គួរ​ទិញ​ខុន​ដូ​ជាន់​ណា​ទើប​ល្អ និង​ពេញ​និយម​បំផុត

ការ​សម្រេចចិត្ត​ទិញ​ខុន​ដូ គឺ​អាស្រ័យ​លើ​កត្តា​ផ្សេង​ៗ មិន​ថា​ទីតាំង ការ​ធ្វើ​ដំណើរ កន្លែង​ជិតខាង បរិស្ថាន​ព័ទ្ធ​ជុំវិញ និង​តម្លៃ ។ មនុស្ស​ខ្លះ​គិតដល់​រឿង​ហុង​សុ​យ​ជា​ចម្បង ហើយ​ខ្លះ​ទៀត​គិតដល់​ភាព​ងាយស្រួល​ជា​រឿង​សំខាន់ និង​បន្ទប់​ដែល​យើង​នឹង​ទិញ​នេះ គួរ​ជ្រើសរើស​ជាន់​ទី​ប៉ុន្មាន ទីតាំង​ណា និង​ទិស​ណា​ល្អ ដែល​កត្តា​ទាំងនេះ​មាន​ផល​ប៉ះពាល់​ដល់​ការ​ស្នាក់​នៅ ខាង​ផ្លូវចិត្ត និង​ងាយស្រួល​ដល់​ការ​ជួល ឬ​លក់​បន្ត​ផង​ដែរ ។

ការ​ជ្រើសរើស​ជាន់​ដែល​ល្អ​នោះ គឺ​ទាក់ទង​នឹង​លេខ​ជាន់​នីមួយ​ៗ​ចាត់ទុកជា​រឿង​មង្គល និង​អពមង្គល​ក្នុង​ការ​ស្នាក់​នៅ ដែល​បទដ្ឋាន​ក្នុង​រឿង​នេះ​មាន​ច្រើន អាច​មក​ពី​ហេតុផល​នៃ​ហុង​សុ​យ និង​ខ្លះ​ទៀត​គិត​ពី​ធម្មជាតិ ឬ​ហេតុផល​ផ្ទាល់ខ្លួន​ផ្សេង​ៗ ។ យើង​មក​មើល​ថា តើ​ជាន់​ណា​ដែល​ពេញ​និយម​របស់​មនុស្ស​ភាគច្រើន ។

១-​ខុន​ដូ​បែប Low-rise កម្ពស់​មិន​លើស​ពី​៨​ជាន់ ៖
សម្រាប់​ខុន​ដូ​បែប Low-rise ភាគច្រើន​ចាប់ផ្តើម​ស្នាក់​នៅ​តាំងពី​ជាន់​ទី​២​ឡើង​ទៅ ឬ​គម្រោង​ខ្លះ​ក៏​មាន​កន្លែង​រស់នៅ​តាំងពី​ជាន់​ទី​១​ទៅ ។ ខុន​ដូ​បែប​នេះ ជាន់​ដែល​ពេញ​និយម​បំផុត គឺជា​ន់ទី​៤ និង​ទី​៧ ។

-​ជាន់​ទី​១ និង​ទី​២ ៖ មិនសូវ​ជា​ពេញ​និយម​ប៉ុន្មាន​ទេ ហេតុផល​ព្រោះ​ព្រួយបារម្ភ​ពី​រឿង​សុវត្ថិភាព​ក្នុង​ការ​រស់នៅ ឬ​ការ​រំខាន​ផ្សេង​ៗ​ដូច​ជា សំឡេង​ខ្លាំង សត្វ​លូន ឬ​សត្វល្អិត ជាដើម ។ តែ​ចំណុច​ល្អ​របស់​ជាន់​នេះ គឺ​វា​មាន​តម្លៃ​ថោក ។

-​ជាន់​ទី​៣ ៖ មិនសូវ​ជា​ពេញ​និយម​ទេ ព្រោះ​អាច​នឹង​គិត​ថា លេខ​មិនល្អ (​លេខ​៣) ឬ​មើល​ទេសភាព​មិនសូវ​ច្បាស់ ។

-​ជាន់​ទី​៤-៧ ៖ ជា​ជាន់​ដែល​ពេញ​និយម​បំផុត ព្រោះ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ច្រើន ។ វា​មាន​ទំនុកចិត្ត​ក្នុង​រឿង​សុវត្ថិភាព និង​មិន​ក្តៅ​ខ្លាំង​ពេក​ដូច​ជាន់​ទី​៨​ឡើយ ប៉ុន្តែ​តម្លៃ​របស់​វា​នឹង​ថ្លៃ​ជាង​ជាន់​ផ្សេង​ៗ ។

-​ជាន់​ទី​៨ ៖ ទោះ​វា​ជា​ជាន់​ដែល​មើលឃើញ​ទេសភាព​បាន​ល្អ​ជាង​ជាន់​ផ្សេង​ៗ​ក្តី តែ​ភាគច្រើន​មិន​មានការ​និយម​ទេ ព្រោះ​ជា​បន្ទប់​ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ពេញ​តែ​ម្តង ធ្វើ​ឱ្យ​បន្ទប់​មាន​ចំហាយ​ក្តៅ ហើយ​អ្នកខ្លះ​បារម្ភ​ពី​រឿង​លេច​ធ្លាយ​នៃ​ដំបូល​ជាដើម ។ តែ​ចំណុច​ល្អ​របស់​ជាន់​នេះ បើ​តាម​បែប​ហុង​សុ​យ គឺ «​ភាព​សម្បូរ​បែប​» ។

