អ្នក​ភូមិ​ជាង​១០០​គ្រួសារ​ទៀត​ព្រម​យក​សំណង​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី

ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង គ្រោង​នឹង​បិទ​ទឹក​នៅ​ខែ​មេសា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​មិន​យល់​ព្រម​ចាកចេញ បាន​ប្ដូរ​ជំហរ​ទទួល​យក​សំណង​ផល​ប៉ះពាល់ និង​យល់​ព្រម​ចាកចេញ​ទៅ​តាំង​លំនៅ​ថ្មី​កាន់​តែ​ច្រើន​ឡើង។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរមួយ និង​ភូមិ​ស្រែគរពីរ ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជាង ១០០​គ្រួសារ​បន្ថែម​ទៀត បាន​យល់​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ហើយ​ចាកចេញ​ទៅ​តាំង​លំនៅ​ថ្មី។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា រហូត​មក​ទល់​ពេល​នេះ​តួលេខ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែគរ ដែល​យល់​ព្រម​ទទួល​សំណង​កើន​ឡើង​ដល់​ជាង ៤៥០​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ក្នុង​ឃុំ​ជាង ៥៥៥​គ្រួសារ។ លោក​ថា អាជ្ញាធរ​មិន​បាន​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​ទទួល​​សំណង​នោះ​ទេ ក៏​ប៉ុន្តែ​អ្នក​ភូមិ​បាន​ស្ម័គ្រ​ចិត្ត​មក​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ទៅ​ក្រុម​ការងារ​ចុះ​ស្រង់​ទិន្នន័យ​ទ្រព្យសម្បត្តិ​ដីធ្លី​ផលដំណាំ​ដើម្បី​ទូទាត់​សំណង៖ «អ្នក​ក្រោយៗ​គេ​ស្ម័គ្រ​ចិត្ត គេ​មក​រាយការណ៍​ឲ្យ​ខ្ញុំ។ អត់​ទាន់​រើ​ទេ ប្រហែល​ខែ​មួយ​ខែ​ពីរ​ផ្ទះ​គេ​ធ្វើ​សង​បណ្ដើរៗ​ហើយ»

តួលេខ​របស់​គណៈកម្មការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ កាល​ពី​ដើម​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស បដិសេធ​មិន​ទទួល​យក​សំណង និង​មិន​ព្រម​ចាក​ចេញ​ទៅ​តាំង​លំនៅ​ថ្មី។ ក្នុង​នោះ​ប្រជាពលរដ្ឋ ២៥០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ជាង ៣០​គ្រួសារ​នៅ​ឃុំ​ក្បាលរមាស។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរមួយ លោក ផា ស៊ូណា បញ្ជាក់​ថា មិន​មាន​អាជ្ញាធរ​ណា​គំរាមកំហែង ឬ​បង្ខំ​ឲ្យ​គាត់​ទទួលយក​សំណង​នោះ​ទេ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ព្រម​ទទួល​សំណង និង​ប្ដូរ​ទីលំនៅ ហេតុ​នេះ​ក្រុម​គ្រួសារ​លោក​បាន​ប្ដូរ​ចិត្ត​ទទួល​យក​សំណង​ដូច​គេ​ឯង៖ «អត់​មាន​អ្នក​ណា​បង្ខំ​ខ្ញុំ​ទេ ពី​មុន​មិន​ព្រម ឥឡូវ​ព្រម​ហើយ គេ​មក​ច្រើន​គ្នា​ហើយ​ពី​ណា​ក៏​ទៅៗ​ទៅ​ជាមួយ​គេ​ហើយ»

​តាម​ការ​គ្រោង​ទុក​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ គ្រោង​បិទ​ទឹក​នៅ​ខែ​មីនា ឆ្នាំ​២០១៧។ រហូត​ដល់​ចុង​ឆ្នាំ​ដដែល ទំនប់​នេះ​នឹង​អាច​មាន​ទាញ​យក​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​បាន។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់សំគាល់​ថា ការ​សម្រេច​ចិត្ត​ទទួល​យក​សំណង​ថ្មីៗ និង​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​គឺ​ជា​សិទ្ធិ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ដែល​មិន​អាច​បង្ខំ​បាន​ឡើយ។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ដែល​សេសសល់ នឹង​បន្ត​​សម្រេច​ចិត្ត ពីព្រោះ​គម្រោង​កាន់​តែ​ដល់​ពេល​បញ្ចប់​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​​ត្រូវ​ប្រើ​វិធី​គំរាមកំហែង ឬ​បំភិតបំភ័យ​ឲ្យ​អ្នក​ភូមិ​ចាកចេញ​នោះ​ទេ ជា​ពិសេស​ប្រជាពលរដ្ឋ​ភូមិ​ក្បាលរមាស ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច៖ «ប្រមើល​មើល​ទៅ​គាត់​ត្រូវតែ​ចាក​ចេញ​ហើយ ព្រោះ​វា​លិច​ទឹក ប៉ុន្តែ​បើ​គាត់​មិន​ព្រម​ចាកចេញ​ទេ គឺ​ជា​សិទ្ធិ​របស់​គាត់»

អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង កត់សំគាល់​ដែរ​ថា ការ​សម្រេចចិត្ត​មិន​ចាកចេញ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលរមាស មិន​ទាន់​មាន​ការ​ប្រែប្រួល​ទេ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ក្រុម​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​ទទួល​បាន​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ចង់​ជួប​ពិភាក្សា និង​ទទួល​ព័ត៌មាន​បន្ថែម​ពី​ក្រុម​អាជ្ញាធរ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ជា​ថ្មី។

លោក​ថា គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​គឺ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ហេតុ​នេះ​ក្រុម​ការងារ​នៅ​តែ​បន្ត​ជួប​ពិភាក្សា​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​សម្រេច​ដោយ​ស្ម័គ្រចិត្ត៖ «យើង​ទៅ​ស្ទាបស្ទង់​សិក្សា​ជាមួយ​ពលរដ្ឋ​ទៀត​ដើម្បី​សម្រេច​ចិត្ត​រៀបចំ​លំនៅឋាន​ជូន​ពួកគាត់។ យើង​មិន​ឲ្យ​គាត់​នៅ​លើ​ទឹក​ទេ»

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ (Hydro Power Lower Sesan 2 Co., Ltd.) បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​រូយ៉ាល់ ហ្គ្រុប (Royal Group) មាន​ភាគហ៊ុន ​៣៩​ភាគរយ និង​ក្រុមហ៊ុន​ឆាយណា ហាយដ្រូ ឡាងឆាង អ៊ីនធឺណេស្សិនណល់ អ៊ីននើជី (China Hydrolancang International Energy) ប្រទេស​ចិន ភាគហ៊ុន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម អន្តរជាតិ (EVN) មាន​ភាគហ៊ុន ១០%។ ជា​គម្រោង​ខ្នាត​ធំ​ទី​១ នៅ​ប្រទេស​កម្ពុជា ដែល​អនុម័ត​ដោយ​សម័យ​​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ចំណាយ​ប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ​គម្រោង​នេះ​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជិត ៩០​ភាគរយ​ទទួល​យក​គោលនយោបាយ​សំណង និង​ព្រម​ចាក​ចេញ​ទៅ​​រស់នៅ​តំបន់​តាំង​លំនៅ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។