ឯកអគ្គរដ្ឋទូត​រត់ចោលជួរ​ក្រុង​ព្យុ​ង​យ៉ាង​ចោទ​ថា​ជា​ឧក្រិដ្ឋជន

យោង​តាម YONHAP ថា ៣​ថ្ងៃក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្រុង​សេ​អ៊ូ​ល​ពី​ការ​រត់ចោលជួរ​របស់​ឯកអគ្គរដ្ឋទូត​រង​កូរ៉េ​ខាងជើង​ប្រចាំ​ប្រទេស​អង់គ្លេស លោក THEA YONG-HO ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ សីហា នូវ​បទ​អត្ថាធិប្បាយ​មួយ​ដោយ​ចោទ​អ្នកការទូត​ជាន់ខ្ពស់​របស់​រូប​ខ្លួន​នេះ​ថា​ជា​ឧក្រិដ្ឋជន ។

ដោយ​ពុំ​លើក​ឈ្មោះ​លោក THAE ទីភ្នាក់ងារ​ព័ត៌មាន KCNA គូសបញ្ជាក់​ថា កម្លាំង​ក្បត់​របស់​លោកស្រី PARK GEUN HYE ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​សកម្មភាព​ដ៏​អាម៉ាស់​ដោយ​ហៅ​មនុស្ស​ដែល​ធ្វើការ​ជា​តំណាង​របស់​យើង​ប្រចាំ​ប្រទេស​អង់គ្លេស ហើយ​រត់គេច​ខ្លួន​ជាមួយ​គ្រួសារ​ឱ្យទៅ​កាន់​កូរ៉េ​ខាងត្បូង ខណៈ​ជន​នេះ ខ្លាច​ការ​ដាក់​ទោស​​ពី​បទឧក្រិដ្ឋ​នានា​ដែល​ត្រូវ​លាតត្រដាង ។ នេះ​ជា​ប្រតិកម្ម​លើក​ដំបូង​របស់​កូរ៉េ​ខាងជើង​ក្រោយ​ការ​រត់​ភៀសខ្លួន​នេះ ។

កូរ៉េ​ខាងជើង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២០ សីហា ថា លោក THAE YONG HO ជាប់ចោទ​ពី​បទ​ពង្វាង​យក​មូលនិធិ​សាធារណៈ​លក់​ការណ៍​សម្ងាត់​រដ្ឋ និង​ចាប់រំលោភ​មនុស្ស​ពុំ​ទាន់​ពេញវ័យ ។

KCNA ចោទ​ក្រុង​សេ​អ៊ូ​ល​ថា ប្រើប្រាស់​រឿង​នេះ ដើម្បី​បង្ខូច​មុខមាត់​របស់​កូរ៉េ​ខាងជើង ហើយ​ធ្វើ​យុទ្ធនាការ​នានា​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ៕