ជនជាតិ​ចិន​ចូល​ចិត្ត​លេខ​នេះ​ខ្លាំង​បំផុត ព្រោះ​លេខ​៨ មាន​ន័យ​ថា «​ជោគ​លាភ​» ប្រាក់ និង​ទ្រព្យសម្បត្តិ រីឯ​ជនជាតិ​បារាំង​ក៏​ប្រាប់​ថា​ល្អ​ដែរ មាន​ន័យ​ថា គ្មាន​ទី​បញ្ចប់ ។ ប៉ុន្តែ​សម្រាប់​ជនជាតិ​ថៃ លេខ​៨ មិនសូវ​ល្អ​ប៉ុន្មាន​ទេ មាន​ន័យ​ថា មួម៉ៅ អបាយមុខ ផ្កាយ​បាប ផ្កាយ​គ្រោះ ដែល​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន ។

២-​ខុន​ដូ​បែប High-rise កម្ពស់​លើស​ពី​៨​ជាន់ ៖
សម្រាប់​ខុន​ដូ​បែប High-rise ភាគច្រើន​នឹង​ជ្រើសរើស​ជាន់ខ្ពស់​ៗ​ជា​មុន ព្រោះ​អាច​មើលឃើញ​ទេសភាព​ល្អ មាន​ភាព​ផ្ទាល់ខ្លួន​ច្រើន ឬ​ជា​បន្ទប់​ដែល​មើលឃើញ​តំបន់​កណ្តាល​បាន​ច្បាស់ តែ​ពិត​ណាស់​ថា តម្លៃ​លក់​តែងតែ​ខ្ពស់​ជាង​ជាន់​ខាងក្រោម ។ គម្រោង​ភាគច្រើន​នឹង​ធ្វើ​ជាន់​ទី​២-៦ ជា​កន្លែង​ចត​រថយន្ត ។ រីឯ​ជាន់​ទី​៧-៨ ជា​ជាន់​សម្រាប់​ផ្តល់​ភាព​ងាយស្រួល ដូច​ជា អាង​ហែល​ទឹក និង​បន្ទប់​ហាត់ប្រាណ ជាដើម ។

ដូច្នេះ ជាន់​ដែល​ពេញ​និយម​របស់​ខុន​ដូ​បែប High-rise គឺជា​ន់ទី​៩ ចាត់ទុកជា​លេខ​ដែល​ពេញ​និយម​របស់​ជនជាតិ​ថៃ ដែល​ផ្តល់​អត្ថន័យ​ល្អ​សំដៅលើ​មង្គល ចម្រុងចម្រើន​យិ​ត​យោង​។ បើ​គិត​តាម​ហុង​សុ​យ លេខ​៩ គឺ​ភាព​រុងរឿង រីក​ចម្រើន​ទៅ​មុខ ។ ចំណែក​ជនជាតិ​បារាំង​ក៏​គិត​ថា​ល្អ​ដែរ ព្រោះ​លេខ​៩ គឺជា​ចំនួន​ខ្ពស់​បំផុត​នៃ​តួលេខ ។ អ្នកខ្លះ​ចូល​ចិត្ត​ជាន់​ដែល​ខ្ពស់​ជាង​នេះ​ទៀត​សម្រាប់​មើលឃើញ​ទេសភាព​បាន​ច្បាស់ និង​គ្មាន​អ្វី​មក​បាំង ។ រីឯ​ជាន់​ដែល​មិនសូវ​ពេញ​និយម គឺជា​ន់ទី​១៣ ដោយ​គម្រោង​ខ្លះ​បាន​កាត់​ជាន់​នេះ​ចេញ ឬ​ក៏​ប្តូរ​ឈ្មោះ​ជា​ជាន់​ទី​១២A ជំនួស​វិញ ។

ម្យ៉ាងទៀត រឿង​ត្រូវ​ពិចារណា គឺ​មិន​គួរ​ជ្រើសរើស​បន្ទប់​ណា​ដែល​ស្ថិត​នៅ​ក្រោម​អាង​ហែល​ទឹក ឬ​នៅ​ក្បែរ​អាង​ហែល​ទឹក​នោះ​ទេ ព្រោះ​យើង​នឹង​ត្រូវ​ប្រថុយ​នឹង​ការ​ជ្រាប​ទឹក​ផង​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​ជ្រើសរើស​ទិញ​ខុន​ដូ មិន​ថា​ជាន់​ណា​ល្អ​នោះ​ទេ គឺ​ផ្អែក​ទៅ​លើ​ជំនឿ និង​ប្រាក់​ក្នុង​ហោប៉ៅ​របស់​បុគ្គល​ម្នាក់​ៗ ៕