វាយប្រហារ​គ្រាប់បែក​ក្នុង​មង្គលការ​មួយ​នៅ​តួ​ក​គី​ស្លាប់​30​នាក់

អភិបាលក្រុង​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី ANADOLU រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ សីហា​ថា ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ទីក្រុង GAZIANTEP ភាគ​អាគ្នេយ៍​តួ​ក​គី​ជិត​ព្រំដែន​ស៊ី​រី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ។

តាម​ទូរទស្សន៍​តួ​ក​គី CNN-TURK អភិបាលក្រុង​រូប​នេះ​លោក ALI YERLIKAYA គូសបញ្ជាក់​នា​យប់​ថ្ងៃ​ទី​២០ មក​២១ សីហា ថា តុល្យការ​នៃ​ការ​វាយប្រហារ​នេះ​អ្នក​ស្លាប់មាន​ដល់​យ៉ាងតិច​៣០​នាក់ ហើយ​មនុស្ស​៩៤​នាក់​ទៀត​រង​របួស ។ មុន​នេះ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​២២​នាក់ ។

ភាគ​អាគ្នេយ៍​តួ​ក​គី​នា​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ជួប​ប្រទះ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​៣​រួច​មក​ហើយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់ ហើយ​ក្រុង​អង់កា​រ៉ា​ថា​ជា​ស្នាដៃ​របស់​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ។ ក្រុង GAZIANTEP ស្ថិត​នៅ​ភាគ​ខាងជើង​ព្រំដែន​ស៊ី​រី ក្លាយជា​ចំណុច​ឆ្លងកាត់​របស់​ជនភៀសខ្លួន​ស៊ី​រី​ជា​ច្រើន​នាក់​ដែល​រត់គេច​ចេញពី​សង្គ្រាម​ក្នុង​ប្រទេស​ពួក​គេ ។

បណ្តា​ទូរទស្សន៍​បង្ហាញ​ពី​រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​បញ្ជូន​ទៅ​កាន់​កន្លែង​វាយប្រហារ ដែល​គេ​ឃើញ​សាកសព​មនុស្ស​ជា​ច្រើន​នាក់​នៅ​រាយ​ប៉ាយ​លើ​ដី គ្រប​ដោយ​ក្រណាត់​ស ។ សាច់ញាតិ​ជន​រង​គ្រោះ​ប្រមូលផ្តុំ​គ្នា​តាម​ដង​វិ​ថី ៕