សហព័ន្ធ​ខ្មែរ-​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​គំនាប​លើ​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​​ស្រុក

សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ប្រមាណ ៦០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលា​ក្រុង​ស្ព្រីងវ៉ល (Springvale Town Hall) ទីក្រុង​ម៉ែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី (Australia) ដើម្បី​ប្រជុំ​ធ្វើ​វេទិកា​សាធារណៈ​សម្ដែង​មតិ នៅ​ថ្ងៃ​ទី​២០ សីហា ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដាក់​ឈ្មោះ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​កម្ពុជា។

សហព័ន្ធ​ខ្មែរ-​អូស្ត្រាលី​សាជីវកម្ម ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដាក់​គំនាប​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឲ្យ​ចូល​ទៅ​ប្រទេស​អូស្ត្រាលី រហូត​ដល់​មាន​ការ​កែទម្រង់​ទៅ​លើ​ស្ថានភាព​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​អស់​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ដាក់​ជូន​ទៅ​តំណាងរាស្ត្រ​នៃ​មណ្ឌល​ដែល​ពួកគេ​រស់​នៅ។

អភិបាល​ក្រុង​ក្រេដធឺ អហ្វ ឌេនឌឺណង់ (Greater of Dandenong) លោក តាក ម៉េងហ៊ាង ថ្លែង​ថា សហព័ន្ធ​ខ្មែរ-​អូស្ត្រាលី​សាជីវកម្ម បាន​តាក់តែង​សេចក្ដី​សម្រេច​ចិត្ត​មួយ​ជា​តំណាង​ឲ្យ​សំឡេង​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ការ​ទាមទារ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ថ្កោល​ទោស​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដូចជា បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ បញ្ឈប់​ការ​បំភិតបំភ័យ​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ស្វែង​រក​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា បញ្ឈប់​ការគាបសង្កត់​ដែល​ដាក់​ឈ្មោះ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម នៅ​ក្នុង​បញ្ជី​ខ្មៅ មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា ជា​ដើម។

លោក តាក ម៉េងហ៊ាង៖ «នេះ​ជា​ការ​បញ្ចេញ​មតិ​របស់​ប្រជាជន​ដើម​កំណើត​ខ្មែរ មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​ស្វែង​រក​យុត្តិធម៌​នៅ​ឡើយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពេញលេញ​មួយ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​សង្គម​ខ្មែរ​យើង​ទាំង​អស់។ យើង​រស់​នៅ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​មាន​សារសំខាន់​ណាស់​ចំពោះ​អ្នក​ដឹកនាំ។ គម្រោង​យើង​ធ្វើ​ដើម្បី​ជូន​ទៅ​តំណាងរាស្ត្រ​សហព័ន្ធ​នៅ​ក្នុង​មណ្ឌល​ដែល​យើង​រស់​នៅ គឺ​ក្នុង​ប្រទេស​អូស្ត្រាលី តាម​រយៈ​ការ​ទូត​នេះ»

ខ្មែរ អូស្ត្រាលី ៨៥៥
ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ចូល​រួម​វេទិកា​សម្ដែង​មតិ ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដាក់​ឈ្មោះ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​កម្ពុជា នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៦។ រូបថត​ផ្ដល់​ឲ្យ​ដោយ ម៉ាលី ម៉ាលី

ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី មួយ​រូប​គឺ​អ្នកស្រី វ៉ា ម៉ាលីណា ថ្លែង​ថា ថ្វីត្បិត​តែ​ពួកគាត់​រស់​នៅ​សុខសាន្ត​ក្នុង​ទឹកដី​ប្រទេស​អូស្ត្រាលី​ក្ដី ប៉ុន្តែ​ពួកគាត់​យល់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​កែទម្រង់​កុំ​ឲ្យ​បន្ត​ការ​គាបសង្កត់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា៖ «យើង​នឹង​បញ្ជូន​សារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​នៅ​ហ្នឹង​ទៅ​ឲ្យ​រដ្ឋាភិបាល​នៅ​ស្រុក​ខ្មែរ​បាន​ដឹង​ថា បើ​ទោះ​ជា​ពួក​យើង​ហ្នឹង​បាន​សុខសាន្ត​ក៏​ដោយ ប៉ុន្តែ​ពួក​យើង​អត់​សុខ​ចិត្ត​ទេ នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ការ​ចាប់​ចង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ស្រុក​ខ្មែរ។ យើង​នឹង​ធ្វើ​លិខិត ឬ​ជា​ញត្តិ​មួយ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​គាំទ្រ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​គំរាមកំហែង​ផ្នែក​ផ្លូវ​ចិត្ត​ទៅ​លើ​លោក ហុង លីម ដែរ ដោយសារ​ដាក់​បញ្ចូល​លោក​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ហ្នឹង»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម ថា​ជា​អ្នក​តំណាងរាស្ត្រ​អត់​ពូជ។ លោក​ថា លោក​មិន​ចាប់​អារម្មណ៍​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នេះ​ទេ ហើយ​ការ​លើក​ឡើង​នេះ មិន​បាន​ប៉ះពាល់​ទៅ​ដល់​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​កម្ពុជា ឡើយ ហើយ​ការ​សម្ដែង​មតិ​នេះ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច៖ «អ្នក​ចូលរួម​ជាមួយ​តំណាងរាស្ត្រ​អត់​ពូជ​ហ្នឹង បើ​ហាម​មិន​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ឬ​ឥស្សរជន​កម្ពុជា ចូល​ក្នុង​អូស្ត្រាលី បាន​សេចក្ដី​ថា គេ​ដាក់​ខ្លួន​គេ​ឲ្យ​ដាច់​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា រួច​ស្រេច​ទៅ​ហើយ។ បើ​សិន​ជា​តាម​ទ្រឹស្ដី​នៃ​ការ​ឆ្លើយតប​ទៅ​វិញ ឬ​ប្រតិកម្ម​ទៅ​វិញ បើ​យើង​ដឹង​ថា នរណា​មួយ​ដែល​ប្រឆាំង​នឹង​ការងារ​នេះ យើង​ធ្វើ​សង​ទៅ​វិញ​មិន​ឲ្យ​ពួក​ហ្នឹង​ជាន់​ដី​កម្ពុជា​វិញ តើ​យ៉ាង​ម៉េច​ដែរ? ប៉ុន្តែ​ខ្ញុំ​អត់​ជឿ​រាជរដ្ឋាភិបាល​ធ្វើ​អំពើ​ស្មោកគ្រោក​ដូច​ការ​គិត​របស់​ពួក​ហ្នឹង​ទេ នេះ​គ្រាន់​តែ​រឿង​សុបិន​របស់​ពួកគេ​នោះ​ទេ»

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​អាស៊ីសេរី ដោយ​បាន​ប្រដូច​របប​ដឹកនាំ​បច្ចុប្បន្ន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​របប​តិរច្ឆាន ហើយ​បន្ទាប់​មក​លោក​ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ថា លោក​គឺ​ជា​ជន​ដែល​មិន​ស្វាគមន៍​អោយ​មក​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។