ព្រះសង្ឃ ប៊ុត ប៊ុនតិញ រារែក​ព្រះទ័យ​ក្នុង​ការ​ចូលរួម​កម្មវិធី​របស់​លោក ហ៊ុន សែន

ក្រសួង​បរិស្ថាន បាន​ដាក់​លិខិត​មួយ​ច្បាប់​និមន្ត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ចូល​រួម​កិច្ច​ពិភាក្សា​មួយ​ដោយ​មាន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំ។ កិច្ច​ពិគ្រោះ​យោបល់​ដែល​គ្រោង​នឹង​ពិភាក្សា​ក្រោម​ប្រធានបទ "ការ​ការ​ពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នេះ ត្រូវ​បាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​ព្រះទ័យ​ថា ព្រះអង្គ​នៅ​រារែក​ក្នុង​ការ​ចូលរួម​នៅ​ឡើយ មក​ដល់​ពេល​នេះ។

ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​កិច្ចការ​សង្គម និង​ធ្លាប់​រង​សម្ពាធ​ផ្លូវ​នយោបាយ​ផង គឺ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា វេទិកា​ដែល​គ្រោង​នឹង​រៀបចំ​ដោយ​រដ្ឋាភិបាល គឺ​ព្រះអង្គ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ក្នុង​ការ​និមន្ត​ចូលរួម​វេទិកា​ថ្នាក់​ជាតិ​ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ​នេះ។

មាន​ថេរដីកា​តាម​ទូរស័ព្ទ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ យល់​ថា លិខិត​ដែល​និមន្ត​ព្រះអង្គ​ឲ្យ​ចូលរួម​វេទិកា​ថ្នាក់​ជាតិ ដែល​និយាយ​ពី​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ គឺ​ជា​ការ​ផ្ដល់​កិត្តិយស​សម្បើម​ណាស់​ពេក​ហើយ​របស់​រដ្ឋាភិបាល​ចំពោះ​ព្រះអង្គ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ពិបាក​ព្រះទ័យ​ក្នុង​ការ​សម្រេច​ចិត្ត​ចូលរួម​នោះ ដោយសារ​មាន​ហេតុផល​មួយ​ចំនួន ក្នុង​នោះ​ទិដ្ឋាការ ឬ​វីសា (Visa) ដែល​ព្រះអង្គ​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស ពិបាក​ក្នុង​ការ​ពន្យារ​ពេល។ ម្យ៉ាង​វិញ​ទៀត សុខភាព​ព្រះអង្គ​នៅ​ពេល​នេះ មិន​អំណោយ​ផល​ថែម​ទៀត​ផង៖ «»។

លិខិត​និមន្ត​លើក​នេះ​របស់​ក្រសួង​បរិស្ថាន បាន​ក្លាយ​ជា​មន្ទិល​សង្ស័យ​មួយ​ថ្មី​ទៀត មក​លើ​សកម្មជន​សង្គម។ ការ​បង្ហាញ​ជំហរ​ចង់​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​នេះ អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​ពី​ខាង​សង្គម​យល់​ឃើញ​ថា នេះ​ប្រហែល​ជា​រដ្ឋាភិបាល​ចង់​ផ្សះផ្សា​ផ្លូវ​ចិត្ត​ផង និង​កសាង​ជំនឿ​ចិត្ត​ផង។ បើ​ទោះ​ជា​បែប​ណា ជំងឺ​ធ្លាក់​ទឹក​ចិត្ត​របស់​ពលរដ្ឋ​បាន​កើត​ឡើង​រួច​ទៅ​ហើយ តាម​រយៈ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ មធ្យោបាយ​ដទៃ​ទៀត​របស់​រដ្ឋាភិបាល ដូច​ជា​គំរាមកំហែង​ទៅ​លើ​សកម្មជន​ដីធ្លី អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជាដើម។ ទាំង​នេះ​សុទ្ធ​តែ​ជា​ទង្វើ​ដែល​ពលរដ្ឋ​ពិចារណា​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ក្រសួង​បរិស្ថាន​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ប្រគេន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ ក្នុង​លិខិត​និមន្ត​របស់​ក្រសួង​បរិស្ថាន ដែល​រៀបចំ​វេទិកា​នៅ​វិមាន​សន្តិភាព​នោះ គឺ​យោង​តាម​ចំណារ​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ដែល​ត្រូវ​និមន្ត​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចូល​រួម។ បើ​ទោះ​ជា​បែប​ណា មក​ដល់​ពេល​នេះ ប្រធាន​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​អង្គ​នេះ យល់​ថា វត្តមាន​របស់​ព្រះអង្គ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ដ៏​មាន​សារសំខាន់​នេះ ប្រហែល​ជា​ខកខាន​ច្រើន​ជាង​ចូលរួម​ទៅ​វិញ។

