ស្ត្រី​វៀតណាម​(​យាយ​ម៉ា​យ​)​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រមូល​ទិញ និង​ដឹកឈើ​គ្រញូង​ចេញពី​ខេត្តឧត្ដរមានជ័យ​ទៅ​ខេត្តស្វាយរៀង​ឆ្លងទៅ​វៀតណាម​គ្មាន​មន្ត្រី​ណា​ហ៊ាន​បង្ក្រាប​

ខេត្តឧត្ដរមានជ័យ៖ នៅខេត្តឧត្ដរមានជ័យ យាយម៉ាយ ជាជនជាតិវៀតណាម មានឈ្មោះបោះសម្លេងខាងធ្វើជំនួញឈើល្មើសច្បាប់ ក៏ប៉ុន្តែគេមិនដែលឃើញឈ្មួញរូបនេះត្រូវសមត្ថកិច្ចបង្ក្រាបការធ្វើចរាចរណ៍ ឈើខុសច្បាប់នោះបានម្តងណាឡើយ។ តែបែរជាជាគេល្បីនិយាយពេញខេត្តថាយាយម៉ាយសមត្ថកិច្ចមិនដែលហ៊ានបង្ក្រាបទេ ព្រោះគាត់បានប្រើទឹកលុយជះដាក់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ប៉ូលិសសេដ្ឋកិច្ចខេត្ត-ក្រសួង អាវុធហត្ថខេត្ត-អាវុធលើផ្ទៃប្រទេស ដែលឈរជើងចាប់តាំងពីខេត្តឧត្ដរមានជ័យរហូតដល់ខេត្តស្វាយរៀងច្រកនាំចេញទៅប្រទេសវៀតណាម ដែលសុទ្ធសឹងត្រូវថ្នាំសណ្តំរបស់មេឈ្មួញស្ត្រីវៀតណាមរូបនេះទាំងអស់សឹងតែម្នាក់ៗមិនដែលហ៊ានមាត់ធ្ងន់ដាក់យាយម៉ាយទេព្រោះខ្លាចដាច់របបក្បាលឡាន។ ប្រសិនបើហ៊ានរំខានយាយម៉ាយនឹងបើកទ្វារឡានចេញមកចង្អុលមុខដោយយកឈ្មោះ និងឥទ្ធិពលអ្នកមានអំណាចម្នាក់ពីរមកកំញើញ និងបន្លាចឲ្យលស់ព្រលឹងមិនខាន។

KA-20-08-2016-13

ក្រៅតែពីប្រើអំណាចទឹកលុយ យាយម៉ាយបានបោះសំដីម្តងមួយកាលយកឈ្មោះ និងឥទ្ធពលមន្ត្រីមានអំណាចមកបន្លាចមន្ត្រីពាក់ព័ន្ធការបង្ក្រាបបទល្មើសព្រៃឈើនោះរហូតម្នាក់ៗមិនចង់ឲ្យមានរឿងដល់ខ្លួនសុខចិត្តទទួលយកប្រាក់ពីយាយម៉ាយ និងបើកឱកាសឲ្យយាយម៉ាយប្រព្រឹត្តបទល្មើសតាមអំពើចិត្ត។ សព្វថ្ងៃយាយម៉ាយ បានឈរជើងប្រមូលទិញឈើគ្រញូងក្នុងខេត្តឧត្ដរមានជ័យយ៉ាងសុខស្រួលព្រោះតែមន្ត្រីម្នាក់ៗបានចាត់ទុកយាយម៉ាយជាឆ្នាំងបាយទៅហើយ។ តាមរយៈប្រើទឹកលុយនេះយាយម៉ាយបានសង្កត់ក្បាលមន្ត្រីខ្មែរជាប់ អាចគាត់ចាត់ទុកថាមន្ត្រីទាំងអស់បានក្លាយជាកូនជឹងរបស់គាត់។ តាមរយៈនេះ យាយម៉ាយបានកើតនូវភាពក្រអឺតក្រទម ធ្លាប់សំដែងឫទ្ធិដាក់អ្នកសារព័ត៌មាន ដោយបើករថយន្តរបស់ខ្លួនបំបុករថយន្តអ្នកសារព័ត៌មានខណៈពួកគេតាមប្រមាញ់សកម្មភាពដឹកឈើគ្រញូងខុសច្បាប់របស់មេឈ្មួញរូបនោះ។

