FURI នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ពី​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ក្តី តែ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​នេះ នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា ដោយសារ​ការ​លក់​របស់​ក្រុមហ៊ុន​នេះ​នៅ​តែ​ទទួល​បាន​ជោគជ័យ ។

អ្នកស្រី ងិ​ន ចាន់​ឡែ​ន ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន FURI បានឱ្យ​ដឹង​ថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា នៅ​តែ​បង្ហាញ​សញ្ញា​រឹង​មាំ ។ ជាក់ស្តែង ក្រុមហ៊ុន​នៅ​តែ​លក់​ខុន​ដូ​បានជា​បន្តបន្ទាប់ ដោយសារ​ការ​ចាប់អារម្មណ៍​ទិញ​សម្រាប់​វិនិយោគ​ពី​អ្នក​វិនិយោគ​ជនជាតិ​ខ្មែរ និង​ជនបរទេស ដែល​ពួក​គេ​បាន​ទិញ​សម្រាប់​ជួល​បន្ត ឬ​ទុក​លក់​យកចំណេញ​នៅ​ពេល​អនាគត​។ អ្នកស្រី​ថា ៖ « ខុន​ដូ​ដែល​លក់ដាច់​ភាគច្រើន​ជា​ប្រភេទ​បន្ទប់​ស្ទូ​ឌី​យោ និង​១​បន្ទប់​គេង ដែល​មាន​តម្លៃ​ចន្លោះ​ពី​១៣​ម៉ឺន ដល់​១៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក » ។

អ្នកស្រី​បន្ត​ថា ចំពោះ​អ្នកទិញ​ខុន​ដូ Silver Town ពួក​គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត ដោយ​ពួក​គេ​គ្រាន់តែ​បង់ប្រាក់​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នោះ ពួក​គេ​អាច​ទទួល​បាន​ឥណទាន​ពី​ធនាគារ ហើយ​ពួក​គេ​ដាក់​ខុន​ដូ​ពួក​គេ​ជួល​ត្រឡប់​មក​ឱ្យ​ក្រុមហ៊ុន​វិញ ដោយ​ទទួល​បាន​ចំណូល​ជាង​១.០០០​ដុល្លារ ដល់​៣.៥០០​ដុល្លារ​ក្នុង​មួយ​ខែ​អាស្រ័យ​តាម​ទំហំ​បន្ទប់ ។ អ្នកស្រី​និយាយ​ថា​៖ « រហូត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​បន្ទប់​ដែល​ដាក់​លក់​នៃ​អគារ Silver Town លក់​បាន​រហូត​ដល់​៧០​ភាគរយ​ហើយ » ។

សូម​រំលឹក​ថា ខុន​ដូ Diamond Twin Tower មាន​កម្ពស់​៣២​ជាន់ ស្ថិត​នៅ​តំបន់​កោះ​ពេជ្រ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៨ ហើយ​រហូត​មក​ទល់​ពេល​នេះ ការ​លក់​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​៥០​ភាគរយ​ហើយ ។ គម្រោង​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ដោយសារ​វា​មា​នទី​តាំងនៅ​ជិត​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្គា​វើ​ល ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជនជាតិ​ចិន​ជា​ច្រើន​បាន​ទិញ​ម្តង​ៗ​ចន្លោះ​ពី​៥ ទៅ​១០​យូ​នី​ត ។

អ្នកស្រី ងិ​ន ចាន់​ឡែ​ន បានឱ្យ​ដឹង​ថា ភាព​ជោគជ័យ​នៃ​ការ​លក់​ខុន​ដូរ​បស់​ក្រុមហ៊ុន​នេះ ដោយសារ​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា​ជួល​ត្រឡប់​ពី​អតិថិជន ដែល​បាន​ទិញ​គម្រោង​របស់​យើង និង​បាន​ផ្តល់​ឱ្យ​អតិថិជន​នូវ​ប្រាក់​ចំណេញ​ច្រើន ពិសេស គម្រោង​ខុន​ដូ​នីមួយ​ៗ​ដែល​ក្រុមហ៊ុន FURI ជ្រើសរើស​យក​មក​លក់​សុទ្ធតែ​ជា​គម្រោង​ដ៏​ល្អ និង​ស្ថិត​នៅ​ទីតាំង​លេខ​១ នៅ​រាជធានី​ភ្នំពេញ ព្រោះ​ក្រុមហ៊ុន​មិន​ចេះ​តែ​ជ្រើសរើស​គម្រោង​មក​លក់​ដោយ​មិន​បាន​សិក្សា​ពី​គុណភាព​សំណង់ និង​ការ​រចនា​នោះ​ទេ ។

