សួន សេរីរដ្ឋា៖ សង្គ្រោះ​ជាតិ=អា​ភ្លើ – គ.ជ.ប=អា​ឆ្កួត – អាស៊ី​សេរី=អា​ឡប់

ព្រឹត្តិការណ៍នយោបាយចុងក្រោយនេះ របស់គណបក្សសង្គ្រោះជាតិ គឺ«អាភ្លើ» សហការ​ជាមួយ​ «អាឆ្កួត» ហើយ​ឲ្យ «អា​ឡប់» ជួយ​អួត ដើម្បី​«ចម្លង​ជំងឺ​ឆ្កួត» ឲ្យ​បានពេញមួយស្រុក។ នេះជាការ​ពន្យល់​របស់​លោក សួន សេរីរដ្ឋា ទៅនឹងការ​ប្រកាស​ជំហរ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ប្ដឹង​ជន​បរទេស​ណា ដែល​កាន់​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​ខុស​ច្បាប់។
សួន សេរីរដ្ឋា៖ សង្គ្រោះ​ជាតិ=អា​ភ្លើ - គ.ជ.ប=អា​ឆ្កួត - អាស៊ី​សេរី=អា​ឡប់

ពីឆ្វេងទៅស្ដាំ ខាងមុខ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Bory)

ជំហរនយោបាយចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគាំទ្រ​ដោយគណៈកម្មាធិការជាតិ រៀប​ចំ​ការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប.) និងមានវិទ្យុអាស៊ីសេរី ជា​អ្នក​ផ្សព្វផ្សាយ​បន្ត​នោះ ត្រូវ​បាន​ប្រធាន​គណបក្ស​​អំណាច​​ខ្មែរ យកមកធ្វើអត្ថាធិប្បាយ ដោយប្រៀបធៀប ទៅនឹងពាក្យធ្ងន់ៗ មានជាអាថ៌«អាភ្លើ» «អាឆ្កួត» និង​​«អាឡប់»​ជាដើម។

ជំហរនយោបាយនោះ គឺគណបក្សសង្គ្រោះជាតិ បានប្រកាស​ចាត់វិធានការ​តាមផ្លូវច្បាប់ ប្រឆាំងនឹងជន​បរទេស​ណា​ក៏​ដោយ ដែលកាន់អត្តសញ្ញាណ​ប័ណ្ណខ្មែរខុសច្បាប់។ នៅក្នុងការផ្សាយកាលពីម្សិលម៉ិញ របស់​វិទ្យុ​អាស៊ី​សេរី ជំហរ​នយោបាយ​នេះ ត្រូវបានអ្នកនាំពាក្យគ.ជ.ប គាំទ្រ និងជំរុញឲ្យមានពាក្យបណ្ដឹងនេះ ទៅកាន់គ.ជ.ប ឬ​ទៅ​កាន់​តុលាការ។ ចំពោះលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរវិញ បានយល់ថា​ជំហរ​នយោបាយ​នេះ គឺ​«អាភ្លើ» សហការណ៍ជាមួយ «អាឆ្កួត» ហើយឲ្យ «អាឡប់» ជួយអួត ដើម្បី «ចម្លងជំងឺឆ្កួត» ឲ្យបាន​ពេញ​មួយ​ស្រុក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា គណបក្ស​សង្គ្រោះ​ជាតិ បានថ្លែងថា ​នឹង​ពឹង​ពាក់​មេធាវី​ដើម្បី​​រៀបចំ​​ពាក្យ​បណ្ដឹងទៅ គ.ជ.ប និង​តុលាការ ​ប្ដឹង​ជនបរទេស​ណា ដែល​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​​ខ្មែរ​​ខុស​​ច្បាប់ ​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​។ ក្នុងលិខិតនោះ ក្រុម​សមាជិកសភា​គណបក្ស​​សង្គ្រោះ​​ជាតិ គ្រោង​​ស្នើ​​ទៅ​ក្រសួង​យុត្តិធម៌ សុំ​ឲ្យ​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​ជនបរទេស ​ដែល​ទទួល​បាន​បាន​សញ្ជាតិ​​ខ្មែរ​​តាម ​រយៈ​​សញ្ជាតូបនីយកម្ម​​ត្រឹម​ត្រូវ​​​តាម​​ច្បាប់។