KA-20-08-2016-11

មានសេចក្តីរាយការណ៍ជាប្រចាំពីខេត្តឧត្ដរមានជ័យឲ្យដឹងថា ស្ត្រីឈ្មួញវៀតណាមឈ្មោះយាយម៉ាយ និងបក្ខពួកឈ្មោះ ហេង បានធ្វើសកម្មភាពប្រមូលទិញឈើគ្រញូងតាមព្រំដែនក្នុងខេត្តឧត្ដរមានជ័យ ហើយដឹកជញ្ជូនតាមរថយន្តជាច្រើនគ្រឿងទៅកាន់ប្រទេសវៀតណាមតាមច្រកព្រំដែនខេត្តស្វាយរៀង។ ឈើគ្រញូងត្រូវបានយាយម៉ាយ ដឹកជញ្ជូនឆ្លងកាត់ក្រុងសំរោង ឆ្ពោះមកខេត្តបន្ទាយមានជ័យ ឡើងលើផ្លូវជាតិលេខ៥ឆ្លងកាត់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ហើយឆ្លងស្ពានព្រែកក្ដាមចូលទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងចូលទៅខេត្តស្វាយរៀង ចេញទៅវៀតណាមតាមច្រកព្រំ ដែនក្នុងខេត្តនេះបានដោយរលូន ដោយសារតែយាយម៉ាយរត់ការបង់ប្រាក់ជូនមន្ត្រីជំនាញ និងមន្ត្រី ពាក់ ព័ន្ធគ្មានសល់ចន្លោះប្រការនេះហើធ្វើឲ្យយាយម៉ាយក្លាយជាឈ្មួញដែលសមត្ថកិច្ចខ្មែរយកចិត្តទុក ដាក់ការ ពារជាងគេ ។

KA-20-08-2016-12

មានការបង្ហើបពីឈ្មួញរកស៊ីឈើខ្លះនិយាយថា យាយម៉ាយ មានពេលខ្លះយាយម៉ាយ បានដឹកជញ្ជូនឈើប្រណីតចូលរាជធានីភ្នំពេញ ហើយលើកដាក់រថយន្តក្រុងចេញទៅវៀតណាមតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀងដោយមានខ្សែរយៈរត់ការចម្លងចេញទៅដោយសុវត្ថភាព។ ភាពងាយស្រួលនេះហើយបានធ្វើឲ្យស្ត្រីមេឈ្មួញឈើរូបនេះបង្កើនការប្រមូលទិញឈើនៅតាមព្រំដែនដឹកតាមរថយន្តកាមរីប៉ាឡែនកាន់តែមមារញឹក ចំណែកសមត្ថកិច្ចម្នាក់ៗកចេះតែសើមមាត់សើមកបង្កើនការសហការជាមួយយាយម៉ាយ ជ្រោមជ្រែង បង្កលក្ខណៈងាយស្រួលជូនមេឈ្មួញឈើល្មើសច្បាប់រូបនេះយ៉ាងល្អូកល្អិន ទំនងថ្នាក់លើមិនបានដឹងរឿងអាសោចអាស្រូវកេរ្តិ៍នេះទេ ព្រោះរឿងនេះប្រសិនបើសមត្ថកិច្ចអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនោះបើទោះជា យាយម៉ាយមានស្លាបហោះក៍ហើរមិនរួចពីសំណាញច្បាប់របស់កម្ពុជាដែរ៕