អ្នកស្រី​ថា ៖ « ខ្ញុំ​នៅ​តែ​គិត​ថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា នៅ​តែ​មាន​កំណើន​រឹង​មាំ ដោយសារ​ការ​ហូរ​ចូល​នូវ​អ្នក​វិនិយោគ និង​អ្នក​មក​ធ្វើការ​នៅ​កម្ពុជា​កាន់តែ​ច្រើន ជា​ពិសេស នា​ពេល​អនាគត ប្រជាពលរដ្ឋ​កម្ពុជា​ជំនាន់​ថ្មី​នឹង​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន ដោយសារ​ខុន​ដូ​មាន​សន្តិសុខ​២៤​ម៉ោង មាន​សេវា​សម្អាត​អនាម័យ​ជា​ប្រចាំ មានការ​បំពាក់​សម្ភារ​បរិក្ខារ​ដូច​ជា​ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹកជា​ដើម ។ ម្យ៉ាងទៀត ដោយសារ​ទីក្រុង​កាន់តែ​ចង្អៀត ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដែល​នាំ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។ ដូច្នេះ មនុស្ស​ជំនាន់​ថ្មី​នឹង​ជ្រើសរើស​ខុន​ដូ​សម្រាប់​រស់នៅ ព្រោះ​វា​ស្ថិត​នៅ​ជិត​កន្លែងធ្វើការ​ងារ​របស់​ពួក​គេ » ។

លោក លី សែន​លាភ អគ្គនាយក​ក្រុមហ៊ុន​FURI បាន​ថ្លែង​ថា លោក​នៅ​តែ​គិត​ថា គម្រោង​ខុន​ដូ​ដែល​ល្អ​នៅ​តែ​មាន​ទីផ្សារ​រឹង​មាំ ដែល​ក្រុមហ៊ុន​តែងតែ​ពន្យល់​អ្នកទិញ​ថា បើ​ទិញ​ខុន​ដូ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ដូច​ជា​វិនិយោគ​ទៅ​លើ​ដីធ្លី វា​មិន​ឡើងថ្លៃ​ខ្ពស់​ដូច​ដីធ្លី​នោះ​ទេ តែបើ​រំពឹង​បាន​ប្រាក់​ពី​ការ​ជួល​ត្រឡប់​មក​វិញ​រយៈពេល​វែង គឺ​ក្រុមហ៊ុន​ផ្តល់​ការ​ធានា​ដល់​អតិថិជន ឱ្យ​តែ​គម្រោង​ខុន​ដូ​នោះ​ស្ថិត​នៅ​ទីតាំង​ល្អ មានការ​រចនា​ទាក់ទាញ និង​មាន​ក្រុមហ៊ុន​គ្រប់គ្រង​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ ។

លោក​បន្ត​ថា សម្រាប់​លោក មិន​មាន​អ្វី​ព្រួយបារម្ភ​ពី​ទីផ្សារ​ខុន​ដូ​សម្រាប់​ពេល​ខាង​មុខ​នោះ​ទេ ហើយ​អតិថិជន​ដែល​ទិញ​ខុន​ដូ​ណាមួយ ក្រុមហ៊ុន​នឹង​ធានា​រក​អតិថិជន​ជួល​ឱ្យ​គេ​បាន​។ ជាក់ស្តែង គម្រោង Residia Condo គឺ​ក្រុមហ៊ុន​បាន​ផ្តល់​ការ​ជួល​រយៈពេល​ខ្លី និង​រយៈពេល​វែង​ដល់​អតិថិជន ហើយ​អតិថិជន​អាច​ទទួល​បាន​ប្រាក់​ពី​ការ​ជួល​ត្រឡប់​ប្រចាំខែ​ផង​ដែរ ។

អ្នកឧកញ៉ា សៀ រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​World Bridge Land ដែល​បាន​និង​កំពុង​វិនិយោគ​គម្រោង The Bridge និង​គម្រោង The Peak បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​លោក​ថ្លែង​ថា ទីផ្សារ​ខុន​ដូ​នៅ​តែ​រឹង​មាំ ហើយ​ចំនួន​អ្នកទិញ​មិន​បាន​ថយ​ចុះ​នោះ​ទេ​នៅ​ក្នុង​ទីផ្សារ​នេះ ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ពី​មុន​មាន​អ្នកទិញ​១០០​នាក់ តែ​ខុន​ដូ​មាន​១០​គម្រោង ។ ពេល​នេះ​ចំនួន​អ្នកទិញ​ដដែល ប៉ុន្តែ​ខុន​ដូ​បាន​កើនឡើង​ដល់​១០០​គម្រោង ដូច្នេះ អតិថិជន​នៅ​ដដែល តែ​ការ​ផ្គត់ផ្គង់​កើនឡើង៕