ការ​ស្រាវជ្រាវ៖ សិស្ស​ដែល​លេង​ហ្គេម «ស្ទើររាល់ថ្ងៃ» ទទួល​ពិន្ទុ​ខ្ពស់​ក្នុង​គណិត​វិទ្យា និង​អំនាន

ការ​ស្រាវជ្រាវ៖ សិស្ស​ដែល​លេង​ហ្គេម «ស្ទើររាល់ថ្ងៃ» ទទួល​ពិន្ទុ​ខ្ពស់​ក្នុង​គណិត​វិទ្យា និង​អំនាន
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អ្នកវិទ្យាសាស្រ្តមួយរូបនៅអូស្រ្តាលីបានរកឃើញថា សិស្សានុសិស្សដែលចូលចិត្តលេងហ្គេមកម្សាន្ត ជាពិសេសហ្គេមអនឡាញទទួលបានពិន្ទុខ្ពស់ក្នុងមុខវិជ្ជា គណិតវិទ្យា អំនាន។

របាយការណ៍សិក្សាដែលត្រូវបានសរសេរឡើងដោយលោក Albert Posso ជាសាស្រ្តាចារ្យមួយរូបនៅវិទ្យាស្ថាន Royal Melbourne Institute of Technology នៃប្រទេសអូស្រ្តាលី និងត្រូវបានបោះពុម្ភផ្សាយក្នុងព្រឹត្តបត្រអន្តជាតិនៃការទំនាក់ទំនងនៅសប្តាហ៍នេះ បានប្រើប្រាស់ទិន្នន័យដែលទទួលបានពីលទ្ធផលប្រឡងសិស្សានុសិស្សប្រមាណ ១២,០០០ នាក់រៀបចំឡើងកម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) នៅឆ្នាំ ២០១២។

វាបានបង្ហាញថា សិស្សដែលលេងហ្គេមស្ទើរតែរាល់ថ្ងៃ ជាមធ្យមទទួលពិន្ទុលើសអ្នកមិនលេងចំនួន ១៥ ពិន្ទុ ក្នុងការប្រឡងគណិតវិទ្យា និងអំនាន និង ១៧ ពិន្ទុក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត។

លោក Posso បានពន្យល់ថា៖«នេះអាចនឹងមកពីក្នុងហ្គេមជាច្រើន ជាពិសេស ហ្គេមអនឡាញ តម្រូវឲ្យអ្នកលេងដោះស្រាយបញ្ហា ដែលទាមទារឲ្យមានការយល់ដឹងពីមុខវិជ្ជាទាំងនេះ»។

លោកបានសរសេរទៀតថា៖ «វាក៏អាចបង្ហាញបានដែរថា សិស្សដែលពូកែគណិត និងអំនាន ចូលចិត្តហ្គេមដែលជួយឲ្យពួកគេដុះខាតសមត្ថភាពរបស់ពួកគេបន្ថែមទៀត»។

ក៏ប៉ុន្តែ លោក Posso បានបញ្ជាក់ថា នៅចំណុចខ្លះ សិស្សដែលលេងហ្គេម «រាល់ថ្ងៃ» តែម្តងមិនបានទទួលពិន្ទុល្អដូច្នេះនោះឡើយ។

លោក សឹង សំណាង សាស្រ្តាចារ្យ និងអ្នកជំនាញខាងផ្នែកអប់រំមួយរូបនៅកម្ពុជាបានហៅ ការលេងហ្គេមបែបនេះថា «ជាការលេងដែលមិនមានការគ្រប់គ្រង់» ហើយសិស្សនិស្សិតគួរតែជៀសវាងការធ្វើបែបនេះ។

លោកប្រាប់ LIFT ថា៖ «ការលេងហ្គេមអាចនឹងផ្តល់អត្ថប្រយោជន៍ទៅដល់ការសិក្សា ក៏ប៉ុន្តែយុវវ័យមិនគួរចំណាយពេលច្រើនពេកទៅលើវានោះទេ ហើយក៏មិនត្រូវលេងវានៅក្នុងថ្នាក់រៀនដែរ។ ត្រឹមតែ ១ ម៉ោង ក្នុងមួយថ្ងៃ និងលើសតិចតួចនៅចុងសប្តាហ៍ក៏គ្រប់គ្រាន់ទៅហើយ សម្រាប់ការរក្សាតុល្យភាពនៃការសិក្សា និងការលេង»៕តាំង រីនិត្យ

ប្រភព៖ postkhmer

  • ការ​ស្រាវជ្រាវ៖ សិស្ស​ដែល​លេង​ហ្គេម «ស្ទើររាល់ថ្ងៃ» ទទួល​ពិន្ទុ​ខ្ពស់​ក្នុង​គណិត​វិទ្យា និង​អំនាន已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ចំនេះដឹង
Tags: