នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្នប្រឈមជាមួយអតីតថ្នាក់ដឹកនាំជុំវិញរឿងអាស្រូវពុករលួយ

បាងកក — អតីតមេដឹកនាំមួយរូបរបស់ម៉ាឡេស៊ី លោក ម៉ាហាធៀ មូហាម៉ាត់ (Mahathir Mohammad) ដែលបានបម្រើការងារជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ បានចាកចេញពីបក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO) និងបានបង្កើតគណបក្សថ្មីមួយក្នុងគោលបំណងប្រមូលផ្ដុំគ្នាប្រឆាំងនឹងការដឹកនាំរបស់លោក ណាជីប រ៉ាហ្សាក់។

គណបក្ស Parti Pribumi Bersatu ឬ Bersatu (United) ត្រូវបានដឹកនាំដោយអតីតឧបនាយករដ្ឋមន្រ្តីមកពីបក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO) លោក មូហីឌិន យ៉ាស់ស៊ីន ដែលកាលនោះលោក យ៉ាស់ស៊ីន ផ្ទាល់ត្រូវបានបណ្ដេញចេញដោយលោកនាយករដ្ឋមន្ត្រី ណាជីប (Najib) ក្រោយពីលោកដេញដោលពីតួនាទីរបស់លោក ណាជីប (Najib) ក្នុងគម្រោងថវិកាដែលហៅថា 1Malaysia Development Berhad ឬ 1MDB។

ការស៊ើបអង្កេតនៅក្នុងប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកតាមរយៈក្រសួងយុត្តិធម៌ផ្ដោតលើការចោទប្រកាន់ទាក់ទងនឹងប្រាក់ជាង៣៥០០លានដុល្លារត្រូវបានផ្ទេរចេញពីគម្រោងថវិកា 1MDB ដែលបានបង្កើតឡើងដោយលោកណាជីប (Najib) កាលពីឆ្នាំ២០០៩។ ការលាតត្រដាងនេះ បានធ្វើឲ្យកម្តៅនយោបាយនៅប្រទេសម៉ាឡេស៊ីកើនឡើងយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយ មួយរយៈពេលកន្លងមកនេះ លោក ណាជីប (Najib) អាចគេចផុតពីការចោទប្រកាន់ពីសំណាក់ក្រុមដែលមានបំណងកម្ចាត់លោកចេញពីដំណែង។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួនដោយអះអាងថា មូនិធិទាំងអស់ត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ ហើយវាគឺជា «ការបរិច្ចាគដ៏សប្បុរស» ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ប្រទេសម៉ាឡេស៊ីត្រូវបានគ្រប់គ្រងដោយគណបក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO) ដឹកនាំរដ្ឋាភិបាលចម្រុះ Barisan National ចាប់តាំងពីការបោះឆ្នោតក្រោយទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៩។ លោក មាហាធៀ (Mahathir) គ្រប់គ្រងស្ថានភាពនយោបាយម៉ាឡេស៊ីទាំងស្រុង រហូតដល់ពេលលោកចុះចេញពីតំណែងក្នុងឆ្នាំ២០០៣។

ប៉ុន្តែនៅពេលដែលរឿងចម្រូងចម្រាស់ស្ដីពីអំពើពុករលួយទាក់ទងគម្រោងថវិកា 1MDB ត្រូវបានលាតត្រដាងកាលពីឆ្នាំទៅ លោក មាហាធៀ (Mahathir) បានអំពាវនាវជាសាធារណៈឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នចាកចេញពីតំណែង។ ហើយនៅពេលដែល លោក មាហាធៀ (Mahathir) មិនអាចបញ្ចុះបញ្ចូលគណបក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO) ឲ្យប្រឆាំងលោក ណាជីប (Najib) បាននោះ លោក មាហាធៀ (Mahathir) ក៏បានចាកចេញគណបក្សនេះ រួចទៅដឹកនាំបក្សប្រឆាំងមួយ។

លោក វីល្លៀម ខេស (William Case) អ្នកវិទ្យាសាស្រ្តនយោបាយមកពីសាកលវិទ្យាល័យ City University ក្នុងទីក្រុងហុងកុងបាននិយាយថា ចំណាត់ការរបស់លោក មាហាធៀ (Mahathir) បង្កើនសំពាធដល់លោក ណាជីប (Najib)។

លោក ខេស និយាយថា៖ «វាជារឿងគួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលអតីតនាយករដ្ឋមន្ត្រី (លោក មាហាធៀ) បានឈានមួយជំហានទៅមុខ។ លោកបានចាប់ផ្ដើមពីអ្វីដែលយើងហៅថា «សេចក្ដីប្រកាសរបស់ពលរដ្ឋ» បន្ទាប់មកក៏ប្ដូរទៅជា «ចលនាសង្គ្រោះម៉ាឡេស៊ី» ហើយលោកបានបន្តប្រើមធ្យោបាយនេះដើម្បីបង្កើតបក្សប្រឆាំងថ្មីមួយ ប្រសិនបើអាចចុះបញ្ជីជាផ្លូវការបាន»។

គណបក្ស Bersatu (United) ត្រូវបានគាំទ្រដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មេដឹកនាំក្រៅផ្លូវការរបស់បក្សប្រឆាំងម៉ាឡេស៊ី ដែលកំពុងជាប់ពន្ធធនាគារប្រាំឆ្នាំ ពីបទល្មើសផ្លូវភេទ ដែលការចោទប្រកាន់នេះត្រូវបានអ្នកគាំទ្រជឿជាក់ថា ជារឿងនយោបាយ។ គណបក្សនេះក៏ទទួលបានការគាំទ្រពីគណបក្សសកម្មភាពប្រជាធិបតេយ្យគាំទ្រចិន-ម៉ាឡេ ហៅកាត់ថា DAP ជាបក្សដែលលោក មាហាធៀ (Mahathir) ធ្លាប់រិះគន់មិនសំចៃមាត់ក្នុងពេលកន្លងមកថាប្រឆាំងនឹងពលរដ្ឋអ៊ីស្លាម និងម៉ាឡេ។

