ឃាត់ខ្លួន​២​នាក់ ទើប​ដឹង​ថា​អ្នកកាសែត​ត្បាញ​អាយ

ខេត្តរតនគិរី ៖ នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​អ្នកកាសែត​២​នាក់​ក្រោយ​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ​បឹ្ត​ង​ថា មាន​ជន​មិន​ស្គាល់​មុខ​ដេញ​កៀរ​ម៉ូតូ​ពួក​គាត់​ឲ្យ​ឈប់ តែ​គាត់​បន្ថែម​ល្បឿន​ចូល​ដល់​ក្នុងផ្ទះ​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

បើ​តាម​ម្ចាស់​ម៉ូតូ​ដឹកឈើ​ចំនួន​៣​ដុំ​នេះ​ប្រាប់​នគរបាល​ប៉ុស្តិ៍​បឹង​កន្សែង​ឲ្យ​ដឹង​ថា គាត់​ឃើញ​ជន​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូឌុប​គ្នា​ដេញ​គាត់ និង​កៀរ​ម៉ូតូ​ឲ្យ​ឈប់ ដោយ​គាត់​មានការ​ភ័យ​ខ្លាច ក្រែង​ក្រុម​ក្មេង​ស្ទាវ​ស្ទាក់​វ៉ៃ​គំរាម​យក​លុយ​ទើប​គាត់​សុំ​អន្តរាគមន៍​ទៅ​នគរបាល​ប៉ុស្តិ៍​ដែល​នៅ​ក្បែរ​នោះ ។

នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​សួរនាំ​អ្នក​ទាំង​២​នេះ​ទើប​ដឹង​ថា ពួក​គាត់​ជា​អ្នកកាសែត​ដោយ​ក្នុង​នោះ​មាន​ទី​១ ឈ្មោះ តែ ផានិត អ្នក​យក​ព​ត៌​មាន​កាសែត​រស្មី​ព្រះ​វិហារ និង ទី​២ ឈ្មោះ ឆែម រ៉ា​នី ភ្នាក់ងារ​សារ​ព​ត៌​មាន​អង្គភាព​មាតុភូមិ ប្រចាំការ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ។ បន្ទាប់​ពី​សាកសួរ និង​ត្រួតពិនិត្យ​មើល​ប័ណ្ណសំគាល់ខ្លួន​រួច​មក​ត្រូវ​បាន​ថ្នាក់លើ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​មួយ​រយៈពេល​នេះ​មាន​មនុស្ស​ប្លែក​មុខជា​ច្រើន ហើយ​ករណី​ចោរលួច ចោរឆក់​ក៏​កើត​មាន​ដែរ ដូច្នេះ​ត្រូវ​រឹត​បន្តឹង​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ប្រភព​ព​ត៌​មាន​ដោយឡែក​មួយទៀត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ខេត្តរតនគិរី​មាន​អ្នកកាសែត​ប្រមាណ​ជាង​៧០​នាក់​ដែល​ពួក​គាត់​ខ្លះ​ជា​អ្នក​រត់​ម៉ូតូឌុប លក់​បន្លែ ជាងសំណង់ ជាដើម​ត្រូវ​បាន​មេខ្យល់​កៀងគរ​ឲ្យ​ធ្វើ​ប័ណ្ណ​ព​ត៌​មាន​ដោយ​អះអាង​ថា ចាងហ្វាង​កាសែត​នៅ​ភ្នំពេញ​ឲ្យ​ជ្រើសរើស​អ្នក​ព័ត៌មាន​ជា​ថ្នូរ​នឹង​លុយ​១០០​ដុល្លារ ទៅ​២០០​ដុល្លារ ។

ជាមួយ​គ្នា​ដែរ ក្រុម​អ្នកកាសែត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តន​គិរី​បាន​ធ្វើការ​រិៈ​គន់​ដោយ​មាន​មតិ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ឃើញ​តែ​ក្រុម​អ្នកកាសែត​ប្រមូលផ្តុំ​គ្នា​ចាំ​ដេញ​ម៉ូតូ​ដឹកឈើ រ៉ឺ​ម៉ក​ដឹកឈើ ដោយ​ពុំដែល​ឃើញ​ពួក​គាត់​ធ្វើការ​តាម​វិជ្ជាជីវៈ​ព័ត៌មាន​នោះ​ទេ ។ ដូច្នេះ​គួរតែ​ខាង​មន្ទីរ​ព័ត៌មាន​កោះហៅ​ពួក​គាត់​ទៅ​សួរនាំ និង​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​រៀន​ខាង​វិស័យ​ព័ត៌មាន​ទើប​ជា​ការ​ប្រសើរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​បច្ចុប្បន្ន​នេះ​អ្នក​សារព័ត៌មាន​ប្រមាណ​៧០​នាក់​យក​អង្គភាព​សារព័ត៌មាន​ធ្វើ​អាជីវកម្ម​ដើរ​គោះ​លុយ​គេ ដើរ​ក្រឡុក​តាម​មន្ទីរ​ស្ថាប័នរដ្ឋ​ផ្សេង​ៗ ធ្វើ​ឲ្យ​ខូច​តម្លៃ​សារព័ត៌មាន ដែល​គេ​និយាយ​ថា ជា​អ្នកកាសែត​ត្បាញ​អាយ ៕