បុរសម្នាក់ទៀតលង់ទឹកសមុទ្រនៅថ្ងៃនេះ បន្ទាប់ពីបុរសម្នាក់លង់ទឹកស្លាប់កាលពីម្សិលមិញ និពន្ធដោយ : ចំណារ       August-20-2016, 4:44 pm         2798

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរសម្នាក់ទៀតលង់ទឹកសមុទ្រនៅថ្ងៃនេះ បន្ទាប់ពីបុរសម្នាក់លង់ទឹកស្លាប់កាលពីម្សិលមិញភ្នំពេញ៖ នៅថ្ងៃសៅរ៍នេះ បុរសម្នាក់ទៀត​បានលង់ទឹកសមុទ្រ​នៅតំបន់ឆ្នេរអូឈើទាលខេត្តព្រះសីហនុ តែមិនបណ្តាលឲ្យបាត់បង់ជីវិតទេ។ ឥឡូវនេះ បុរសជាជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះជីវិត។ នេះបើយោងតាមមន្រ្តីនៃមន្ទីទេសចរណ៍ខេត្តព្រះសីហនុប្រាប់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះ។

កាលពីម្សិលមិញ ទឹករលកសមុទ្រនៅខេត្តព្រះសីហនុតំបន់ឆ្នេរអូឈើទាល​ បានឆក់យកជីវិត​បុរសម្នាក់មកពីខេត្ត​កំពង់ចាម​ដែលទៅកម្សាន្តនៅក្រុងព្រះសីហនុ។ ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងម្តងទៀតនៅរសៀលថ្ងៃនេះចំពោះបុរសម្នាក់ទៀត តែមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទេ។ «នៅថ្ងៃនេះ វេលាម៉ោងប្រមាណជា​២រសៀល មាន​បុរសម្នាក់ទៀតលង់ទឹកសមុទ្រនៅតំបន់ឆ្នេរ​អូរឈើទាល ខេត្តព្រះសីហនុ។ គាត់មិនស្លាប់ទេ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យហើយ»។ នេះ គឺជាការថ្លែងបញ្ជាក់ប្រាប់របស់លោក តាំង សុចិត្ត​គ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ដោយបញ្ជាក់ប្រាប់បន្ថែមថា លោកកំពុងធ្វើដំណើរទៅចូលរួមរំលែកទុក្ខ​សពដែលបានស្លាប់ដោយសារលង់ទឹកសមុទ្រ​កាលពីម្សិលមិញនៅ​ខេត្តកំពង់ចាមក្នុង​នាម​តំណាងខេត្តព្រះសីហនុ និង​ក្នុង​នាមក្រសួងទេសចរណ៍។

លោក គ្រឹះស្នា បានបន្តទៀតថា ក្រោយពីមានគ្រោះថ្នាក់កាលពី​ម្សិលមិញមក ក្រុមការងាររបស់លោក និងឆ្មាំទេសចរឆ្នេរបាន​ចុះផ្សព្វផ្សាយព័ត៌មាន​ប្រុងប្រយ័ត្ន​តាមរយៈមេក្រូអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នចំពោះ​រលកសមុទ្រ និងព្យុះ។ លោកបានបញ្ជាក់ថា៖«យើងបានឲ្យក្រុមការងារ​ចុះប្រាប់ពលរដ្ឋពីកន្លែងគ្រោះថ្នាក់ខ្លាំងជាងគេនៅតំបន់ឆ្នេរដែលជាកន្លែងឧស្សាហ៍គ្រោះថ្នាក់»។

ការគ្រោះថ្នាក់ផ្ទួនៗ បានធ្វើឲ្យមានក្តីបារម្ភថា ចំនួនភ្ញៀវទេចរនៅក្រុងព្រះសីហនុអាចនឹងថយចុះនាពេលខាងមុខ ប្រសិនបើគ្មានវិធានការហ្មត់ចត់ស្តារទំនុកចិត្តភ្លាមៗនោះទេ៕