ក្បាល​បោក​នឹង​ថ្នល់​ស្លាប់​២​នាក់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​បោក​ផ្ទប់​រថយន្ត ហើយ​ផ្លោង​ទៅ​បោក​នឹង​ថ្នល់​បែកក្បាល​ស្លាប់​យ៉ាងអាណោចអាធ័ម បន្ទាប់​ពី​ពួក​ជិះ​ម៉ូតូ​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ក្រសួង​សង្គមកិច្ច តាម​ផ្លូវ​លូ​៣ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សព​ដែល​ស្លាប់​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ កង សុខ​ឃាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដំណាក់​ស្វាយ ឃុំ​ល្វែង ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​មានឈ្មោះ វ៉ា​ន់ នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​ភ្នំ ឃុំ​កំពង់​ពោធិ ស្រុក​កលើ​ដែក ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​ពី​អ្នកដំណើរ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DH 0768 បើក​តាម​ផ្លូវ​លូ​៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ចំណែក​រថយន្ត​បែន​ដឹក​ដី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A 1758៨ តែ​មិន​មាន​ដឹក​ដី​ទេ បើក​ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​បុក​ជាប់​កង់​មុខ​រថយន្ត​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​កៀប​ជាប់​នឹង​កង់​រថយន្ត​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​នៅ​លើ​ថ្នល់ ចំណែក​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​បាន​បោក​នឹង​រថយន្ត រួច​ផ្លោង​បោក​នឹង​ថ្នល់​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម ។ រីឯ​អ្នក​បើករថយន្ត​ដឹក​ដី​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​មាន​សាក្សី​អះអាង​ពិត​ប្រា​ដក​ថា រថយន្ត​បុក​ម៉ូតូ ឬ​ម៉ូតូ​បុក​រថយន្ត​ទេ ប៉ុន្តែ​បើ​សមត្ថកិច្ច​មើល​តាម​រូបភាព​ក្រោយ​ពេល​កើតហេតុ គឺ​ម៉ូតូ​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​ខាង​រថយន្ត ហើយ​ម៉ូតូ​នៅ​កៀប​ជាប់​កង់​មុខ​រថយន្ត​ចំហៀង​ខាងឆ្វេង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង រួច​យក​រថយន្ត និង​ម៉ូតូ​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