២សន្លឹក បង្ហាញ​ពី សៀវម៉ី សម្រក់​ទឹក​ភ្នែក​ឥត​ឈប់​នៅ​ប្រេស៊ីល

ក្ដី​សង្ឃឹម​ដណ្ដើម​យក​មេដាយ​កម្រិត​ពិភពលោក​ជូន​ជាតិ​មាតុភូមិ របស់​កីឡាការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល ស្ទើរ​សាបសូន្យ​ហើយ បន្ទាប់​ពី​ចាញ់​​ជើង​ខ្លាំង​មក​ពី​ប្រទេស​ហុល្លង់​ Reshie Oogink ដោយ​លទ្ធផល ៧-១។ ក្រោយ​ចប់​ការ​ប្រកួត ស៊ន សៀវម៉ី បាន​សម្រក់​ទឹក​ភ្នែក​ឥត​ឈប់ ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ ព្រម​ទាំង​កីឡាករ-កីឡាការិនី​កម្ពុជា រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

 

២សន្លឹក បង្ហាញ​ពី សៀវម៉ី សម្រក់​ទឹក​ភ្នែក​ឥត​ឈប់​នៅ​ប្រេស៊ីល

 

លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ជា​ប្រតិភូ​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​ខាង​លើ បាន​ប្រាប់​ពី​ប្រទេស​ប្រេស៊ីល​មុន​នេះ​បន្តិច​ថា កីឡាការិនី ស៊ន សៀវម៉ី បាន​យំ​ឥត​ឈប់ បន្ទាប់​ពី​ចាញ់​កីឡាការិនី​មក​ពី​ហុល្លង់។ “បាទ! ហ្នឹង​ហើយ គាត់​នៅ​យំ​រហូត ហើយ​ខ្មែរ​ខ្មែរ​យើង និង​ថ្នាក់​ដឹក​នាំ​យើង​បាន​នាំ​គ្នា​ចុះ​មក​លើក​ទឹក​ចិត្ត​គាត់ ព្រោះ​គាត់​នៅ​ចាំ​មើល​ហុល្លង់​វ៉ៃ​បន្ត​ទៀត”។ លោក ហែម គិរី និយាយ។

 

យ៉ាង​ណា​ក្ដី លោក ហែម គិរី បានបញ្ជាក់​ថា យើង​នៅ​មិន​ទាន់​អស់ឱកាស​ទេ ព្រោះ​នៅ​ចាំ​អ៊ុត​លទ្ធផល​របស់​កីឡាការិនី​ហុល្លង់ទៀត។ ប្រសិន​បើ​កីឡាការិនី​ហុល្លង់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស នោះ​ សៀវម៉ី អាច​មាន​ឱកាស​ដណ្ដើម​មេដាយ​សំរិទ្ធ តែ​បើ​កីឡាការិនី​ហុល្លង់​ចាញ់​វគ្គ​ណា​មួយ​នោះ សៀវម៉ី ក៏​អស់​ឱកាស​ដែរ៕

 

២សន្លឹក បង្ហាញ​ពី សៀវម៉ី សម្រក់​ទឹក​ភ្នែក​ឥត​ឈប់​នៅ​ប្រេស៊ីល

 

អត្ថបទ៖ គង់ វិសាល

រូបថត៖ ផ្ដល់សិទ្ធិដោយលោក ហែម គិរី