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្ស​សង្គ្រោះជាតិ បានបន្តឲ្យដឹងទៀតថា គណបក្សនឹង​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ហើយនឹងសហការជាមួយក្រសួងមួយនេះ ដើម្បី​ស្រាវជ្រាវ និង​ចាត់​វិធានការ​ ចំពោះ​ការ​ផ្ដល់ និងការ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុស​ច្បាប់។

លោក សួន សេរីរដ្ឋា ដែលតែងហៅអ្នកនយោបាយ មកពីគណបក្សសង្គ្រោះជាតិ ថាសុទ្ធសឹងជាអ្នក​«ស៊ី​ឈ្នួល​ចាញ់»​នោះ បានពន្យល់ពីការបរិហារ លើជំហរនយោបាយ របស់គណបក្សសង្គ្រោះជាតិថា៖ (១) តើមាន​ករណី មួយណាដែលប្តឹងទៅ គ.ជ.ប និងប្តឹងទៅ តុលាការហើយ ទទួលបានលទ្ធផលជោគជ័យ (ឬ)ទេ ? (២) តើ​ក្នុង​នាម​ជា​គណបក្សនយោបាយ ដែលមិនមែនជាស្ថាប័នជំនាញ​របស់រដ្ឋាភិបាល បក្សនយោបាយមួយនេះ មាន​លទ្ធភាព ឬមានអំណាចមួយ​ណា ដែលបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ ដែលក្រសួងមហាផ្ទៃ​ចេញឲ្យជន​បរទេស​នោះ​ប្រើ វា​ជា​អត្តសញ្ញាណ​ប័ណ្ណ​ខុស​ច្បាប់?

ប្រធានគណបក្សអំណាចខ្មែរ បានប្រកាសទៅកាន់ជនរួមជាតិខ្មែរ គ្រប់និន្នាការទាំងអស់ ឲ្យរួមគ្នាទប់ស្កាត់ នឹង​រារាំង ឲ្យខាងតែបាន។ លោក បានបញ្ជាក់ថា៖ «កុំឲ្យជនជាតិយួន ដែលជាជនជាតិឈ្លានពាន​ទាំងនោះ មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បានឲ្យសោះ ទោះបីជាពួកនោះ​ មានកាន់អត្តសញ្ញាណ​ប័ណ្ណ និងមានសៀវភៅ​គ្រួសារខ្មែរ​ក៏​ដោយ។ ទប់ស្កាត់ រារាំង ជនបរទេស ជនជាតិយួន ឈ្លានពានទាំងនោះ មិនឲ្យចុះឈ្មោះបោះឆ្នោតបាន វាជា​កាតព្វកិច្ច​រួម របស់បងប្អូនជនរួមជាតិខ្មែរ! ទប់ស្កាត់បានហើយ រារាំងបានសម្រេចហើយ ពេលបងប្អូន ជនរួម​ជាតិ​ខ្មែរ ចេញទៅបោះឆ្នោត សូមបោះឆ្នោតតាមឆន្ទៈ!»។

លោក សួន សេរីរដ្ឋា បានបញ្ចប់សេចក្ដីដូច្នេះទៀតថា៖ «សូមជនជាតិខ្មែរ កុំរងចាំ គណបក្ស​ណា​ប្តឹង​ឲ្យ គ.ជ.ប ឬ តុលាការ ដោះស្រាយរឿង​ជនជាតិយួន មកចុះឈ្មោះបោះឆ្នោតនោះ។ វាគ្មានលទ្ធផលទេ ព្រោះវាជាល្ខោន​នយោបាយ​បង្គ្រប់កិច្ច ដែលពួក គណបក្សស៊ីឈ្នួលចាញ់ លេងសំដែងមកដដែលៗ ៤ អាណត្តិ​ហើយ។»៕