ពិត​ជា​អសន្តិសុខណាស់ នៅពេលយប់

ខេត្តបន្ទាយមានជ័យ ​៖ ​ករណី​២​បាន​កើតឡើង​​ស្ថិត​នៅចំណុច​​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​​១-ផ្ទុះអាវុធ​១​គ្រាប់​ និង២-​ចូល​វាយ​ដល់​បន្ទប់​ស្នាក់​នៅ​យក​ទូរ​ស័ព្ទ​អស់​៣គ្រឿង ។​

ករណី​ទី​១នោះ​ គឺបាន​កើតឡើង​កាលពី​ម៉ោងជាង០៨យប់ថ្ងៃទី១៩ សីហា ​ក្នុង​បន្ទប់​ស្នាក់​នៅ​ខាងជើង​ក្លិប​កម្សាន្ត​​បឹង​ស្តារ ​ប្រហែល​៧០​ម៉ែត្រ ​​ដោយ​​ដំបូង​ជនជាតិ​ថៃ​២-៣​នាក់​ ដែល​មក​ស្នាក់​និងធ្វើការ​នោះ កំពុង​អង្គុយ​ហូប​បាយ​​មុខ​បន្ទប់ ​ស្រាប់តែ​ជនសង្ស័យ​មួយ​​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ បាន​សម្រុកចូល​ទៅ​ដណ្តើម​យក​ទូរស័ព្ទ​អស់​៣​គ្រឿង​ ហើយ​​​វាយ​ត្រូវ​ដៃ​ជនជាតិ​ថៃ​ម្នាក់​របួស​ផង​ដែរ ​។

​ដោយឡែក​ ​ករណី​មួយ​ទៀត​ បាន​កើតឡើង​​នៅវេលា​ម៉ោងជាង​០២ទៀប​​ភ្លឺ​ថ្ងៃ​ទី២០ ​សីហា ​គឺមាន​​ជនសង្ស័យ​មួយ​ក្រុមទៀត ​បាន​ផ្ទុះ​​អាវុធ១​គ្រាប់​ មិនដឹង​ថា ​ពួក​គេ​មាន​បញ្ហា​អ្វី​ជាមួយ​ក្រុម​ណាមួយ​នោះ​ទេ​ ។ ក្រោយ​កើតហេតុ​ពួក​គេ​​បាន​បើក​ម៉ូតូ​គេច​អស់​ បន្សល់​​​​តែ​ក្បាល​គ្រាប់​កាំភ្លើង​ខ្លី១​ មិន​ស្គាល់​ម៉ាក​ ។​

ប្រភពពីអាវុធហត្ថ​មួយ​រូប​​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ករណី​ទាំង​២​ខាងលើ​ ពិតជា​កើត​មាន​មែន​ ​​​។​ យ៉ាងណា​ក៏​​ដោយ​ សមត្ថកិច្ច​ដដែល​នេះ​ប្រាប់​ថា​ ជនសង្ស័យ​ក្នុង​ករណី​ទាំង​២ខាងលើ​ បាន​គេចខ្លួន​អស់​ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវ​ជ្រាវហើយ ។