អភិបាលខេត្ត​ជួយ​កន្លែង​ស្នាក់​នៅ​៣៥០​កន្លែង​ដល់​សិស្ស​ក្រីក្រ​ប្រឡង​បាក់​ឌុ​ប

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ពង្រឹងគុណភាព​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដោយ​ឈរ​លើ​គោលការណ៍​«​អ្នកចេះ​ប្រឡង​ជាប់​» ជាមួយ​នោះ​សិស្ស​ប្រុស​ស្រី​ចំនួន​៦.១២៤​នាក់ កំពុង​តែ​ត្រៀមលក្ខណៈ​ចូល​ប្រលង​នៅ​តាម​មណ្ឌល​ចំនួន​១១​កន្លែង ក្នុង​នោះ​ក្រុង​កំពង់ចាម​៨​មណ្ឌល ស្រុក​ជើងព្រៃ​២​មណ្ឌល កំពង់សៀម​១​មណ្ឌល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ និង​២៣ ខែសីហា ឆ្នាំ​២០១៦ ។

សិស្ស​ស្រី​ម្នាក់​ឈ្មោះ ថូ ម៉ូ​នី​ហ្សា រៀន​ថ្នាក់​ទី​១២«M» វិទ្យាល័យ​ព្រះ​សី​ហុ​ន ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​សីហា ថា ដោយសារ​តែ​ការ​ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ​នោះ ចាប់តាំងពី​ពេល​ដែល​ត្រូវ​ចូល​រៀន​ថ្នាក់​អនុ​វិទ្យាល័យ គឺ​បាន​ប្រឹងប្រែង​រៀនសូត្រ​គួប​ផ្សំ​នឹង​បញ្ញា​ពី​កំណើត​ផង​នោះ តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​រាល់​ឆ្នាំ​តែ​ម្តង ។

ថូ ម៉ូ​នី​ហ្សា និយាយ​ទាំង​ញញឹម​បន្ត​ថា នៅ​ពេល​ដែល​ទៅ​រៀន​អង្គុយ​ក្នុង​បន្ទប់​ថ្នាក់រៀន គឺជា​និច្ចកាល​បាន​ត្រង់ត្រាប់​ស្តាប់​លោកគ្រូ​អ្នកគ្រូ​ពន្យល់​មេរៀន បើសិនជា​មិន​យល់​នៅ​ត្រង់​ចំណុច​ណាមួយ​នោះ គឺ​ប្រញាប់​សួរ​គ្រូ​ជា​បន្ទាន់ ដោយ​មិន​បង្អង់​យូរ​ឡើយ ។ ហើយ​មេរៀន​ណា​ដែល​មិន​ចាំ ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​បាន​ទន្ទេញ​ទាល់តែ​ចាំ សម្រាប់​មុខ​វិជ្ជា​ដែល​រៀន​ពូកែ​ជាងគេ​នោះ គឺ​គណិត​វិទ្យា ហើយ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ និង​២៣ ខែសីហា ឆ្នាំ​២០១៦ នាង​ប្រឡង​នៅ​មណ្ឌល​សាកលវិទ្យាល័យ ជា ស៊ី​ម កំចាយមារ ក្រុង​កំពង់ចាម  ដោយ​នឹង​រំពឹង​ថា នាង​ប្រលង​ជាប់ ។

សិស្ស​ឈ្មោះ សា វ៉ា​រី អាយុ​១៩​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ស្ទឹង​ត្រង់ ដែល​ត្រូវ​មក​ប្រលង​នៅ​មណ្ឌល​សាលារៀន​ទួល​ថ្ម ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​មាន​អារម្មណ៍​ភ័យ​បន្តិច ។ ការ​មក​ប្រលង​នេះ​គឺ​មក​ជាមួយនឹង​មិត្តភក្តិ​រួម​ថ្នាក់​ជា​ច្រើន​នាក់ ។ ចំពោះ​សមត្ថភាព​រំពឹង​៥០​ភាគរយ​នឹង​ប្រលង​ជាប់ ជាមួយ​នោះ​នឹង​មាន​បំណង​ចង់ទៅ​សិក្សា​នៅ​រាជធានី​ភ្នំពេញ តែ​អាស្រ័យ​លើ​ស្ថានភាព​ជីវភាព​គ្រួសារ​ផង​ដែរ ។

ចំណែក​លោក លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​វិញ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ឆ្នាំ​២០១៦​នេះ សិស្ស​ដែល​ត្រូវ​បាន​ចូលរួម​ប្រឡង​ទាំងអស់​ចំនួន​៦.១២៤​នាក់ ក្នុង​នោះ​ស្រី​ជាង​៣.៤២៤​នាក់ មាន​១១​មណ្ឌល ក្នុង​នោះ​ក្រុង​កំពង់ចាម​៨​មណ្ឌល ជើងព្រៃ​២​មណ្ឌល និង​កំពង់សៀម​១​មណ្ឌល ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោក​អភិបាលខេត្ត ដោយ​បាន​ជួយ​សម្រួល​ល​កន្លែង​ស្នាក់​នៅ​៣៥០​កន្លែង​ដល់​សិស្ស​ក្រីក្រ​ដែល​មក​ប្រឡង ម៉ូតូ​កង់​ផ្ញើ​មិន​យក​ប្រាក់ ព្រមទាំង​អ្នក​សង្កេតការណ៍​ជាង​៤០០​នាក់ មាន​ទាំង ACU ផង​ដែរ ។

តាម​ការ​ប្រមើល​សិស្ស​អាច​នឹង​ប្រលង​ជាប់​ជាង​៦០​ភាគរយ ព្រោះតែ​មើលឃើញ​សន្ទុះ​ការ​រៀនសូត្រ​របស់​សិស្ស​បាន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា តាម​គោលការណ៍ អ្នកចេះ​ប្រលង​ជាប់ ។ ដោយឡែក​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​សិស្ស ដែល​ប្រឡង​មាន​ចំនួន​៥.៧៣២​នាក់ ស្រី​៣.០២៧​នាក់ ប្រឡង​ជាប់​សរុប​ចំនួន​២.៧៩៤​នាក់ ក្នុង​នោះ​ស្រី​១.៥៩៣​នាក់ ស្មើនឹង​៤៨,៧៤​ភាគរយ អ្នក​ទទួល​បាន​និទ្ទេស A ចំនួន​៥​នាក់​ផង​ដែរ ៕