ជុំវិញ​រឿង​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​វិស័យ​បរិស្ថាន​យល់​ឃើញ​ថា នេះ​ការវិវត្តន៍​ថ្មី​មួយ​របស់​រដ្ឋាភិបាល ដែល​ចាប់​ផ្ដើម​ខ្វល់ខ្វាយ និង​ព្រួយបារម្ភ​រឿង​វិនាសកម្ម​ធនធាន​ធម្មជាតិ។ មាន​ការ​រិះគន់​ជា​ច្រើន​ក្នុង​ពេល​កន្លង​ទៅ​ថា អ្នក​ការពារ​ព្រៃឈើ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​បើក​ឱកាស​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ បាញ់​សម្លាប់​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដោយ​ស្រួល ហើយ​ព្យាយាម​បិទ​សំណុំរឿង​ដោយ​មិន​អស់​ចិត្ត ជា​ពិសេស​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ផ្ទុយ​ពី​អ្វី​ដែល​សង្គម​ស៊ីវិល​រក​ឃើញ​ទៅ​វិញ។ មាន​ឧទាហរណ៍​ដូច​ជា​សំណុំរឿង​លោក ឈុត វុទ្ធី ជាដើម។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា វត្តមាន​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅ​ពេល​នេះ​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់។ មិន​តែ​ប៉ុណ្ណោះ ព្រះអង្គ​កំពុង​ស្ថិត​នៅ​ក្នុង​ចន្លោះ​នៃ​សម្ពាធ​ទាំង​សង្ខាង គឺ​ត្រូវ​ជម្នះ​នូវ​ការ​រិះគន់​ពី​ពលរដ្ឋ​ផង ជា​ពិសេស​បើ​ព្រះអង្គ​មិន​បង្ហាញ​ជំហរ​ក្នុង​ការ​និមន្ត​ចូល​ទេ វា​កាន់​តែ​មាន​ផល​អាក្រក់​ថែម​ទៀត​ពី​ខាង​រដ្ឋាភិបាល​ផង។ បើ​ទោះ​ជា​បែប​ណា លោក អំ សំអាត យល់​ថា រឿង​នេះ​លែង​ជា​បញ្ហា​ទៅ​ហើយ ដោយសារ​តែ​ព័ត៌មាន​ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​ដែល​ពុំ​ធ្លាប់​មាន​នេះ បាន​បែក​ធ្លាយ​ជា​សាធារណៈ​រួច​ទៅ​ហើយ៖ «»។

ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​ទាមទារ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពី​ដៃគូ​ពាក់ព័ន្ធ ប៉ុន្តែ​មិន​ទប់​ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស បាន​ន័យ​ថា នេះ​ជា​ចំណុច​ខ្សោយ និង​ជា​ភាព​អសកម្ម​របស់​រដ្ឋាភិបាល។ យន្តការ​ដែល​មាន​ស្រាប់​របស់​រដ្ឋអំណាច ដូចជា​ក្រសួង និង​រហូត​ដល់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន អង្គការ​ចាត់តាំង​ទាំង​នេះ​គឺ​​ជា​សេនាធិការ​ដ៏​មាន​ឥទ្ធិពល​របស់​​រដ្ឋាភិបាល​ដែល​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព។ អ្នក​ឃ្លាំមើល​ផ្នែក​បរិស្ថាន​យល់​ឃើញ​ថា ផ្ទុយ​ទៅ​វិញ​ការ​ការពារ និង​អភិរក្ស​ធនធាន​របស់​រដ្ឋ​ មាន​តែ​សកម្មជន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​ទាំង​នោះ​មិន​ត្រឹម​តែ​ពុំ​បាន​យក​ចិត្ត​ទុកដាក់ និង​ការ​គាំពារ​ពី​រដ្ឋ​ទេ ប៉ុន្តែ​ថែម​ទាំង​រង​ការ​គំរាម​កំហែង ហើយ​ចុងក្រោយ​ត្រូវ​ផ្តាច់​ជីវិត​ជា​ដើម​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។