លោក អាន់ដ្រូ អេរៀ សាស្ត្រាចារ្យជំនួយមកពីសកលវិទ្យាល័យ Universiti Malaysia Sarawak បាននិយាយថា ដើម្បីពឹងពាក់អ្នកគាំទ្របក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO) ដែលជាជនជាតិម៉ាឡេ ឬ Bumiputera បក្សប្រឆាំងប្រហែលជាត្រូវផ្ដាច់ខ្លួនចេញពីប្រជាជនចិនម៉ាឡេ ដែលជាអ្នកគាំទ្រសំខាន់របស់គណបក្ស DAP។

លោក អេរៀ បាននិយាយថា៖ «អ្នកគាំទ្រជាច្រើននៅក្នុងបក្ស (Bersatu) សុទ្ធតែជាសមាជិកបក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO)។ ពួកគេបានប្តូរការគាំទ្រ ប៉ុន្តែការប្ដូរនេះគឺប្ដូរជាមួយផ្នត់គំនិតជាក់លាក់មួយ ហើយផ្នត់គំនិតនោះគឺសំដៅលើផ្នត់គំនិតជាតិសាសន៍។ ដូច្នេះ ពួកគេកំពុងតែព្យាយាមកែប្រែ ឬបង្កើតគណបក្ស Barisan National រួបរួមគ្នា»។ លោកសាស្ត្រាចារ្យបានថ្លែងថា គេត្រូវរង់ចាំមើលថាតើគណបក្សនេះនឹងអាចដោះស្រាយភាពខុសគ្នានៅក្នុងបក្សដែរឬទេ។

នៅក្នុងពេលនេះ លោកនាយករដ្ឋមន្ត្រី ណាជីប (Najib) កំពុងប្រឈមមុខបញ្ហាជាច្រើនជាមួយអន្តរជាតិលើការចោទប្រកាន់ពីបទពុករលួយទាក់ទិននឹងការចំណាយខុសខ្ទង់លើមូលនិធិអភិវឌ្ឍន៍។ នៅក្នុងសហរដ្ឋអាមេរិក ពាក្យបណ្ដឹងរដ្ឋប្បវេណីមួយប្រឆាំងនឹងលោក ណាជីប (Najib) សង្ឈឹមថាអាចរឹបអូសបានទ្រព្យសកម្មតម្លៃប្រមាណមួយពាន់លានដុល្លារ ដែលបានផ្ទេរចេញពីមូលនិធិអភិវឌ្ឍន៍ 1MDB ចូលមកសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុនក្លែងក្លាយជាច្រើន។

ប៉ុន្តែអ្នកវិភាគនិយាយថាលោក ណាជីប (Najib) នៅតែមានទំនុកចិត្តក្នុងការប្រឈមមុខនឹងការស៊ើបអង្កេតជាអន្តរជាតិណាមួយ ដោយមានការគាំទ្រពីសំណាក់អ្នកគាំទ្រសំខាន់ៗ រួមទាំងទេសាភិបាលធនាគារកណ្ដាលផងដែរ។

លោក ជេម ឈិន (James Chin) នាយកវិទ្យាស្ថានអាស៊ីប្រចាំសាកលវិទ្យាល័យ Tasmania ប្រទេសអូស្ត្រាលីបានឲ្យដឹងថា ការស៊ើបអង្កេតជាអន្តរជាតិបង្កបញ្ហាកាន់តែធំសម្រាប់ លោក ណាជីប (Najib) ខ្លាំងជាងគូប្រជែងនយោបាយក្នុងស្រុក។

លោក ឈិន (Chin) និយាយថា៖ «តាមគំនិតរបស់ខ្ញុំ វាមិនមែនជាការគំរាមដល់លោក ណាជីប នោះទេ។ ប្រសិនបើយើងក្រឡេកមើលប្រវត្តិសាស្រ្តនយោបាយដែលបានកើតឡើងស្រដៀងគ្នា នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO) បង្កើតបក្សនយោបាយស្រដៀងគ្នាមួយ ដើម្បីប្រកួតប្រជែងជាមួយបក្សអង្គការឯកភាពជាតិម៉ាឡេ (UNMO)។ កាលនោះអ្នកទាំងពីរទទួលបរាជ័យ ហើយខ្ញុំសង្ស័យថា គណបក្សរបស់លោក មហាធៀ (Mahathir) នឹងដើរផ្លូវដូចគ្នា គឺគាត់នឹងបរាជ័យ»។

ប្រទេសម៉ាឡេស៊ីគ្រោងធ្វើការបោះឆ្នោតក្នុងឆ្នាំ២០១៨។ ប៉ុន្តែអ្នកវិភាគមួយចំនួននិយាយថា លោកនាយករដ្ឋមន្ត្រី ណាជីប (Najib) អាចនឹងប្រកាសបោះឆ្នោតមុនពេលកំណត់ ហើយក្នុងនាមជាបេក្ខជនដែលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ធ្វើយុទ្ធនាការបោះឆ្នោតយ៉ាងច្រើន និងទទួលការគាំទ្រពីគណបក្សកាន់អំណាចដែលមានឥទ្ធិពលផងនោះ លោកទំនងជាត្រូវកាន់ដំណែងជានាយករដ្ឋមន្ត្រីដដែល ទោះបីជាមានភាពចម្រូងចម្រាស់យ៉ាងណាក៏ដោយ៕

ប្រភព៖ VOA


Related Posts