ក្រោយភ្ញៀវទេសចរវង្វេងក្នុងព្រៃ ក្រសួងទេសចរណ៍រៀបចំស្ដង់ដារថ្មី

ក្រោយភ្ញៀវទេសចរវង្វេងក្នុងព្រៃ ក្រសួងទេសចរណ៍រៀបចំស្ដង់ដារថ្មី



ខេត្ដសៀមរាប ៖ ក្រសួងទេសចរណ៍គ្រោងសហការជាមួយអាជ្ញាធរជាតិអប្សរារៀបចំរបៀបគ្រប់គ្រងអ្នកទេសចរ ដែលមានលក្ខណៈស្តង់ដារជាពិសេសអ្នកទេសចរដែលទៅទស្សនានៅតាមរមណីយដ្ឋាននានាតាមតំបន់ភ្នំ។ គម្រោងនេះបានធ្វើឡើង បន្ទាប់ពីមានអ្នកទេសចរជនជាតិបារាំង១គ្រួសារ មានគ្នា៤នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរម្នាក់បានវង្វេងផ្លូវអស់មួយយប់មួយថ្ងៃនៅក្នុងព្រៃនៃរមណីយដ្ឋានក្បាលស្ពាននៃខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមក ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងក្នុងសប្ដាហ៍នេះថា «ដើម្បីជៀសវាងការបាត់ភ្ញៀវទេសចរ ដោយសារវង្វេងផ្លូវនៅតាមរមណីយដ្ឋានតាមតំបន់ភ្នំ ឬតំបន់ដែលមានព្រៃច្រើននោះ ក្រសួងទេសចរណ៍នឹងសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំរបៀបគ្រប់គ្រងអ្នកទេសចរឲ្យមានលក្ខណៈស្តង់ដារ ជាពិសេសអ្នកទេសចរដែលទៅទស្សនានៅ តាមរមណីយដ្ឋាននានាតាមតំបន់ភ្នំ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការគ្រប់គ្រងចំនួនភ្ញៀវត្រូវឱ្យបានជាក់លាក់ ក្នុងមួយថ្ងៃមានភ្ញៀវឡើងទៅលើភ្នំប៉ុន្មាននាក់ ចុះមកវិញគ្រប់ចំនួនដែរឬនៅ? មានរៀបចំក្រុមជួយសង្គ្រោះបន្ទាន់ មានអ្នកថ្មើរជើង ឬអាចឈានដល់មានក្រុមជិះសេះដើម្បីជួយសង្គ្រោះទាន់ពេលក្នុងករណីមានបាត់ភ្ញៀវនៅក្នុងព្រៃ ។ ក្រៅពីនេះ ក៏ត្រូវបង្កើនការរៀបចំស្លាកសញ្ញាប្រាប់ទិសឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យភ្ញៀវងាយស្រួលក្នុងការធ្វើដំណើរ និងមិនវង្វេងផ្លូវផងដែរ ។

អនុប្រធានទី២នៃសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន គឺលោក ពេជ្រ ឆដា ថ្លែងថា លោកគាំទ្រចំពោះគម្រោងការរបស់ក្រសួងទេសចរណ៍នេះណាស់ ព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ដំណើរទស្សនារបស់អ្នកទេសចរ ។

លោកក៏បានស្នើដល់ក្រសួងទេសចរណ៍និងអាជ្ញាធរជាតិអប្សរា គួរបន្ថែមស្លាកសញ្ញាប្រាប់ទិស និងស្លាកសញ្ញា ហាមឃាត់មិនឱ្យចូលទៅទស្សនាកន្លែងដែលមានគ្រោះថ្នាក់ ។

ជាពិសេសនៅប្រាសាទបេងមាលានៅមានការខ្វះខាតស្លាកសញ្ញាទាំងនេះច្រើន ហើយអាជ្ញាធរគួរតែដាក់ឱ្យបានច្រើនផងដែរ ដើម្បីកុំឱ្យភ្ញៀវវង្វេងផ្លូវដូចនៅរមណីយដ្ឋានក្បាលស្ពាន ។

គួររំឭកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ មានករណីភ្ញៀវទេសចរជនជាតិបារាំងមួយគ្រួសារ មានគ្នា៤នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរម្នាក់ ដែលទៅកម្សាន្ដនៅរមណីយដ្ឋានក្បាលស្ពាន នៃខេត្តសៀមរាប បានវង្វេងផ្លូវនៅលើខ្នងភ្នំអស់រយៈពេលមួយយប់មួយថ្ងៃ ហើយត្រូវបានអាជ្ញាធរប្រើប្រាស់កម្លាំងថ្មើរជើងជាង២០០នាក់ និងឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីរុករកនិងជួយសង្គ្រោះពួកគាត់ឱ្យមានសុវត្ថិភាពបានត្រឡប់មកវិញ ៕