​ការអប់រំ​កូន ៖ ពិភពលោក និង​អនាគត គឺ​កូន ជា​អ្នក​កំណត់​

​ការអប់រំ​កូន ៖ ពិភពលោក និង​អនាគត គឺ​កូន ជា​អ្នក​កំណត់​

​តើ​អតីតកាល​ឪពុក​ម្តាយ​អ្នក មាន​សភាព​យ៉ាងណាដែរ​? តើ​វា​ដូច នឹង​ស្ថានភាព​របស់​អ្នក ក្នុង​ពេល​នេះ​ដែរ​ឬទេ​? ជា​ការពិត វា​ប្រហែលជា​មិន​ដូចគ្នា​នោះទេ​។ អាយុ ៤០ ឆ្នាំ ឪពុក​ម្តាយ​របស់​អ្នក មាន​ត្រឹមតែ​កង់​ជិះ ប៉ុន្តែ ពេលនេះ អ្នក​ប្រហែលជា​មាន​ឡាន​ជិះ​ផង​ក៏​មិនដឹង​។​

​នេះ​គឺជាឧ​ទារហណ៍​ដ៏​ល្អ​មួយ ក្នុង​ការបង្រៀន និង​អប់រំ​កូន ឲ្យ​រូប​គេ​យល់​ថា អនាគត​របស់​គេ គឺ​គេ​ជា​អ្នក​កំណត់ មិនមែន​ស្ថិត​លើ ឪពុកម្តាយ ឬ​នរណា​ម្នាក់​នោះទេ​។​

​មនុស្ស​គ្រប់​គ្នា​យល់​ថា កូន​ដែល​កើត​ក្នុង​គ្រួសារ ដែល​គ្មាន​ចំណេះដឹង នឹង​ក្លាយជា​អ្នក​គ្មាន​ចំណេះដឹង​! កូន​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ កម្រ​នឹង​មាន​ឡាន មាន​ផ្ទះសំបែង​ខ្លួនឯង​ណាស់​! ប៉ុន្តែ ការពិត គឺ​វា​ខុស​ទាំង​ស្រុង ហើយ​បើ​យើង​ក្រឡេកមើល អ្នកជំនួញ ឬ​សេដ្ឋី​ស្រុក​ខ្មែរ ភាគច្រើន គឺជា​កូន​កសិករ គ្មាន​ទ្រព្យធន​នោះទេ​។​

​បរិយាកាស ការភ័យខ្លាច និង​អារម្មណ៍​អវិជ្ជមាន អាច​ធ្វើឲ្យ​អ្នក មិន​រីកចម្រើន ប៉ុន្តែ បើ​អ្នក​ខិតខំ ហើយ​ចេះ​គិតគូរ​បាន​វែងឆ្ងាយ វា​នឹង​ក្លាយ​ជា​ទៅ​ជា​ឧបសគ្គ ឬ​បទ​ពិសោធន៍​ដ៏​ល្អ សម្រាប់​អនាគត​របស់​អ្នក​។​

​ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​មិន​ត្រូវ​នាំ​កូន ស្គាល់​តែ​កន្លែង​សប្បាយ កន្លែង​លេង ឬ​រស់​នៅ​ស្រួល​ពេក​នោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​បង្រៀន និង​នាំ​គេ​ទៅ​កាន់​កន្លែង ដែល​គេ​មិន​ធ្លាប់​ជួបប្រទះ ឬ​កន្លែង​ពិបាកៗ ទើប​គេ​ចេះដឹង​ច្រើន អំពី​ជីវិត ហើយ​មាន​ការតស៊ូ​។​

ត្រូវ​បង្រៀន​គេ​ថា ឧបសគ្គ ទុក្ខលំបាក ការខកចិត្ត ជា​រឿង​ចៀស​មិន​រួច ប៉ុន្តែ យើង​ត្រូវ​ជម្នះ និង​ធ្វើ​វា​ឲ្យបាន​ល្អ ដើម្បី​អនាគត​ទៅ​ថ្ងៃមុខ​។​

​អ្នក​ក៏ត្រូវ​បង្រៀន​កូន ឲ្យ​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង សម្រេច​ចិត្ត​ដោយ​ខ្លួនឯង កំណត់​អនាគត​ខ្លួនឯង និង​ត្រៀម​ខ្លួន​ទទួល លទ្ធផល​ដែល​ខ្លួន​បាន​ធ្វើ ... បើ​ធ្វើ​មិនបាន​ល្អ ត្រូវ​ខំ​បន្តទៀត រហូត​ដល់​ជោគជ័យ​៕

​ប្រភព ៖ Lifehack
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។