បុរសអនាថាទទួលកាដូការងារ១ និងផ្ទះថ្មី១ល្វែង សម្រាប់ទឹកចិត្តស្មោះត្រង់ រើសលុយ១កាបូបប្រគល់ឲ្យម្ចាស់អំណោយវិញ

គូស្នេហ៍អ្នកមានទ្រព្យស្តុក១គូពិតជាមានការរំជួលចិត្តជាពន់ពេក នៅពេលដែលបុរសម្នាក់បានប្រគល់លុយទាំងអស់ឲ្យពួកគាត់វិញ ដែលបានជ្រុះបាត់ជាមួយកាបូប បើទោះបើគាត់ជាជនអនាថាគ្មានទីពឹង តែទឹកចិត្តរបស់គាត់ស្មោះសកម្ររកបានណាស់ ។

ឆ្លើយតបទៅនឹងទឹកចិត្តនឹកស្មានពុំដល់របស់ជនអនាថានេះ គូស្នេហ៍ខាងលើដែលរស់នៅក្នុងប្រទេសថៃ បានសម្រេចចិត្តផ្តល់រង្វាន់ដល់គាត់ តាមរយៈ “ទទួលយក” បុរសនេះធ្វើជាពូធម៌របស់ពួកគាត់ និងផ្តល់ឲ្យគាត់នូវកាដូជាច្រើនទៀត ។

រឿងរ៉ាវនេះបានល្បីសុះសាយ ក្រោយស្ត្រីឈ្មោះ Tarika Patty (អ្នកក្រុងបាងកក) បានសរសេរវានៅលើបណ្តាញសង្គមហ្វេសប៊ុក ។

នាងបានសរសេរថា មិត្តប្រុសនាងមិនបានដឹងថា គាត់បានជ្រុះកាបូបលុយរបស់គាត់នោះទេ ។ តែសំណាង បានជនអនាថាម្នាក់រើសបាន ហើយគាត់បាននាំយកវាទៅកាន់ប៉ុស្តិ៍ប៉ូលីស ។

ប៉ូលីសក៏បានស្វែងរកឃើញម្ចាស់កាបូបលុយនេះ ដែលបានដឹងថា នៅក្នុងកាបូបរបស់គាត់មានលុយសរុបទាំងអស់ THB20,000 (ស្មើនឹង ៥៧៨ ដុល្លារអាមេរិក) ។

បុរសអនាថានេះ ពុំបានយកលុយទាំងនេះសូម្បី១កាក់១សេន បើទោះបីជារូបគាត់កំពុងរស់នៅតាមចិញ្ចើមផ្លូវ អស់រយៈពេលជាង១ឆ្នាំក៏ដោយ ។

នាង Patty និយាយថា នាង និងមិត្តប្រុស បានសម្រេចចិត្តផ្តល់រង្វាន់ដល់បុរសចិត្តស្មោះត្រង់នេះ តាមរយៈផ្តល់ការងារមួយបានធ្វើសមរម្យ, ផ្ទះល្វែង១ និងនាំគាត់ឡើងផ្សារ ដើម្បីទិញសម្លៀកបំពាក់ថ្មី និងរបស់របរមួយចំនួនទៀត ។

បុរសអនាថានេះ ពិតជារំភើបចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ សំរាប់សន្តានចិត្តដ៏សប្បុរសធម៌របស់គូស្នេហ៍នេះ មកលើរូបគាត់ជាជនគ្មានទីពឹងបែបនេះ ៕

23049343m


Related Posts