មាន​បំណង​រករឿង ! ខោក​ក្បាល​ឲ្យ​ខឹង រួច​ចាក់​២​កាំបិត

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន​បន្ទាប់​ពី​ប្រើ​កូនកាំបិត​ចាក់​គូទំនាស់់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ពញាឮ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ឆ​ន ចាន់​ថុ​ន ហៅ តាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ធា​រ៉ា ហៅ ច​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ប្រភព​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​ម្ដង​រួច​ហើយ ។ លុះដល់​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​មាន​បំណង​រករឿង​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ខោក​ក្បាល​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​ខឹង​ក៏​បាន​វាយ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ឆ្លៀតពេល​នោះ​ជនសង្ស័យ​ក៏​បាន​យក​កូនកាំបិត​ចុង​ស្រួច​ដង​ជ័រ​ចេញពី​ហោ​បៅ​ខោ របស់​ខ្លួន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ខ្នង​ចំនួន​២​កាំបិត បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