ញាក់​សាច់! ឡាន​ដាច់កង់ តម្រង់បុក​អ្នកហូបនំ​បញ្ចុក​រត់​ប្រសាច

ខេត្តព្រះសីហនុ ៖ ដោយសារ​តែ​​ការ​ធ្វេសប្រហែសរបស់​អ្នកបើក​រថយន្ត ក្នុង​ការ​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​ ក្នុង​ពេល​បើកបរ​​​ប្រកបដោយ​សុវត្ថិភាព​ ធ្វើ​អោយ​មាន​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​ កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី២០ ​សីហា ​២០១៦ ស្ថិតនៅ​តាម​បណ្តោយ​តិ​រៈវិ​ថី​សម្តេច​ទេព វង្ស ត្រង់​ចំណុច​ក្រុម​២ ភូមិ ១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដោយ​​រថយន្ត​យី​ឌុបដឹក​ស៊ី​តែ​ន​ប្រេង​មួយគ្រឿងបើកមក​ពី​​ភ្នំពេញ ឆ្ពោះ​​ចូល​​ខេត្ត​ព្រះ​សីហ​នុ ​លុះមក​ដល់​ចំណុច​កើតហេតុ​​រថ​យន្ត​ក៏​ដាច់​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង​​​ទៅ​បុក​ស្ត្រី​ម្នាក់​ ដែល​កំពុង​អង្គុយ​ហូប​នំ​បញ្ចុក​នៅ​តូប​​  ​បណ្តាលឱ្យ​រ​ងរ​បួស​​ជើង​​ទាំង​ពីរ​ធ្ងន់ធ្ងរ ។

ក្រោយ​កើតហេតុ​ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​មិន​ទទួលខុសត្រូវ ប៉ុន្តែ​ត្រូវ​​​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ ស្ទាក់​ឃាត់​នាំ​យក​មក​រក្សា​ទុក ។ ដោយឡែក​ស្ត្រី​រង​គ្រោះ​ ត្រូវ​​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះទន់ ស្រស់ អាយុ៤២​ឆ្នាំ មាន​ទីលំនៅ​ក្រុម២ ភូមិ១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួស​ជើង​ទាំង​ពីរ​ធ្ងន់ធ្ងរ ។ ដោយឡែក​រថយន្ត​បង្ករ​គឺជា​ប្រភេទ​រថយន្ត​យី​ឌុបដឹក​ស៊ី​ទែន​ប្រេង​របស់​ក្រុមហ៊ុន​កាល់​តិច ពាក់​ស្លាក​លេខ​ភ្នំពេញ 3A – 2344 បើកបរ​ដោយ​ឈ្មោះ​រិ​ន រិ​ទ្ធី ​អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើតឃុំ​កា​កាប ស្រុក​ដង្កោ ខេត្តកណ្តាល ស្នាក់នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ស្ត្រី​រង​គ្រោះ​ខាងលើ ​រួម​ជាមួយ​អ្នក​ជិតខាង​ជា​ច្រើន​នាក់ កំពុង​តែ​អង្គុយ​ហូប​នំ​បញ្ចុកនៅ​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ​ ក៏​ឃើញ​រថយន្ត​​បើកបរ​មក​ពី​ភ្នំពេញ ​​ស្រាប់តែ​រថយន្ត​នោះដាច់​កង់​ក្រោយ​ជាប់​គ្នា​ចំនួន​២ ហើយ​វិល​យ៉ាង​លឿន មក​បុក​ស្ត្រី​រង​គ្រោះ អោយរ​ងរ​បួស​ជើង​ទាំង​ពីរ​ធ្ងន់ធ្ងរ ហើយ​ក៏​ជ្រុល​ទៅ​បុក​តុ​កៅអី និង​ជញ្ជាំង​ផ្ទះ​បណ្តាល​អោយ​រង​ការ​ខូចខាត ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ព្យាយាម​បើក​រត់គេច បាន​ចម្ងាយ​ប្រមាណ​ជាង១​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ ស្ទាក់​ឃាត់​បាន និង​នាំ​យក​មក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ទៅ​តាម​នីតិវិធី​ច្បាប់ ​។