នៅតែបដិសេធ ទោះក្មេងស្រី​ចង្អុល​ពូហ្នឹង​ហើយ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជាប់​សង្ស័យ​ថា បាន​ប្រទូស្ដ​កេរ្តិ៍ខ្មាស​លើ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ រហូត​ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ហើម​ប្រដាប់​ភេទ និង​មាន​ឈាម​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ឪពុក​ម្ដាយ​នាង​ដឹង រួច​ប្ដឹង​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ​ចាប់ខ្លួន​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ប៉ុន្តែ​ទោះជា​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ក្មេង​ស្រី​រង​គ្រោះ​ថា ជន​នោះ​ជា​អ្នក​ប្រព្រឹត្ត​លើ​នាង​ក្ដី ក៏​បុរស​នោះ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ធ្វើ​ឡើយ។    

ហេតុការណ៍​ចាប់ខ្លួន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជនជាប់សង្ស័យ​ខាងលើ ឈ្មោះ​ពៅ ខន អាយុ​២៩​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​តា​ជ័យ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៥​ឆ្នាំ រង​របួសធ្ងន់ ។

តាម​ពាក្យបណ្ដឹង​របស់​ឪពុក​ម្ដាយ​ក្មេង​ស្រី​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​តាំងពី​អំឡុង​ខែកក្កដា ២០១៦ មក ប៉ុន្តែ​ពួក​គាត់​មិន​បានដឹង​នោះ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៩ សីហា ទើប​រឿង​នោះ​ត្រូវ​បែកធ្លាយ បន្ទាប់​ពី​បានឃើញ​ខោ​កូនស្រី​មាន​ប្រឡាក់​ទៅ​ដោយ​ឈាម​និង និង​មាន​រុយ​តាម​រោម ព្រមទាំង​ធំ​ក្លិនស្អុយ ។

ពេល​នោះ គាត់​បាន​សួរ​កូន​ថា តើ​មាន​គេ​ចាប់រំលោភ​មែន ប៉ុន្តែ​នាង​មិន​និយាយ​ស្ដី ដោយ​មានការ​សង្ស័យ​ខ្លាំង​ពេក គាត់​បាន​ចាប់​ស្រាតខោ​កូន​មើល​ប្រដាប់​ភេទ ទើប​ឃើញ​ហើម​ខុស​ប្រក្រតី និង​មាន​ឈាន​ហូរ និង​ក្លិន​ទើប​ជជីក​សួរ ហើយ​កូនស្រី​គាត់​បាន​ប្រាប់​ថា ឈ្មោះ​ពៅ ខន ហៅ​ប៉ា​អា​សម្បត្តិ ចាប់​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ដាក់​ឱ្យ​ដេក រួច​យកដៃ​រុក​ប្រដាប់​ភេទ​នាង ហើយ​គំរាម​មិន​ឱ្យ​ប្រាប់​គេ​ទេ ។ បន្ទាប់​ពី​ទទួល​បានដឹង​ពី​កូនស្រី​ហើយ ទើប​ពួក​គាត់​នាំ​គ្នា​ដាក់​ពាក្យបណ្ដឹង​ឱ្យ​នគរបាល​ចាប់ខ្លួន​ជន​នោះ នាំ​ទៅ​សាកសួរ​តែ​ម្តង​។

នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជន​នោះ​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​បន្ត ហើយ​ត្រូវ​ជន​នោះ​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទប្រកាន់​របស់​ក្មេង​ស្រី​នោះ​ឡើយ ខ្លួន​ទៅ​ធ្វើការ​រោងចក្រ​បាត់​ៗ មិន​ដែល​នៅផ្ទះ​ទេ មាន​ពេល​ឯណា​ទៅ​ធ្វើ​បែប​នេះនោះ លុះ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ ក៏​ស្រាប់តែ​ត្រូវ​នគរបាល​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង ទាំង​ខ្លួន​មិនដឹង​អី​សោះ ។