល​ប៉ុន្មាន​ខែ​ កន្លង​ទៅ​ថ្មី​ៗ​នេះ នគរបាល​ខេត្តរតនគិរី​បាន​ទៅ ប្រជុំ​នៅ​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ នៅ​ក្រសួងមហាផ្ទៃ​ ក៏​បាន​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​នគរបាល ខេត្តសៀមរាប ដើម្បី​ឱ្យ​ជួយ​ស្វែងរក​គ្រួសារ​ណា​ ដែល​បាត់​ខ្លួន ដោយ​រៀបរាប់​ភិនភាគ ទើប​ឈាន​ដល់​បងប្អូន​ សាច់ញាតិ​បុរស​រូប​នេះ​ ទទួល​បាន​ដំណឹង ក៏​បាន​ឡើង​មក​ជួប​ ផ្ទាល់​ក៏​ស្គាល់គ្នា​ថា ជា​សាច់ញាតិ​ដែល​បាត់​ខ្លួន​កាលពី​ជាង​១០​ឆ្នាំ​មុន​មែន ប្រៀប​ដូច​ឈាមរ​ត់រក​ឈាម ក៏​ទទួលយក​ទៅ​ស្រុក​វិញ​ ក្នុង​ពេល​នេះ​តែ​ម្ដង ។

សូម​បញ្ជាក់​ថា បុរស​ឈ្មោះ នឿ​ម កឿ​ម​នេះ មិន​មាន​ប្រពន្ធ​កូន​នោះ​ទេ សតិ​ស្មារតី​ក៏​នៅ​តែ​ភ្លេចភ្លាំង​និង​ចាំ​ខ្លះ​ៗ​ប៉ុណ្ណោះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្វើ​កម្មករ​នៅ​ម៉ា​ឡេ​ស៊ី​បាត់​ដំណឹង​ស្មានថា​ស្លាប់ ១០​ឆ្នាំ​ក្រោយ​ឃើញ​នៅ​ជាមួយ​ប៉ូលិស​ខេត្តរតនគិរី