លោកហ៊ុន ម៉ាណែត កាន់តែជិតស្និទ្ធ និងចង់ដឹងពី​សុខទុក្ខ​កងទ័ព

​​រាជធានីភ្នំពេញ ៖ លោក​ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ​បានអញ្ជើញ​ចុះ​ជួបសំណេះ​​សំ​ណា​ល​ជាមួយ​បង​ប្អូន ​ជា​នាយទាហាន នាយទាហាន​រង កាលពីព្រឹកថ្ងៃ​ទី​​១៩ ​សីហា ​២០១៦ ស្ថិតនៅកងពល​ទាហាន​នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០ ​ ។

​កម្មវិធី​នេះ ​គឺជា​ការ​ជួប​ពិភាក្សា​គ្នា ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​នាយទាហាន នាយទាហានរង ពល​ទាហាន​ លើក​ឡើង​នូវ​តម្រូវការ ​និង​ការសំណូមពរ​ផ្សេង​ៗ ​ក្នុង​គោលបំណង​ចង់​ដឹង​ និង​ស្វែង​យល់​ពី​សុខទុក្ខ​របស់​កងទ័ព ​។

​ជាក់ស្តែង​ យើង​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​នា​ពេល​កន្លង​មក ប៉ុន្តែ​យើង​​ទទួលស្គាល់​ថា ​នៅ​មាន​សេសសល់​កិច្ចការ​អវិជ្ជមាន​ផង​ដែរ ដែល​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​របស់​យើង​​កំពុង​ខិតខំ​ធ្វើ​កំណែទម្រង់ ហើយយើង​​ក៏​ខិតខំ​ជួយ​គ្នា រួម​គ្នា​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​ ក្នុង​ន័យ​បង្រួម​ចំណុច​អវិជ្ជមានពង្រីក​ចំណុច​វិជ្ជមាន​ ដើម្បី​បំពេញតម្រូវការ​ជូន​កងទ័ព​ ។ ក្នុង​ហេតុផល​ទាំងនេះ​ហើយ ទើប​បានជា​យើង​រៀបចំ​នូវ​កម្មវិធី​សំណេះសំណាល និង៍​លើក​ឡើង​នូវ​តម្រូវការ និង​សំណូមពរ​ផ្សេង​ៗ​នា​ពេល​នេះ​។

​នេះ​គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាននិង​កំពុង​ខិតខំ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជីវភាព​រស់នៅ និង​ការ​លើក​ត​ម្កើ​ន​កិត្តិយស​កងទ័ព តាម​រយៈ​ការ​តម្លើង​ប្រាក់បៀវត្ស ការ​ផ្តល់​ប្រាក់​របប​ផ្សេង​ៗ​ ការ​ក្តាប់​បាន​នូវ​តម្រូវការ និង​សំណូមពរ​ផ្សេង​ៗ​ និង​ការ​យកចិត្តទុកដាក់​ផ្សេង​ៗ​ចំពោះ​កងទ័ព​ទាំង​យោធិន​ដែល​មាន​វ័យ​ចំណាស់ និង​យោធិន​វ័យក្មេង​របស់​យេ​ី​ង​។

​សាមគ្គីភាព គឺជា​កត្តាចាំបាច់​នៅ​ក្នុង​អង្គភាព​មួយ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​។ ទាហាន​ដែល​មាន​វ័យ​ចំណាស់​និង​ទាហាន​វ័យក្មេង​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា ដេ​ី​ម្បី​ពង្រីក​ការ​យល់​ដឹង និង​ការ​ដក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ការ​គោរព​ស្រឡាញ់​គ្នា​ប្រកបដោយ​គុណធម៌ ដើម្បី​ពង្រីក​ចំណេះដឹង សមត្ថភាព​ជំនាញ ក្នុង​ន័យ​រក្សា​ចាស់​ពង្រីក​ថ្មី និង​ដើម្បី​ផ្តល់​កិត្តិយស​ចំពោះ​កងទ័ព​។