រន្ធត់ ! ប្រពន្ធ​ចាក់​ប្តី​ជា​ច្រើន​កាំបិត រួច​ចាក់​ខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ ករណី​ហិង្សា​ក្នុង​គ្រួសារ​​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ស្ត្រី​ជា​ប្រពន្ធ បាន​យក​កូនកាំបិត​ចុង​ស្រួច​ទៅ​ចាក់​ប្តី​ជា​ច្រើន​កាំបិត រួច​ចាក់​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​នេះ បាន​ផឹកស្រា​ជុំ​គ្នា​រហូត​ស្រវឹង​រៀងខ្លួន តែ​មិនដឹង​ថា​ប្រពន្ធ​ខឹង​ប្តី​ដោយសារ​រឿង​អ្វី​ទេ ក៏​ស្រាប់តែ​ឈ្មោះ ផូ សុ​ធន អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ បាន​ស្ទុះ​ទៅ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្តី​ឈ្មោះ ពៅ សានិ​ត អាយុ​៣២​ឆ្នាំ បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន ក្រោយមក​ប្តី​ក៏​បាន​និយាយ​ថា អញ​ឈប់​យក​នាង​ឯង​ធ្វើ​ជា​ប្រពន្ធ ហើយ​ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ចាក់​ខ្លួនឯង​ដោត​កាំបិត​ជាប់​នឹង​ពោះ​រង​របួសធ្ងន់​ទាំងអស់​គ្នា ។

លោក​អធិការ បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​នេះ​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។
បើ​តាម​ការ​សាកសួរ ក្នុង​ពេល​ផឹក​នោះ​ប្តី​និយាយ​លេង​ថា បើ​បាន​ប្រពន្ធ​ចេះ​ផឹកស្រា​អញ​មិន​យក​ទេ ទៅ​យក​ស្រី​ក្មេង​ជាង​នេះ​ហើយ​មិន​ចេះ​ផឹក​វិញ​ល្អ​ជាង ។ ប្រហែល​ដោយសារ​ការ​និយាយ​លេង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង យក​កូនកាំបិត​មក​ចាក់​ប្តី​តែ​ម្តង​ទៅ ៕